ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីផឹកស្រា ស្រវឹងធ្លាក់ភ្នែកក៏រករឿងឈ្លោះប្រកែកជាមួយ អ្នកជិតខាង លុះសមត្ថកិច្ចចុះសម្របសម្រួល ត្រូវរ៉ូវគ្នាហើយ មិនព្រមចូលដេក បែរជាទាញ ថ្មម៉ាបគប់ចំស្ត្រីម្នាក់ បណ្តាលឱ្យរយះក្បាល រងរបួសធ្ងន់ កាលពីវេលាម៉ោង៨និង៣០នាទី យប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នៅចំណុច ផ្ទះលេខ 12M ផ្លូវលំ ក្រុម៩ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនបង្កហេតុឈ្មោះសុំ សង់ ហៅសង្ហា អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ បន្ទប់ជួលលេខ២៧ ភូមិកើតហេតុខាងលើ និង មានស្រុកកំណើតនៅភូមិព្រៃឈ្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះឆិល សារុន ហៅបាក់ អាយុ៤៨ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះជួលក្បែរគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនបង្កហេតុបាន ផឹកស្រាស្រវឹងជោក រួចក៏បានទាស់សម្តីគ្នាជាមួយនឹងអ្នកជិតខាង។ លុះក្រោយពីកើតមាន ទំនាស់ សមត្ថកិច្ចបានចុះសម្របសម្រួលភាគី ទាំង២ឱ្យត្រូវរ៉ូវគ្នា តែជនបង្កមិនព្រមចូលដេក នៅតែមួម៉ៅក្តៅចិត្តមិនបាត់ ក៏ស្ទុះទៅទាញថ្ម ម៉ាប១ដុំ គប់ទៅត្រូវស្ត្រីរងគ្រោះ បណ្តាលឱ្យ បែកក្បាលហូរឈាមស្រោចខ្លួនតែម្តង។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបាន សាច់ញាតិ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បី ព្យាបាលរបួសដោយត្រូវក្រុមគ្រូពេទ្យ ដេរមុខ របួសចំនួន៨ថ្នេរ។
ដោយឡែក ជនបង្កហេតុត្រូវបានសមត្ថ- កិច្ច ចាប់ឃាត់ខ្លួនបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ មុននឹងរៀប ចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្ត តាមនីតិវិធី៕ សុខ ស៊ីឌី