ភ្នំពេញ ៖ ករណីម្ចាស់ផលិតកម្មមួយ ត្រូវបានតួសម្ដែងស្រី ប្ដឹងចោទប្រកាន់ពីបទបង្ខំឲ្យថតអាសអាភាសនោះ ទីប្រឹក្សានិងជំនួយការសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជួយអន្តរាគមន៍តាមផ្លូវច្បាប់ ក្មេងស្រីរងគ្រោះ ដោយបញ្ជាក់ថា លោកបានទំនាក់ទំនងទៅនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរួចហើយ ព្រមទាំងបានស្នើសុំមេធាវីស្ម័គ្រចិត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ មិនឲ្យជនល្មើសទាំងនោះរួចខ្លួនជាដាច់ខាត ។

គួរបញ្ជាក់ថា ថ្មីៗនេះ មាននារីវ័យក្មេងជាច្រើននាក់ ដែលមួយចំនួនជាអនីតិជន បានដាក់បណ្ដឹងទៅនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ស្នើសុំជួយរកយុត្តិធម៌ជូនពួកនាង ដែលពួកនាងបានចោទប្រកាន់ម្ចាស់ផលិតកម្ម Life Film បង្ខំពួកនាងថតរឿងអាសអាភាស និងថតបង្ហោះវីដេអូស្រើបស្រាលជាមួយតួប្រុស តាមបណ្ដាញសង្គម ហ្វេសប៊ុក ។
ជាមួយគ្នានេះ លោកលី សាម៉េត ទីប្រឹក្សាសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកដួង តារា ជំនួយការសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលបណ្ដឹងសុំអន្តរាគមន៍ពីក្មេងស្រីទាំងនោះផងដែរ។

លោកលី សាម៉េត បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ថា “ខ្ញុំបាទ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត (លី សាម៉េត) សូមជម្រាបបងប្អូនកូនក្មួយ ដែលគាំទ្រពូ ទូទាំងព្រះរាជាណាចក្រកម្ពុជា ចំពោះបញ្ហាចៅស្រីៗដែលមិនទាន់គ្រប់អាយុ អ្នកខ្លះទើបតែមានអាយុ ១៤ឆ្នាំ និង ១៧ឆ្នាំតែប៉ុណ្ណោះ ។
ពួកជនល្មើសបំពុលសង្គមទាំងអស់នេះ ខ្ញុំបាទមិនឲ្យរួចផុតពីសំណាញ់ច្បាប់ ជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ខ្ញុំបាទបានទំទាក់ទំនងទៅក្រសួងវប្បធម៌ រួចហើយ លោកជំទាវ ភឿង សកុណា ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ បានឆ្លើយតបមកខ្ញុំបាទវិញថា ពួកជនល្មើសទាំងអស់នេះ ក្រសួងបានហៅមកអប់រំ ពីរបីដងរួចមកហើយ តែពួកគេនៅតែប្រព្រឹត្តរឿងបំពុលសង្គមដដែលៗ ខ្ញុំក៏បានទំនាក់ទំនងទៅអគ្គនាយកដ្ឋានជួញដូរស្រីភេទ និងការពារអនីតិជនរួចហើយដែរ ។ ខ្ញុំបាទក៏បានស្នើសុំមេធាវីស្ម័គ្រចិត្ត (សម្ដេចតេជោ ) ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ មិនឲ្យជនល្មើសទាំងអស់នោះរួចខ្លួនបានជាដាច់ខាត“ ។

ចំណែកលោកដួង តារា រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ដែរថា “Life Film ជាក្រុមអ្វី? ខ្ញុំមានជំនឿនិងសង្ឃឹមលើក្រសួងជំនាញនិងពាក់ព័ន្ធនានា ចាត់វិធានការ ហើយធ្វើសន្និសីទកាសែត ជម្រាបជូនសាធារណៈ បិទក្រុមរកស៊ីយកក្មេងស្រីមកថតរឿងស្រើបស្រាល និង live អាសអាភាសស្រើបស្រាល បំផ្លាញវប្បធម៌ប្រពៃណីនិងសង្គមជាតិយើង។
កុមារី ៤នាក់ មកសុំការងារធ្វើ នៅ Life Film (ថាឲ្យធ្វើជាតួសម្ដែង ថតវីដេអូបែបអប់រំខ្លីៗ) ប៉ុន្តែបែរជាបង្ខិតបង្ខំឲ្យក្មួយៗសម្ដែងរឿងមិនសមរម្យ មានប៉ះពាល់បៀតបៀនកេរ្តិ៍ខ្មាសដល់ខ្លួនប្រាណ… ក្មួយៗខ្លះអាយុទើបតែ ១៤ឆ្នាំ និង ១៧ឆ្នាំ ។ បងប្អូនបានដឹងរឿនេះទេ?“ ។

ទោះបីជាយ៉ាងណា ពាក់ព័ន្ធនឹងការលើកឡើងរបស់ទីប្រឹក្សានិងជំនួយការសម្តេចនាយករដ្ឋមន្រ្តី ខាងលើនេះ លោកសុខលីម រក្សា ម្ចាស់ផលិតកម្ម និងជាអ្នកដឹកនាំរឿង បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ថា ដូចលោកបានបញ្ជាក់រួចហើយ ថា នៅក្នុងការឡាយវីដេអូលូកស្ទាបបែបលក្ខណៈស្រើបស្រាល រវាងតួប្រុស ដែលជាប្អូនប្រុសរបស់លោក និងតួស្រី ដែលនៅក្មេងៗ នៅក្នុងទំព័រហ្វេប៊ុក “Life Film” គ្រប់គ្រងដោយរូបលោកនោះ មិនមែនជាការបង្ខិតបង្ខំទេ គឺជាការព្រមព្រៀងគ្នាទាំងសងខាង ហើយជាការលេងជ្រុល និងសប្បាយទាំងអស់គ្នា ហើយពួកលោកក៏បានទទួលស្គាល់កំហុសដែរ ។ ដូច្នេះលោកសូមសំណូមពរដល់ទីប្រឹក្សានិងជំនួយការសម្ដេចនាយករដ្ឋមន្រ្តី គឺលោកបណ្ឌិត លី សាម៉េត និងលោកដួង តារា មេត្តាស្ដាប់ហេតុផលរបស់ពួកលោក ដែលរងការចោទ បានបកស្រាយផង ដោយកុំស្ដាប់តែភាគីម្ខាង ។ ប៉ុន្តែបើមិនស្ដាប់ការបកស្រាយរបស់ពួកលោកទេ ហើយច្បាប់ ដាក់ទោសឲ្យលោកជាប់គុក លោកក៏ព្រមជាប់គុក ដោយគ្មានប្រកែក ។ យ៉ាងណា លោកនៅតែជឿថា លោកដួង តារា និងលោកបណ្ឌិត លី សាម៉េត ប្រាកដជាសិក្សាស្រាវជ្រាវឲ្យបានច្បាស់ ហើយសម្របសម្រួលរឿងនេះ មិនឲ្យទៅជាមានទោសទណ្ឌ ។

