ពោធិ៍សាត់ ៖ បុរស២នាក់ ត្រូវជាបងប្អូនបង្កើត បានអង្គុយផឹកស៊ីជល់កែវគ្នា រហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ស្រាប់តែនិយាយគងពាក្យសម្តីគ្នា ក្លាយជាជម្លោះហិង្សា ដោយភាគីបងប្រុស បានទាញចបកាប់ វ៉ៃក្បាលប្អូន បង្កើត ១ត្បូងចប បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកជនដៃដល់ ជាបងប្រុស ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សារវាងបងប្អូនបង្កើតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារំលងអធ្រាត្រឈាន ចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនដៃដល់ជាបងប្រុសបង្កើត ដែលវាយប្អូនបណ្តាលឱ្យរង របួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរី ហុង ហៅលីប អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង។ ចំណែកជនរងគ្រោះជា ប្អូនប្រុស មានឈ្មោះរី ហេង ហៅអាចំបើង អាយុ២៧ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅក្នុងបន្ទុកគ្រួសារតែមួយ។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្កហេតុ ដែលជាបងប្អូនបង្កើតបាន ទិញស្រាមកអង្គុយផឹកជាមួយគ្នា រហូតដល់ពាក់កណ្តាលអធ្រាត្រ ចាប់ផ្តើមស្រវឹងជោករៀងខ្លួន មិនដឹងថា មានរឿងអ្វី ស្រាប់តែអ្នកទាំងពីរបានកើតមានជម្លោះតឹងសរសៃកដាក់គ្នា រហូតឈានដល់អំពើហិង្សា ដោយភាគីបងប្រុសបានទាញចបកាប់ វ៉ៃប្អូនប្រុសបង្កើត ១ត្បូងចប ចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែកជនដៃដល់ជាបងប្រុស ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងដកហូតវត្ថុតាង បញ្ជូនទៅកាន់អធិការ ដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីចាត់ការបន្តតាមនីតិវិធី៕