Friday, November 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការ ឆ្លើយតបឧកញ៉ាព្រមាន ៖ ប្តឹងខ្ញុំទៅ តែកុំភ្លេច មកបំភ្លឺថ្ងៃ២៦មិថុនា

ស្នងការ ឆ្លើយតបឧកញ៉ាព្រមាន ៖ ប្តឹងខ្ញុំទៅ តែកុំភ្លេច មកបំភ្លឺថ្ងៃ២៦មិថុនា

កំពត ៖ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានធ្វើការឆ្លើយ តបទៅក្រុមហ៊ុនពិភពដីមាស ដែលមានអ្នកឧកញ៉ា ហ៊ី គឹមហុង ជាអគ្គនាយក ដែលព្រមានប្ដឹងពីរឿងលោក ចេញលិខិតកោះហៅមកបំភ្លឺ លើបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ជាងបីរយគ្រួសារនោះ ដោយលោស្នងការ បានប្រាប់ទៅអ្នកឧកញ៉ាថា «ប្ដឹងខ្ញុំទៅ តែកុំភ្លេចមកបំភ្លឺ ថ្ងៃ២៦ មិថុនា» ។

 គួរបញ្ជាក់ថា ថ្មីៗនេះ បន្ទាប់ពីមានប្រជាពលរដ្ឋនៅខេត្តកំពត ដាក់ពាក្យប្តឹងលោកអគ្គនាយក និងអគ្គនាយករ ងក្រុមហ៊ុនពិភពដីមាស ចំនួន ៣២៣បណ្តឹង មកស្នងការដ្ឋាននរគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដា្ឋននគរបាលខេត្តកំពត បានចេញលិខិតផ្លូវការ កោះហៅអគ្គនាយក និងអគ្គនាយករងក្រុម ហ៊ុនពិភពដីមាស ដើម្បីមកពិភាក្សាលើបណ្តឹងរបស់ប្រជាពលរដ្ឋទាំងអស់នោះ ។

 នៅក្នុងលិខិតកោះហៅ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកម៉ៅ ច័ន្ទមធុរិទ្ធ  បានកោះហៅឈ្មោះ ហ៊ី គឹមហុង ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (អគ្គនាយកក្រុមហ៊ុនក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក) និងឈ្មោះចេង សង្ហាក់ អាយុ៣៣ឆ្នាំ នៅភូមិ ឈើទាលជ្រំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត (អគ្គនាយករងក្រុមហ៊ុនក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក) ឲ្យចូលមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩ព្រឹក ដើម្បីសាក សួរតាមបណ្ដឹងរបស់ប្រជាពលរដ្ឋ ក្នុងខេត្តកំពត ពីបទ «ឆបោកមានស្ថានទម្ងន់ទោស» ។

 ប៉ុន្តែនៅថ្ងៃដដែលនោះ ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក បានប្រតិកម្មនឹងលិខិតកោះ ហៅរបស់ លោក ស្នងការនគរបាលខេត្តកំពត ដែលបានយកមកបង្ហោះជាសាធារណៈ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ។ ក្រុមហ៊ុន បានចោទលោកស្នងការខេត្តកំពត ថាមានបញ្ហាផ្នែកសតិអារម្មណ៍ និងប្រកាសថា នឹងប្តឹងលោក ស្នងការ ឡើងតុលាការ បើមិនសុំទោសក្រុមហ៊ុន ជាសាធារណៈ ។

សេចក្តីថ្លែងការណ៍បន្ទាន់ ចុះថ្ងៃទីសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក មានខ្លឹមសារថា «ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក មានសេចក្ដីសោកស្ដាយយ៉ាងខ្លាំង ដោយបានឃើញនូវសំណេរបរិហារជាច្រើនលើកច្រើនសាពីសំណាក់ ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ដែលតែងតែ សរសេរវាយប្រហារដោយមិនចេះស្ដាប់ហេតុផល គ្មានគុណធម៌ មកលើក្រុមហ៊ុន ជាពិសេសចំពោះថ្នាក់ដឹកនាំ ដែលមានគោលជំហរដោះស្រាយសម្របសម្រួលជាមួយអតិថិជន ព្រមទាំងបានផ្សព្វផ្សាយតាមសារ ព័ត៌មាន ទៀតផង ។ ជាក់ស្ដែងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះទៀតសោត លោកបានយកលិខិតកោះហៅ បង្ហោះ ជាសាធារណៈ ដោយឥតមានការអៀនខ្មាស ដែលជាហេតុនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ដល់ កិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន និងនាំទៅដល់ការបាត់បង់ផលប្រយោជន៍ដល់អតិថិជនផងដែរ ។

