ភ្នំពេញ ៖ លោកសុង ប៊ុណ្ណារិទ្ធិ ចៅក្រមជំនុំជម្រះសាលា ដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសសាលក្រមផ្តន្ទទោសលើសំណុំរឿងឈ្មួញគ្រឿងញៀន២នាក់ ដោយម្នាក់ ដាក់ពន្ធនាគារ អស់មួយជីវិត និងម្នាក់ទៀត ជាប់ពន្ធនាគារ២៥ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋ ក្នុងម្នាក់៤០លានរៀល ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
សាលក្រមបានប្រកាសធ្វើឡើងជាសាធារណៈ និងបានទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍ តាមកំណត់ច្បាប់ បើសិនភាគី ណាមួយកើតទុក្ខមិនសុខចិត្តចំពោះការកាត់ក្តីនេះ។
ជនជាប់ចោទទាំង២នាក់ ទី១-ឈ្មោះហ៊ីម ឆេងហ៊ួរសុដាវីដ ភេទប្រុស អាយុ២២ឆ្នាំ ត្រូវបានសាលក្រមផ្តន្ទ ទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ ចំនួន៤០លានរៀល និងទី២-ឈ្មោះហ៊ាត រ៉ូ ហៅតោ ភេទប្រុស អាយុ២៧ឆ្នាំ សាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ ២៥ឆ្នាំ និងពិន័យជាប្រាក់ ចំនួន៤០លានរៀល។
គួររំលឹកថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ កន្លងទៅ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនឈ្មួញគ្រឿងញៀន ២នាក់ ឈ្មោះហ៊ីម ឆេងហ៊ួរសុដាវីដ និងឈ្មោះហ៊ាត រ៉ូ ហៅតោ រួមនិងវត្ថុតាង សារធាតុញៀន ជាង២៦គីឡូក្រាម ទៅតុលាការ ហើយត្រូវបានតុលាការសម្រេចចោទប្រកាន់ជាផ្លូវការ និង ឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថ បង្ក្រាបបានជាក់ស្តែង កាលពីវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ A6-1577 ផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ កម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាង រួមមានសារធាតុញៀន ចម្រុះ សរុបជាង២៦គីឡូក្រាម។ សារធាតុផ្សំជាវត្ថុរាវ ចំនួន១៥ដប។ ជញ្ជីងថ្លឹង ចំនួន៥។ ម៉ាស៊ីនសម្រាប់លាយ ថ្នាំញៀន ចំនួន២គ្រឿង ម៉ាស៊ីនសម្រាប់អ៊ុតថង់ប្លាស្ទិក ចំនួន៥គ្រឿង រួមនិងឧបករណ៍វេចខ្ចប់មួយចំនួនទៀត៕