ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើការបំភ្លឺជុំវិញសំណួរដែលតែង តែបានចោទសួរថា តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅណា?
អាវុធហត្ថរាជធានីភ្នំពេញ បានបំភ្លឺថា នៅពេលដែលសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន គឺត្រូវរាយការណ៍ ជូនព្រះរាជអាជ្ញា ស្តីពីចំនួនជនសង្ស័យដែលបានឃាត់ខ្លួន និងចំនួនវត្ថុតាងដែលបានដកហូត ដោយវត្ថុតាង ទាំងអស់ គឺសុទ្ធតែមានកំណត់ហេតុ ទទួលស្គាល់ដោយជនសង្ស័យ និងបានវេចខ្ចប់នៅចំពោះមុខជនសង្ស័យ ហើយបិទកញ្ចប់នោះជិត មានហត្ថលេខាសមត្ថកិច្ច និងស្នាមមេដៃជនសង្ស័យ លើមាត់កញ្ចប់។ បន្ទាប់មក សមត្ថកិច្ចត្រូវកសាងសុំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅកាន់អយ្យការអមសាលាដំបូង ឱ្យបានមុន ៤៨ម៉ោង។
ពេលព្រះរាជអាជ្ញា សាកសួរជនសង្ស័យរួច នឹងធ្វើការចោទប្រកាន់ ហើយបញ្ជូនទៅចៅក្រមស៊ើប សួរពិនិត្យ និងសម្រេច ឃុំខ្លួនបណ្តោះអាសន្ន។ រីឯវត្ថុតាង មិនទាន់ត្រូវបានហែកកញ្ចប់ភ្លាមនោះទេ គឺត្រូវយកទៅរក្សា ទុកក្នុងឃ្លាំងសុវត្ថិភាព រង់ចាំរយៈពេលកន្លះខែ ទៅ១ខែ ទើប ចៅក្រមស៊ើបសួរ ធ្វើលិខិតបង្គាប់ទៅពន្ធនាគារ ឱ្យនាំខ្លួនពិរុទ្ធជន ឬជនសង្ស័យ មកពីពន្ធនាគារ និងអញ្ជីញមន្ត្រីនគរបាលយុត្តិធម៌ម្ចាស់ករណី មកបើកកញ្ចប់ គ្រឿងញៀននៅចំពោះមុខចៅក្រម ជាមួយគ្នា ដើម្បីយកសំណាកមកវេចខ្ចប់នៅចំពោះមុខជនសង្ស័យ រួច បញ្ជូនទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្តរកភាពសុទ្ធនៃគ្រឿងញៀន សម្រាប់ដាក់ជូន លោកចៅក្រមជំនុំជម្រះ កាត់ទោសជនសង្ស័យ។
នៅថ្ងៃសវនាការជំនុំជម្រះ ចៅក្រម យកកំណត់ហេតុខាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មកអានឱ្យ ជនសង្ស័យស្តាប់ អំពីភាពសុទ្ធនៃគ្រឿងញៀនរបស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ចនិង ចំពោះមុខជន សង្ស័យ ហើយជនសង្ស័យផ្តិតមេដៃទទួលស្គាល់ និងសមត្ថកិច្ចចុះហត្ថលេខាក្នុងសៀវភៅរបស់ក្រឡាបញ្ជី រួចទើបធ្វើការកំណត់ថ្ងៃ ឱ្យខាងពន្ធនាគារ នាំជនសង្ស័យមកស្តាប់ការប្រកាសសាលក្រម និងកំណត់ទោស ដែលពួកគេបានប្រព្រឹត្ត។
បន្ទាប់ពីជនសង្ស័យត្រូវបានចៅក្រមជំនុំជម្រះ និងកំណត់ទោសចប់សព្វគ្រប់ នោះវត្ថុតាងគ្រឿងញៀនទាំងអស់ នឹងត្រូវបានយកទៅដុតបំផ្លាញចោល ដែលនៅរាជធានីភ្នំពេញ ច្រើនធ្វើការដុតបំផ្លាញក្នុងទិវាអន្តរជាតិ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ជារៀងរាល់ឆ្នាំ។
ជាក់ស្តែង កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ មានការប្រារព្ធពិធីដុតបំផ្លាញគ្រឿងញៀន ជិត៦តោន នៅបរិ វេណមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាត កោះពេជ្រ ក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមាន ការចូលរួមការពារសន្តិសុខ ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ៕