Saturday, July 5, 2025
Homeសង្គម និងជីវិតអន្ទិតសាន សុជា អ្នកធ្លាប់គាំទ្រស្នើ ឈប់បង្ហាញ រូបភាពលើស ឲ្យមនុស្សបាប

អន្ទិតសាន សុជា អ្នកធ្លាប់គាំទ្រស្នើ ឈប់បង្ហាញ រូបភាពលើស ឲ្យមនុស្សបាប

ភ្នំពេញ ៖ អ្នកដែលធ្លាប់គោរព គាំទ្រ ស្តាប់នូវការសម្តែងព្រះធម៌ របស់អតីតភិក្ខុវជិរប្បញ្ញោ សាន សុជា បាន ស្នើឲ្យអន្ទិតដែលទើបសឹករូបនេះ ឈប់បង្ហាញរូបភាពបែបលើសៗ ឱបថើប កៀកកិតស្និទ្ធស្នាលជ្រុលជា មួយប្អូនស្រីបង្កើត ដែលធ្វើឲ្យមនុស្សមួយចំនួន អាក់សទ្ធា និងមានបាប ដោយសារការយល់ច្រឡំ រហូតអ្នក ខ្លះរិះគន់ ជេរប្រមាថ ដូចជាថ្មីៗនេះ មានបុគ្គលខ្លះថា ដោយសារតែគ្រប់គ្រងតណ្ហាមិនបាន ទើបសឹក ជាដើម ដោយសារតែពួកគេសង្កេតឃើញថា តាំងពីបានលាចាកសិក្ខាបទ (សឹក) ភ្លាម អន្ទិតសាន សុជា បានបង្ហាញ រូបភាពឱបថើប ស្និទ្ធស្នាលជាមួយមនុស្សស្រី (ប្អូនស្រី) ដែលធ្វើឲ្យអ្នកដែលមិនបានស្គាល់ច្បាស់ មានការ យល់ច្រឡំថា ជាគូស្នេហ៍ ឬសង្សារ និងនាំឲ្យអ្នកខ្លះវាយតម្លៃថា ការលាចាកពីឧត្តមភេទ (ព្រះសង្ឃ)របស់ អតីតព្រះធម្មកថិកល្បីរូបនេះ ដោយសារហេតុផលជាប់ជំពាក់នឹងមាតុគ្រាម ឬតណ្ហា ជាដើម។

សូមបញ្ជាក់ថា ភិក្ខុវជិរប្បញ្ញោ សាន សុជា បានលាចាកសិក្ខាបទ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅលើទឹកដីអូស្រ្តាលី បន្ទាប់ពីបានបួសអស់ ៣១ឆ្នាំ និងបានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុង វិស័យ ព្រះពុទ្ធសាសនា តាមរយៈការសម្តែងធម៌ទេសនា និងការបង្រៀនធម៌ដល់ពុទ្ធបរិស័ទ ។

ក្រោយលាចាកសិក្ខាបទភ្លាម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ អន្ទិតសាន សុជា បានបង្ហាញរូបភាពឱប ថើបកៀកកិតស្និទ្ធស្នាលជាមួយប្អូនស្រីបង្កើតម្នាក់ដែលមានប្តីនិងកូនរួចទៅហើយ ដែលទោះបីមហាជន យល់ថា ជាការបង្ហាញនូវក្តីស្រឡាញ់រវាងបងប្អូន តែរូបភាពលើសៗបែបនេះ បានធ្វើឲ្យមនុស្សមួយចំនួន ដែលមិនបានស្គាល់ច្បាស់ មានការយល់ច្រឡំថាជាគូស្នេហ៍ ឬសង្សារ និងវាយតម្លៃខុសថាសឹកដោយ សារគ្រប់គ្រងតណ្ហាលែងបាន ។ល។ និង ។ល។

ទោះបីជាយ៉ាងណា អន្ទិតសាន សុជា មិនបានចេញមុខបកស្រាយបំភ្លឺ ឲ្យមហាជនអស់មន្ទិល ឬបាត់ការ យល់ច្រឡំនោះទេ បែរជាបន្តបង្ហាញរូបភាពស្និទ្ធស្នាល ឱបថើបជាមួយមនុស្សស្រីវ័យក្មេង បែបឌឺទៅអ្នករិះ គន់ថែមទៀត ធ្វើឲ្យមនុស្សមួយចំនួន កាន់តែយល់ច្រឡំ។ ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោកសាន សុជា បានបង្ហោះរូបភាពមួយសន្លឹក ថតលើសាឡុង ក្នុងបន្ទប់ ក្នុងកាយវិការឱបកៀកកិត ស្និទ្ធស្នាលដូចគូសង្សារ ជាមួយនារីវ័យក្មេងម្នាក់ ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក ជាមួយ សំណេរខ្លីថា «រាល់សំណួរ មិនប្រាកដថាត្រូវតែឆ្លើយ បើជាការចោទប្រកាន់ រឹតតែមិនចាំបាច់ឆ្លើយ»។

ក្រៅពីរូបភាព និងសំណេរខាងលើ ក៏មានការទម្លាយរូបភាពលោកសាន សុជា ជាមួយនារីក្មេង (ខ្លះថាប្អូន ស្រីពៅ) ដដែល ថតនៅទីតាំងដដែល ក្នុងកាយវិការថ្នាក់ថ្នម ឱបស្ទាបមុខ ហុចថ្ពាល់ និងរូបថតនៅក្បែររូប សំណាកព្រះថោង តោងស្បៃនាងនាគ នាខេត្តព្រះសីហនុ ក្នុងកាយវិការដូចព្រះថោង តោងស្បៃនាងនាគ និងរូបភាពដើរកៀកដៃគ្នាជាដើម ដែលធ្វើឲ្យបុគ្គលមួយចំនួន ជាពិសេសដែលមាននិន្នាការប្រឆាំង យល់ថា នារីវ័យក្មេងម្នាក់នោះ គឺជាសង្សារ ដោយសារតែការសម្តែងលើសពីភាពជាបងប្អូនបែបនេះ ធ្វើឲ្យមានកាន់ តែយល់ច្រឡំថែមទៀត រហូតមានអ្នកចូលទៅបញ្ចេញមតិថា «កុំជឿខ្លាំងពេក ព្រោះដោយសារគ្រប់គ្រង តណ្ហាមិនបាន ទើបលោកសឹក»។ ក្រៅពីនេះ ក៏មានអ្នកបញ្ចេញយោបល់រិះគន់ ជេរប្រមាថផ្សេងៗជាច្រើនទៀត ជាពិសេសពីក្រុមសាវ័កលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ជាក់ស្តែង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ គណនីហ្វេសប៊ុកឈ្មោះ «RA Dana» ដែលគេដឹងថា ជាក្រុម សាវ័កលោកខឹម វាសនា បាន បង្ហោះរូបភាពអន្ទិតសាន សុជា ឱបកៀកកិតនារីក្មេងៗជាច្រើននាក់ ជាមួយ សំណេរបែបជេរប្រមាថបែប អសុរោះថា «ឥឡូវថាស្រីៗប៉ុន្មាននាក់នេះ សុទ្ធតែជាប្អូនអាខ្ជា ទៅចុះ តែសួរថា ធ្វើសកម្មភាពចឹង សមទេ? សមជាអ្នកពន្យល់ពីសច្ច: ម៉្រាយវាហ្នុងទេ?»។

  គណនីហ្វេសប៊ុក ដដែល បានសរសេរបន្ថែមថា «យើងនិយាយពីសកម្មភាពមិនសមរម្យ ហ្វេនអាខ្ជាថា យើងទើសអាខ្ជាម៉្លេះ អាខ្ជា សឹកហើយ អើ! សឹកហើយធើចរិតដូចឆ្កែដោយញីដោយ ឈ្មោលតាមទីសា ធារណ:អាចឹងហ្មងទៅ»។

