បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ក្រោយពីម្តាយរបស់ខ្លួនបានទទួលមរណភាព ស្រាប់តែមានអារម្មណ៍ខូចចិត្ត ផឹកស្រាស្រវឹងជាប្រចាំ ហើយចេះតែទទូចសុំទៅតាមម្តាយ ដោយប៉ុនប៉ងសម្លាប់ខ្លួន ជាច្រើនដងមកហើយ តែ ត្រូវបានប្រពន្ធកូន និងអ្នកស្រុកភូមិ ជួយទាន់រហូត លុះចុងក្រោយ ឆ្លៀតពេលប្រពន្ធភ្លេចខ្លួន បុរសជាប្តីបាន យកខ្សែរត់ទៅចងកស្លាប់នៅលើដើមឈើ ខាងក្រោយផ្ទះ។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចដើមឈើ ខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងក្រុមទី៧ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។
បុរសដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះនី ភា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងក្រុម ទី៧ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។
តាមការបំភ្លឺពីឈ្មោះសុខ ចម្រើន ភេទស្រី អាយុ៥២ឆ្នាំ ដែលត្រូវជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ ឈ្មោះនី ភា កន្លងមកមិនមានអ្វីខុសប្រក្រតីនោះទេ និងចេះហូបស្រាដែរ តែមិនប្រមឹកនោះទេ។ លុះក្រោយមក បន្ទាប់ពីម្តាយរបស់គាត់ (ប្តី) បានទទួលមរណភាពទៅ ស្រាប់តែប្តីរបស់គាត់ កើតមានអារម្មណ៍ ខូចចិត្ត តែងផឹកស្រាជាប្រចាំ ហើយពេលស្រវឹងម្តងៗ ចេះតែទទូចសុំទៅតាមម្តាយ រហូតដល់ធ្លាប់ប៉ុនប៉ង សម្លាប់ខ្លួន ជាច្រើនដងមកហើយ ប៉ុន្តែត្រូវបានគាត់ជាប្រពន្ធ និងក្រុមគ្រួសារ ព្រមទាំងអ្នកស្រុកភូមិ ប្រទះឃើញ និងជួយសង្គ្រោះទាន់រហូត ហើយចេះតែព្យាយាមអង្វរលួងលោមប្តីកុំឱ្យគិតខ្លីដែរ តែមិននឹកស្មានថាប្តីនៅតែ បន្តចិញ្ចឹមចិត្តផ្តាច់ជីវិតខ្លួនឯងទាល់តែបានបែបនេះសោះ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា មុនពេលកើតហេតុ គ្រាដែលគាត់ភ្លេចខ្លួនបន្តិច ស្រាប់តែបាត់ប្តីពីផ្ទះមិន ដឹងទៅណា ទើបធ្វើឱ្យពួកគាត់ផ្អើលឆោឡោ ដើរតាមស្វែងរក រហូតមកដល់វេលាម៉ោងប្រហែល ៨និង១០នាទី យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក៏ប្រទះឃើញប្តីរបស់គាត់ បានយកខ្សែកាប្លិ៍ចងកទៅនឹងមែកឈើ ស្លាប់បាត់ ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។
ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា សហការជាមួយសមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