លោកសុខលីម រក្សា បានមានប្រសាសន៍ថា “ខ្ញុំបានឆាតទៅឯកឧត្ដមដួង តារា ដែរ ហើយក៏ឆាតទៅលោកជំទាវ ចន ចន្ទលក្ខិណា ហើយក៏បានឆាតទៅបងឧកញ៉ា ហេង ឡុង ។ ដូច្នេះខ្ញុំអត់ទាន់ដឹងថាបែបណាទេ បើសិនជាគេអត់ហៅយើងទៅស្រាយបំភ្លឺ ឬក៏ស្ដាប់ហេតុផលពីយើង ឬក៏ស្ដាប់ការបកស្រាយពីយើង ថាដើមហេតុ ដើមចមវាយ៉ាងណា? ហើយគេមិនបានសួរ គេដឹងតែពីភាគីម្ខាងថា អូ ភាគីម្ខាងហ្នឹងគាត់ធ្វើអ៊ីចេះៗ ហើយគេមិនបានស្ដាប់ហេតុផលពីយើង ឯកឧត្ដមដួង តារា អី ក៏មិនបានស្ដាប់ហេតុផលពីយើង ហើយឯកឧត្ដមលី សាម៉េត ក៏មិនបានស្ដាប់ហេតុផលពីយើងថា ឥឡូវគាត់ជាអ្នករកយុត្តិធម៌ជូនមែន ឥឡូវមើលក្មួយស្រី គាត់និយាយអ៊ីចឹង ចៅស្រី គាត់និយាយអ៊ីចឹង តែឥឡូវគាត់ស្ដាប់ហេតុផលចៅខាងប្រុស (ខ្ញុំ) ម្ដងមើលថាបែបម៉េច? ស្ដាប់ហេតុផលមើលយ៉ាងម៉េច? ក្រោមសន្តិភាព ការដឹកនាំ ហើយម្យ៉ាងទៀត គាត់គឺជាអ្នកដឹកនាំល្អទាំង២រូប ។ អ៊ីចឹងគាត់ត្រូវមានហេតុផលច្បាស់លាស់ ស្ដាប់ហេតុផលពីមួយចំហៀងទៀត មើលក្មួយ ឬក៏ចៅប្រុស ឥឡូវចៅប្រុសឯង ពីដំបូងហ្នឹងឡាយបែបម៉េច បានជាចេញលទ្ធផលបែបហ្នឹង? ហើយចៅឯងឡាយបែបហ្នឹង វាដឹងប៉ះពាល់ហើយ ហេតុម៉េចបាននៅតែឡាយ? ហើយមើលតាសួរ ឲ្យឯងនិយាយមើល? អ៊ីចេះៗទៅ តែបើគាត់អត់បានស្ដាប់ពីយើងផង ហើយដល់ចោទប្រកាន់យើងទៅតាមអីមួយ ហើយច្បាប់ ក៏អូខេតាមឯកឧត្ដមទាំង២ហ្នឹង ហើយយើងត្រូវជាប់គុក ជាប់ច្រវាក់ ដោយសារតែការដែលយើងបានព្រមព្រៀងគ្នា ហើយឡាយ“ ។
