ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ១គ្រឿង ដឹកស្ត្រីម្នាក់ ក្នុងល្បឿនយ៉ាងលឿន រួចរេចង្កូតទៅបុកបង្គោលភ្លើង ១ដើម យ៉ាងពេញទំហឹង បណ្តាលឱ្យបាក់ទ្រេតជិតដល់ដី។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក តូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BP-9200 ដោយរួមដំណើរជាមួយនារីម្នាក់ទៀត ធ្វើដំណើរ តាមផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ពុំដឹងមាន បញ្ហាអ្វី ស្រាប់តែរថយន្តបានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ពេញទំហឹង បណ្តាលឱ្យ បាក់អស់មួយដើម ទ្រេតជិតដល់ដី ចំណែករថយន្តបង្កហេតុ ខូចខាតផ្នែកខាងមុខ តែសំណាងល្អនៅក្នុងហេតុ ការណ៍នេះ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឱ្យចុះមកធ្វើកំ ណត់ហេតុ រួចស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