ប្រការនេះ ក្រុមហ៊ុនសូមស្នើសុំការអន្តរាគមន៍ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សូមមេត្តាជួយ ស្វែងរកយុត្តិធម៌ដល់ក្រុមហ៊ុន និងបងប្អូនអតិថិជន ។ ស្នើសុំសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ដើម្បីចុះពិនិត្យលើភាពមិនប្រក្រតីចំពោះប្រធានអង្គភាពខាងលើ ក្នុងការណែនាំអំពីវិជ្ជាជីវៈរបស់នគរបាល ឲ្យបានប្រសើរឡើងវិញផង បើពុំនោះទេ ក្រុមហ៊ុន និងអតិថិជន ដែលជាប្រជាពលរដ្ឋស្លូតត្រង់ នឹងមិនអាច បន្តប្រកបរបរចិញ្ចិមជីវិត ឬបង្កើតជាអាជីវកម្មបានរលូនឡើយ» ។

 សេចក្ដីថ្លែងការណ៍បន្ទាន់ របស់ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក បានបន្តថា « ពិតណាស់ កន្លងមក ក្រុមហ៊ុនបានទទួលស្គាល់ថា សេវាកម្មរបស់ក្រុមហ៊ុន ពិតជាមានសភាពយឺតយ៉ាវបន្តិចមែន តែមិនមែន មានន័យថា ក្រុមហ៊ុនបោះបង់ការទទួលខុសត្រូវនោះឡើយ ហេតុនេះបានជាកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុនបានធ្វើសេចក្ដីជូនដំណឹងស្ដីពីការរៀបចំធ្វើបច្ចុប្បន្នភាព និងសម្របសម្រួលការបម្រើ សេវា កម្មជូនអតិថិជន ហើយក៏បានឯកភាពថា យ៉ាងយូរត្រឹមចុងខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុននឹងរៀបចំឲ្យស្ថាន ភាពរលូនឡើងវិញ ។ ជាក់ស្ដែងទៅទៀតនោះ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ បងប្អូនអតិ ថិជនជាច្រើនក៏បានចូលរួមសហការយ៉ាងល្អ ក្រោមការដោះស្រាយ និងសម្របសម្រួលដោយផ្ទាល់ ជាមួយ អ្នកឧកញ៉ា ហ៊ី គឹមហុង ជាប្រធានក្រុមប្រឹក្សាភិបាល ស្របតាមគោលការណ៍ឯកភាពដូចបានរៀបរាប់ខាងលើ និងតាមផែនការនៃការទូទាត់ផលចំណេញនៅសល់ថា ៖

          ១. សម្រាប់ខែមេសា ឆ្នាំ២០២៣ ត្រូវទូទាត់ជូនចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ តទៅ

          ២. សម្រាប់ខែឧសភា ឆ្នាំ២០២៣ ត្រូវទូទាត់ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ តទៅ

          ៣. សម្រាប់ខែមិថុនា ឆ្នាំ២០២៣ ត្រូវទូទាត់ជូនចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ តទៅ

          ៤. សម្រាប់ខែកក្កដា ឆ្នាំ២០២៣ ត្រូវទូទាត់ជូនចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ តទៅ

          ៥. សម្រាប់ខែសីហា ឆ្នាំ២០២៣ ត្រូវទូទាត់ជូនចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ តទៅ ។