លោកសុខលីម រក្សា បន្តថា “តាមពិត វាមិនមែនរឿងទេ បងប្អូនយល់ច្រឡំ រឿងដែលយើងថត គឺមិនមានទេក្មេងៗអស់ទាំងហ្នឹង ដែលថតនោះ មានតែការឡាយមួយទេ រូបភាពទាំងអស់ ជាការឡាយទាំងអស់ តែបើគាត់គិតថា មិនចាំបាច់បកស្រាយទេ ដឹងតែវាខុសច្បាប់ហើយ មិនបានស្ដាប់ហេតុផលពីយើងទេ អ៊ីចឹងយើងដឹងថា គាត់មានបណ្ដាញគាត់ ក្មេងៗស្រីៗអស់ហ្នឹងជាចៅស្រីរបស់គាត់ ហើយយើងត្រូវមានទោស មានទណ្ឌ អាហ្នឹងក៏តាមហ្នឹងទៅ បើយើងជាប់គុក វាបាន ១០ឆ្នាំក៏១០ ម្ភៃក៏២០ទៅ អាហ្នឹងអនាគតយើង ដោយសារតែយើងឡាយ ហើយខ្ញុំជាអ្នកមើលការខុសត្រូវពួកគាត់ ហើយគេចោទដោយទាំងខ្ញុំទៀត បន្តទៀត ហើយប្អូនខ្ញុំក៏ជាប់ទៀត អាហ្នឹងយើងធ្វើម៉េច ទាំងបង ទាំងប្អូន ជាប់ទៅ ធ្វើម៉េចបើពួកគាត់អត់ព្រមស្ដាប់អ្វីដែលយើងបកស្រាយ ទៅតាមហ្នឹងទៅ ។ នេះមានន័យថា យើងគ្មានចម្លើយ ឬក៏គ្មានខ្សែ គ្មានបណ្ដាញក្នុងការបកស្រាយទេ យើងអត់មានទេ មានតែស្ដាប់ហេតុផលពីម្ខាង ប៉ុន្តែគ្រាន់តែខ្ញុំជឿជាក់លើស្ថាប័នយុត្តិធម៌ គាត់ប្រាកដជាសួរនាំយើងថា ឥឡូវមើលសុំដើមហេតុ ដើមចមពីដំបូងបែបណា? អូនឯងនិយាយពន្យល់់មក។ ខ្ញុំជឿជាក់ថា ឯកឧត្ដមដួង តារា ប្រាកដជាវែកញែករឿងនេះច្បាស់លាស់ ព្រោះគាត់នឹងសម្រេចថា និយាយរឿងអីមួយ គាត់ច្បាស់ណាស់ គាត់ស្រាវជ្រាវច្បាស់ ដើមហេតុវាយ៉ាងម៉េច ព្រោះគាត់គឺជាមនុស្សម្នាក់ដែលទទួលស្ដាប់ហេតុផល តែបើគាត់អត់ទាន់បានស្ដាប់ហេតុផលយើងផង គាត់ថាយើងខុស អាហ្នឹងយើងក៏អូខេ យើងមិនទាន់បាននិយាយផងគេឃើញតែរូបភាពមក យើងខុសហើយ យើងក៏ទទួលកំហុសដែរ យើងអត់មានអីក្រៅពីទទួលកំហុសទៅចុះ វាអត់មានអីធំជាងច្បាប់បានចែងមកថា តែយើងបំពានមនុស្សស្រី យើងខុសហើយ មានអីត្រូវ? រូបភាពវាមិនមែនជារូបភាពដែលត្រូវទេ រូបភាពដែលខុស អ៊ីចឹងមានតែច្បាប់ទេ ធ្វើម៉េចយើងមានតែដេកចាំដល់ថ្ងៃហ្នឹងទៅ“ ។
លោកសុខលីម រក្សា បន្តទៀតថា “ដូចខ្ញុំបានប្រាប់ទៅអង្គភាពសារព័ត៌មានផ្សេងៗអ៊ីចឹងថា មនុស្សខុសហើយចេះកែ ។ បើសិនជាក្មេងគាត់ឡាយ គាត់ខុសហើយ គាត់កែ សម្រាប់នាមខ្ញុំជាបង ខ្ញុំគិតថា បើប្អូនខ្ញុំធ្វើខុស ខ្ញុំអត់ទោសឲ្យគាត់ តែឥឡូវបើគាត់ថា គាត់សុំទោស គាត់ឡាយជ្រុល ក៏ប៉ុន្តែក្នុងការឡាយហ្នឹង គាត់មិនបានបង្ខំទេ គឺជាការឡាយដែលមានការព្រមព្រៀងពីគ្នា ក៏ប៉ុន្តែគាត់បានប្រព្រឹត្តខុសហើយ គាត់លេងទៅវាជ្រុល