ឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ ចូលចិត្តផឹកស្រាស្រវឹងជាប្រចាំ លុះស្រវឹងជោក បានធ្វើសកម្មភាពវាយបំផ្លាញម៉ូតូ ធ្វើឱ្យបុរសជាប្តីខឹងសម្បា ក៏ទាញកាំភ្លើងច្នៃ បាញ់ប្រពន្ធចំនួន២គ្រាប់ រួចទាញសោម៉ូតូយកទៅចាក់ចំជើងប្រពន្ធ បណ្តាលឱ្យមុតយ៉ាងជ្រៅ រងរបួសយ៉ាង ដំណំ និងត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនបុរសជាប្តី នាំយក ទៅចាត់ការតាមច្បាប់។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១០នាទីព្រលប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិសាមគ្គី ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែង។
ជនបង្កជាប្តី ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគង់ ណាត អាយុ៥២ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះសឿង សារិ អាយុ៣៨ឆ្នាំ។ ប្តីប្រពន្ធទាំង២នាក់ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មានករណីហិង្សាក្នុងគ្រួសារមួយ កើតឡើងនៅចំណុចភូមិសាមគ្គី ឃុំត្រ ពាំងប្រីយ៍ ស្រុកអន្លង់វែង ដែលបង្កឡើងដោយជនសង្ស័យជាប្តី ឈ្មោះគង់ ណាត បានយកកាំភ្លើងច្នៃ បាញ់ជន រងគ្រោះជាប្រពន្ធ ឈ្មោះ សឿង សារី បណ្តាលឱ្យត្រូវភ្លៅ ២គ្រាប់ និងចាក់នឹងកូនសោម៉ូតូ ត្រូវភ្លៅខាងស្តាំ មុត ជម្រៅ៣សង់ទីម៉ែត្រ រងរបួសធ្ងន់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។
ក្រោយកើតហេតុ លោកអធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញ និងប៉ុស្តិ៍នគបាលរដ្ឋបាលត្រពាំងប្រីយ៍ ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ឃាត់ខ្លួនជនសង្ស័យជាប្តី និងបានដកហូតវត្ថុតាង កាំភ្លើងខ្យល់ ១ដើម ដែលរក្សាទុកខុសច្បាប់ក្នុងផ្ទះ យកមកកាន់អធិការដ្ឋាន នគរបាលស្រុកអន្លង់វែង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាលើប្រពន្ធប្រាកដ មែន មូលហេតុដោយសារខឹងប្រពន្ធស្រវឹងស្រា និងវាយបំផ្លាញម៉ូតូ។
ជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