 ជាអកុសល ពេលនេះ ដោយមានការរំខានតាមបណ្ដាញសង្គម ពីអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពត ម្ដងហើយម្ដងទៀត ប្រៀបដូចជាល្បែងក្មេងលេង ធ្វើឲ្យស្ថានការណ៍មានសភាពរង្គោះរង្គើជាលំដាប់ ។ ក្រុមហ៊ុនមិនយល់ទេថា តើប្រធានអង្គភាពនេះ មានបំណងយ៉ាងណាឲ្យពិតប្រាកដ ចំពោះការខិតខំរបស់ ក្រុមហ៊ុន? ទោះបានចម្លើយយ៉ាងណា ក្រុមហ៊ុនសូមប្រកាសថា ផែនការដោះស្រាយសម្របសម្រួលរបស់ ក្រុមហ៊ុន ប្រសិនបើមិនអាចដំណើរការទៅមុខតាមការគ្រោងទុកមែន គឺជាចំណែកដ៏ធំនៃការកកូរកកាយ ពីសំណាក់អង្គភាពអង្គភាពស្នងការដ្ឋាននគរបាល់ខេត្តកំពត នេះឯង ព្រោះជាធម្មតាក្រុមហ៊ុនមានការ ទទួលខុសត្រូវ ចំណែកអតិថិជនស្រលាញ់ក្រុមហ៊ុន ចង់ឲ្យក្រុមហ៊ុនមានការដោះស្រាយ និងមានការរីកចម្រើន ពូកគាត់សុខចិត្តយកការសម្របសម្រួល ។

 ជម្រើសចុងក្រោយរបស់ក្រុមហ៊ុន ក្នុងករណីអង្គភាពនេះមិនកែសម្រួល ឈប់ធ្វើទង្វើញុះញង់បែបនេះ និង សុំទោសជាសាធារណៈមកក្រុមហ៊ុន និងអតិថិជននោះទេ ក្រុមហ៊ុននឹងបន្តធ្វើ ៣ចំណុច គឺ ៖ ១. ឆ្លើយតបតាម បណ្ដាញសង្គមទៅវិញ ។ ២. ស្នើសុំការអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្នើសម្ដេចក្រ ឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ពិនិត្យមើលសតិអារម្មរបស់ថ្នាក់ដឹកនាំអង្គភាពនេះ និងដាក់ពិន័យលើ វិជ្ជាជីវ. ។ ៣. ប្ដឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ ទៅតុលាការ ដើម្បីស្វែងរកយុត្តិធម៌» ។

ឆ្លើយតបការព្រមានប្ដឹងរបស់ក្រុមហ៊ុនពិភពដីមាស ខាងលើនេះ  នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ លោកម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា “ក្រុមហ៊ុនពិភពដីមាស ស្នើសុំថ្នាក់ដឹកនាំពិនិត្យបញ្ហា សតិអារម្មណ៏របស់ខ្ញុំ ពាក់ព័ន្ធខ្ញុំដំណើរការនីតិវិធីលើបណ្តឹងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពត 259គ្រួសារ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនជិត ៥លានដុល្លារ។ បើខ្ញុំមានបញ្ហាសតិអារម្មណ៍ គឺដោយ សារការអាណិតប្រជាពលរដ្ឋដែលត្រូវរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាសនេះឯង» ។

លោកស្នងការ បានបន្តថា «ក្រុមហ៊ុនពិភពដីមាស ស្អែក (១៨ មិថុនា) អាចដាក់ពាក្យបណ្តឹងមកលើរូបខ្ញុំបាន តែកុំភ្លេចថ្ងៃទី 26.06.23 ឡើងមកបំភ្លឺបណ្តឹងរបស់ប្រជាពលរដ្ឋខ្ញុំ“ ។

  លោកម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់បន្ថែម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ថា “ស្តាប់ឲ្យច្បាស់ ក្រុមហ៊ុន ពិភពដីមាស បើខ្ញុំសុំទោសក្រុមហ៊ុនពិភពដីមាសឯង ស្មើនឹងខ្ញុំក្បត់មនសិការនិងឧត្តមគតិរបស់ខ្ញុំ ជាពិ សេសគឺក្បត់ចំពោះបងប្អូន 323គ្រួសារដែលបានមកដាក់បណ្តឹង ដើម្បីរកយុត្តិធម៌សម្រាប់ពួកគាត់“ ។

