ស្វាយរៀង ៖ បុរសម្នាក់ ជាមន្ត្រីនគរបាលពាក់ស័ក្តិ៤ តូចចិត្តជំងឺប្រចាំកាយ ព្យាបាលមិនជា ណាមួយមានបញ្ហា គ្រួសារ រស់នៅបែកគ្នាជាមួយប្រពន្ធ មួយរយៈផង ក៏គិតខ្លី ដកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង ១គ្រាប់ ចំសៀតផ្កា បណ្តាលឱ្យស្លាប់មួយរំពេចក្នុងរថយន្តរបស់ខ្លួន។
ករណីអត្តឃាតកម្ម បាញ់សម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍។
បុរសដែលបាញ់សម្លាប់ខ្លួន មានឈ្មោះសៅ ទិត្យរីណា អាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ពាក់ស័ក្តិ៤ មាន លំនៅ ភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍។
តាមប្រភពពីបុរសចំណាស់ឈ្មោះសៅ សាមាន អាយុ៦២ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានប្រាប់ សមត្ថកិច្ចថា កូនរបស់គាត់ (ជនរងគ្រោះ) កន្លងមក បានកើតមានជំងឺប្រចាំកាយ ជាច្រើនមុខ ហើយព្យាបាល អស់ជាច្រើនឆ្នាំ និងស្ទើរគ្រប់ពេទ្យទៅហើយ នៅតែមិនជា ហើយថែមទាំងគ្រួសារ (ប្តីប្រពន្ធ) មានបញ្ហា ត្រូវរស់ នៅបែកគ្រែមួយរយៈទៀតផង។ ដោយសារតែហេតុផលទាំងនេះ ទើបធ្វើឱ្យកូនប្រុសរបស់គាត់ គិតខ្លី រហូតដល់ បាញ់សម្លាប់ខ្លួនឯងបែបនេះតែម្តង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានករណីមន្ត្រីនគរបាលម្នាក់បាញ់ សម្លាប់ខ្លួន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី និងអ្នកគ្រូពេទ្យមណ្ឌល បានចុះដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវករណីខាងលើ ឃើញថាជនរងគ្រោះ ឈ្មោះ សៅ ទិត្យរីណា ជាមន្ត្រីនគរបាលពាក់ស័ក្តិ៤ បានប្រើកាំភ្លើងខ្លី ម៉ាក (czp07) ពណ៌ខ្មៅ បាញ់ចំស្នៀតផ្កាខាងឆ្វេង បណ្តាលឱ្យស្លាប់នៅក្នុងរថយន្ត នៅផ្ទះរបស់ឪពុកបង្កើតរបស់ខ្លួន។
ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងកោសល្យវិច័យសព ព្រមទាំងស្តាប់ចម្លើយសាក្សីបំភ្លឺ សមត្ថកិច្ចបាន ធ្វើការសន្និដ្ឋានថា ជនរងគ្រោះជាមន្ត្រីនគរបាល ឈ្មោះសៅ ទិត្យរីណា ពិតជាស្លាប់ដោយសារបាញ់សម្លាប់ខ្លួន ប្រាកដមែន។ មូលហេតុ ជនរងគ្រោះតូចចិត្តនឹងជំងឺប្រចាំកាយផង មានវិបត្តិគ្រួសារផង។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