ភ្នំពេញ ៖ បុរសម្នាក់ បានអះអាងថា ខ្លួនកំពុងបើកររថយន្តតាមផ្លូវ (មិនច្បាស់ថាបំពានភ្លើងក្រហមឬអត់) ស្រាប់ តែមានប៉ូលិសចរាចរណ៍ម្នាក់ បានចេញមកស្ទុះលោតតោងលើឡានរបស់ខ្លួន ក្រោយមកក៏មានប៉ូលិស ២នាក់ ទៀត បានជិះម៉ូតូមកតាម ហើយបានយកវិទ្យុទាក់ ទង (អាយកូម) វាយបំបែកកញ្ចក់ឡានខាងមុខរបស់ខ្លួន ប៉ុន្តែ ករណីនេះ ត្រូវបានសមត្ថកិច្ច ចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ ទម្លាក់កំហុស មកលើមន្ត្រីអនុវត្តច្បាប់ ទាំងដែលអ្នកបើកបរបើកបំពានភ្លើងស្តុប រួចព្យាយាមបើកបំបុកសមត្ថកិច្ចទៀតផង។
យោងតាមប្រភពពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ថា «ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរ បាលរាជ ធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធព័ត៌មានទាក់ទងទៅនឹងការបង្ហោះវីដេអូ ចែកចាយតាម បណ្តាញសង្គម ថាមានករណីសមត្ថកិច្ចវាយបំបែកកញ្ចក់រថយន្ត គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងគោល បំណងអាក្រក់ ទម្លាក់កំហុសមកលើមន្ត្រីអនុវត្តច្បាប់។ អ្នកបើកបរឡានល្មើសភ្លើងស្តុប នៅចំណុចភ្លើងស្តុប ផ្សារដីហុយនោះ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។
សេចក្តីបំភ្លឺដដែល បានបញ្ជាក់ថា តាមការពិតជាក់ស្តែង នៅវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ មានរថយន្ត ១គ្រឿង ម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ 2BT-0591 បានបើកបរល្មើស ភ្លើងសញ្ញាចរាចរណ៍ (ល្មើសភ្លើងស្តុបក្រហម) នៅចំណុចស្តុបស្ពានអាកាសផ្សារដីហុយ។ ពេលនោះសមត្ថ កិច្ចបានចេញមកឃាត់ តែអ្នកបើកបរមិនត្រឹមតែមិនព្រមឈប់ ថែមទាំងបន្ថែមល្បឿនបើកបុកសមត្ថកិច្ចទៀត ផង។
សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា ដោយឃើញស្ថានភាពបែបនេះ សមត្ថកិច្ច បានផ្តេកខ្លួនទៅលើរថយន្ត។ ចំណែកអ្នកបើកបររថយន្ត មិនព្រមឈប់ នៅតែបើកបរទៅមុខ រហូតដល់ ចម្ងាយជាង ១គីឡូម៉ែត្រ។ ដោយមានការចេញជួយឃាត់ពី ប្រជាពលរដ្ឋនៅម្តុំនោះ ទើបរថយន្តបង្កហេតុ ព្រមឈប់ ជាសំណាងល្អ ដែលមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សមត្ថកិច្ច ត្រឹមតែរងរបួសតែប៉ុណ្ណោះ។
សេចក្តីបំភ្លឺបញ្ជាក់ថា ពេលនេះ សមត្ថកិច្ចជំនាញ កំពុងឃាត់ខ្លួនម្ចាស់រថយន្ត យកមកការិយាល័យ នគរបាល ចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បី អនុវត្តបន្តតាមនីតិវិធី។
ជុំវិញករណីខាងលើនេះ បុរសអ្នកបើកបររថយន្តបង្កហេតុដែលប៉ូលិសឃាត់នោះ បានប្រាប់ក្រុមអ្នកថតផ្សាយ ផ្ទាល់តាមហ្វេសប៊ុក នៅក្រោយពេលកើតហេតុ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ថា លោកមិនច្បាស់ថា ឆ្លងភ្លើងស្តុបក្រហម ឬយ៉ាងណាទេ តែពេលចាប់ឃាត់នោះ ប៉ូលិសបានលោតមកតោងលើឡានរបស់លោក ហើយនៅពេលលោកឈប់ ក៏ត្រូវប៉ូលិស ២នាក់ទៀត ដែលជិះម៉ូតូមកតាម ហើយមានប៉ូលិសម្នាក់ បានយកវិទ្យុ ទាក់ទង វាយបំបែកកញ្ចក់ឡានខាងមុខរបស់លោក។ លុះពេលគាត់បើកឡាន មករកខុសត្រូវនៅ បន្ទប់ប៉ូលិស ក្រោមស្ពានអាកាសផ្សារដីហុយ ហើយភ្លាមៗ ប៉ូលិសដែលវាយបំបែកកញ្ចក់ឡាននោះ បានគេចខ្លួនបាត់៕