 ជាមួយគ្នានោះ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកំពត បានចេញសេចក្តីបំភ្លឺព័ត៌មាន ដែលមានខ្លឹមសារថា «ស្នងការដ្ឋាននគរបាលខេត្តកំពត  បានឃើញសេចក្តីថ្លែងការណ៍បន្ទាន់ របស់ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក លិខិតលេខ ៣៨៨/២៣ កពម ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដែលបានចោទ ប្រកាន់មកលើការអនុវត្តនីតិវិធីរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ប្រសិនបើក្រុមហ៊ុនមានគោល ជំហរ ច្បាស់លាស់ក្នុងការដោះស្រាយជាមួយប្រជាពលរដ្ឋ ហេតុអ្វីពាក្យបណ្ដឹងនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ។

ជុំវិញករណីនេះ ស្នងការដ្ឋាននគរបាលខេត្ត សូមបំភ្លឺជូនដូចខាងក្រោម ៖​  គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ស្នងការដ្ឋាន បានទទួលបណ្ដឹងពីប្រជាពលរដ្ឋ រស់នៅខេត្តកំពត ចំនួន៣២៣បណ្ដឹង សរុបទឹកប្រាក់ដែលបានវិ និយោគជាមួយក្រុមហ៊ុន មានចំនួន ៦ ១៦២ ៧០០ដុល្លារ (ប្រាំមួយលានមួយសែនប្រាំមួយម៉ឺនពីរពាន់ប្រាំពីររយ ដុល្លារ) ។

  នៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក ដែលបានចោទប្រកាន់មក លើអង្គភាព ស្នងការដ្ឋាននគរបាលខេត្តកំពត ថាជាដើមចមបង្កឲ្យមានវិវាទរវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ ដែលជារឿង ហួស ចិត្តបំផុត ហេតុអ្វីបានជាក្រុមហ៊ុនចង់ទម្លាក់កំហុសមកលើស្ថាប័នដែលជាអ្នកអនុវត្តច្បាប់ទៅវិញ? ក្នុងនាមជាមន្រ្តីនគរបាលយុត្តិធម៌ ដែលមានតួនាទីការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ស្នងការដ្ឋានមិន មានចេតនាក្នុងការរារាំងដល់ដំណើរការអាជីវកម្មស្របច្បាប់ចំពោះក្រុមហ៊ុនណាមួយឡើយ ។

 តាមការបញ្ជាក់ទាំងភ្នែករបស់ប្រជាពលរដ្ឋ គឺក្រុមហ៊ុនបានព្រមព្រៀងនឹងផ្តល់អត្ថប្រយោជន៍ជូនពួកគាត់ ដោយមានកិច្ចសន្យា (កុងត្រា) ប៉ុន្តែក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ ក្រុមហ៊ុនមិនបានគោរពតាម កិច្ចសន្យា ពោលគឺមិនបានផ្ដល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុន ជាហេតុនាំឲ្យ ប្រជាពលរដ្ឋបីរយជាងគ្រួសារ (ស្មើ៣២៣បណ្ដឹង) បានឡើងមកជួបអភិបាលខេត្ត និងមកដាក់ពាក្យបណ្ដឹងនៅ ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីស្នើសុំអន្តរាគមន៍ ព្រោះប្រជាពលរដ្ឋក្នុងម្នាក់ អស់ថវិការាប់ម៉ឺនដុល្លារ ដែលយកទៅវិនិយោគនោះ គឺពួកគាត់ទាំងអស់បានកម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ ។ ដូចនេះស្នងការដ្ឋាននគរបាលខេត្ត ចាំបាច់ត្រូវចាត់ការតាមនីតិវិធី មិនដូចការលើកឡើងរបស់ ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសម៉ឹន ឯ.ក ដែលចោទថា មិនចេះស្ដាប់ហេតុផល គ្មានគុណធម៌មកលើក្រុមហ៊ុននោះទេ ។

 ជាចុងក្រោយ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា ស្ថាប័នស្នង ការដ្ឋាន ជាអ្នកបង្កផលរំខានដល់ការដោះស្រាយវិវាទរវាងក្រុមហ៊ុន ជាមួយអតិថិជនរបស់ខ្លួន ។

          អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន»៕ កុលបុត្រ

RELATED ARTICLES