ដោយមើលឃើញប្រតិកម្មដែលកើតពីការយល់ច្រឡំទៅលើការបង្ហាញរូបភាពខាងលើនេះ ទើបអ្នកដែលធ្លាប់ គោរព គាំទ្រ បានស្នើឲ្យអន្ទិតសាន សុជា ឈប់បង្ហាញរូបភាពបែបលើសៗ (ឱបរឹតស្និទ្ធស្នាលជ្រុលជាមួយមនុស្សស្រី ឬប្អូនស្រី) បែបនេះទៀត។

ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន ដែលជាអ្នកនិយមគាំទ្រអតីតភិក្ខុសាន សុជា មួយរូប បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ថា «សូមឈប់ ឲ្យមនុស្សមួយចំនួនបាប ដោយសាររូបភាពបែបនេះទៅលោកគ្រូ រាងលើសពីបងប្អូនបន្តិចហើយ មើលដៃប្អូន ស្រីដាក់លើភ្លៅមើលទៅ… បើជាសង្សារ ខ្ញុំគាំទ្រ!  ម្យ៉ាងទៀត ពួកគាត់សុទ្ធតែមានប្តីហើយ ហើយខ្ញុំគិតថាពួក គាត់មិនដែលស្វីតជាមួយប្តីពួកគាត់បែបហ្នឹងផង!

បញ្ជាក់ ៖ ខ្ញុំគោរពស្រលាញ់លោកគ្រូ ទើបខ្ញុំនិយាយ ខ្ញុំចង់និយាយប្រាប់លោកគ្រូ និងប្អូនលោកគ្រូផ្ទាល់ដែរ តែឆាតមិនតប។ ខ្ញុំមិនចង់ឲ្យមនុស្សដែលខ្ញុំគោរពស្រលាញ់ ត្រូវគេយល់ខុសទេ ហើយសូមអ្នកគាំទ្រលោក គ្រូខ្លះ កុំផ្កាប់មុខពេក!»។

អ្នកស្រី លុយ សារីណា ភរិយាលោកស៊ុក សុភា អតីតតារាភាពយន្ត ដែលសព្វថ្ងៃកំពុងរស់នៅប្រទេសអូស្ត្រាលី បានរិះគន់ថា សឹកភ្លាម ទាមទារចំណាប់អារម្មណ៍ជ្រុល និងដោយសារមិនដែលស្គាល់រសជាតិស្វីត ទើបបាន ជាអ៊ីចឹង។

ភរិយាលោកស៊ុក សោភា បានចូលទៅបញ្ចេញយោបល់ក្នុងទំព័រហ្វេសប៊ុក របស់លោកឧកញ៉ា យ៉ន សេងហាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ថា «ទាមទារចំណាប់អារម្មណ៌ជ្រុល សឹកភ្លាមលើសពីមនុស្សដទៃ គាត់មិនដែល បានជួបឬស្គាល់ជាតិ sweet អ៊ីចឹង ដូច្នេះមានតែបណ្ដោយតាមហ្នឹងទៅអូន។ ធាតុពិតម៉េច គឺអ៊ីចឹងហើយមិន បាច់ប្រឹងប្រាប់ឲ្យយល់ទេ»។

ជុំវិញការលើកឡើងរបស់អ្នកគាំទ្រ និងអ្នករិះគន់ខាងលើ «នគរធំ» មិនអាចសុំយបល់ឆ្លើយតបពីលោកសាន សុជា បានទេ កាលពីម្សិលមិញ។ ប៉ុន្តែលោកធ្លាប់បានបញ្ជាក់កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ថា អ្នកដែលដៀមដាម ឬរហូតដល់ជេរប្រមាថលោក ច្បាស់ណាស់ថា ពួកគាត់មិនដែលជ្រះថ្លា នឹងធម្មទានរបស់ លោក តាំងពីលោកនៅជាបព្វជិតម្ល៉េះ នេះជាមូលហេតុដែលលោកមិនចំណាយ កម្លាំងនិងពេលវេលាទៅ ឆ្លើយតប គឺលោកយកចិត្តទុកដាក់ជាមួយតែអ្នកដែលចង់រួមដំណើរជាមួយលោកប៉ុណ្ណោះ៕ ខៀវទុំ

RELATED ARTICLES