តែលេងក្នុងលក្ខណៈជ្រុល គឺគាត់មិនបានបង្ខំទេ គឺសប្បាយទាំងអស់គ្នា ហើយភ្លេចខ្លួនទាំងអស់គ្នា ប៉ុន្តែដល់ក្រោយមក គាត់ទៅជាមានបញ្ហា ។ អ៊ីចឹងបានយើងនិយាយភាសាមួយម៉ាត់ ច្បាប់ខុសគឺខុស មិនអាចខុសថាត្រូវបានទេ ប៉ុន្តែដូចខ្ញុំបានប្រាប់បង (នគរធំ) អ៊ីចឹងថា អូខេ! ច្បាប់គេចង់ចាប់ពួកខ្ញុំដាក់គុក ចាប់ខ្ញុំដាក់គុក ចាប់ប្អូនខ្ញុំដាក់គុក តែមុននឹងចាប់ហ្នឹង ឲ្យគាត់និយាយឲ្យអស់ពីចិត្តគាត់សិន ឲ្យគាត់និយាយបកស្រាយប្រាប់ទៅឯកឧត្ដម ប្រាប់ទៅទីប្រឹក្សាសម្ដេច ប្រាប់ទៅខាងក្រសួង ឲ្យអស់ថា ឥឡូវហ្នឹង គាត់ឡាយ គាត់និយាយបែបហ្នឹង គាត់ប្រព្រឹត្តបែបហ្នឹង គាត់ឡាយបែបហ្នឹង ចេញមកហើយ ហើយគាត់បាននិយាយចេញមក គឺគាត់មិនបានបង្ខំ មិនបានព្រមព្រៀងតាមរយៈការបង្ខំទេ គឺឡាយដំបូង គឺឡាយសើចសប្បាយទេ ប៉ុន្តែដល់ពេលពាក់កណ្ដាលម៉ោងឡាយ វាទៅជាហេតុតែចង់បាន Views ហេតុតែចង់បានចំនួនអ្នកមើល ទាំងស្រី ទាំងប្រុស វាភ្លេចខ្លួន វាធ្វើទៅ អាហ្នឹងរឿង១ ។ រឿងទី២ នៅពេលដែលរឿងវាកើតឡើងហើយ យើងអត់មានអីក្រៅពីប្ដឹងផ្ដល់គ្នា ក្រៅពីចាប់គ្នាដាក់ទោស ដាក់ច្រវាក់ ដាក់គុក ។ អ៊ីចឹងបានខ្ញុំថា ពេលខ្លះ ភាគីតែមួយចំហៀងនិយាយក៏ពិបាក តែធ្វើម៉េចបើរឿងវាកើតឡើងហើយបង គ្មានអីក្រៅពីទទួលកំហុសទេ ហើយបើថារឿងប៉ុណ្ណឹង ទទួលកំហុសហើយ គិតថា វាជាបទល្មើសមួយដែលដូចជាការលួច ការប្លន់ រំលោភសម្លាប់ដែរ ជាប់ទោសបែបហ្នឹងដែរ អាហ្នឹងយើងទទួលចុះ យើងធ្វើទៅតាមហ្នឹងចុះ ហើយអនាគតពួកគាត់យើងគឺសង្ឃឹមលើការវិនិច្ឆ័យដ៏ត្រឹមត្រូវនិងមានភាពច្បាស់លាស់“ ។

លោកសុខលីម រក្សា បានបន្ថែមថា “សម្រាប់ខ្ញុំ ខ្ញុំទទួលស្គាល់ វាជាកំហុសដែលខ្ញុំមិនបានមើលការខុសត្រូវឲ្យគ្រប់ជ្រុងជ្រោយ ហើយទោះជាទាញខ្ញុំទម្លាក់ទៅដល់គ្រលុកណាក៏ដោយ ខ្ញុំនៅតែឆ្លើយប្រាប់ថា វាគឺជាការដែលមិនបង្ខិតបង្ខំគ្នាទេ ហើយវាមិនមែនជារូបភាពដែលធ្វើឲ្យរំលោភថ្នាក់ពួកយើងបំភិតបំភ័យពួកគាត់ គឺអត់មានទេ ។ អ៊ីចឹងពួកយើងបានខំប្រឹងព្យាយាមបង្ហាញនូវភ័ស្តុតាងហើយ ។ ល្ងាចនេះ ខាងកាសែតតារាញូវហ្នឹង គាត់សម្ភាសដែរ ។ សម្ភាស ខ្ញុំឲ្យប្អូននិយាយអ្វីដែលជាការពិតទៅ មិនបាច់ចាំនិយាយការពារខ្លួនឯងទៅ និយាយពីការពិត ដំបូងអើយមក គាត់ (ក្មេងស្រីប្ដឹង) មកផ្ទះយើងបែបម៉េច ហើយគាត់មកសុំផ្ទះយើងស្នាក់នៅ ពីថ្ងៃទីប៉ុន្មាន? ហើយគាត់ប្រាប់រឿងអីខ្លះដល់យើង? ហើយយើងក៏អនុញ្ញាតឲ្យគាត់នៅ ហើយពេលដែលយើងឲ្យគាត់នៅហ្នឹង តើគាត់នៅហើយ គាត់ឡាយហើយ ហើយគាត់បែរជាទៅនិយាយទៅថា យើងអត់ឲ្យប្រាក់ខែ? គាត់នៅពីថ្ងៃទី០៦ (មិថុនា) គាត់ចេញពីយើងទៅ ថ្ងៃទី២៣ ហើយថ្ងៃ២៤ យើងហៅគាត់មកសម្រេចធ្វើការងារកុងត្រា ប៉ុន្តែដល់ពេលហើយ គាត់អត់បានមក គាត់ក៏ទៅជួប គាត់ក៏មានអ្នកពន្ញិចពន្ញុចពីក្រោយទៅគាត់ក៏កើតរឿង កើតបញ្ហា ។ អាហ្នឹងវាជាសិទ្ធិរបស់គាត់ ដូចជាគ្មានអីហាមសិទ្ធិគាត់បានទេ គាត់ចង់ធ្វើម៉េចក៏ត្រូវដែរ ព្រោះគាត់មនុស្សស្រី ដល់ពេលយើង យើងចាំតែខុស ។ នេះវាជាគំរូមួយ ថ្ងៃក្រោយ វាធ្វើឲ្យមហាជនទាំងឡាយនោះ វាមិនអាចជួយមនុស្សដែលមានដៃមានជើង ដែលមានវិបត្តិបញ្ហា ។ លែងមានហើយ លែងមានអ្នកជួយ អ៊ីចឹងទៅជួយសង្គមមួយនេះ លែងមានអ្នកជួយគ្នាហើយ ។ ដូចខ្ញុំអី ខ្ញុំបាក់ស្បាតតែម្ដង ចង់អ្នកណាមកសុំការងារធ្វើ អ្នកណាមកសុំស្នាក់នៅបួនដប់ថ្ងៃ ម្ភៃថ្ងៃ ដើម្បីត្រៀមខ្លួនប្រឡង លែងអាណិត លែងអាសូរហើយ វាជាមេរៀនមួយ វាធ្វើឲ្យយើងលែងអាណិត លែងអាសូរ ។ បើថាជាប់គុក ហ្នឹងហើយគេចាប់យើងដាក់គុក អូខេ! ជាប់គុកចុះ វាគ្មានអីទេ ក្រៅពីជាប់គុក ចាំចេញពីគុកហើយ ចាំស្ដារ ចាំធ្វើការងារពាក់ព័ន្ធជាមួយសង្គមផ្សេងៗទៀតទៅចុះ ធ្វើម៉េចបើយើងអ៊ីចឹងហើយ។ ប៉ុន្តែខ្ញុំជឿថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ឯកឧត្ដមដួង តារា បណ្ឌិតលី សាម៉េត គាត់ប្រាកដជាសិក្សាស្រាវជ្រាវឲ្យបានច្បាស់ ហើយគាត់នឹងសម្របសម្រួលរឿងនេះ មិនឲ្យទៅជាមានទោសមានទណ្ឌ គាត់នឹងនិយាយធ្វើម៉េចដើម្បីឲ្យក្មេងៗ ឲ្យចៅៗទាំងអស់ ទាំងស្រី ទាំងប្រុស មានការព្រមព្រៀងគ្នា ស្រលាញ់គ្នា រាប់អានគ្នា ក្រោមដំបូលសន្តិភាពតែមួយ ខ្មែរចេះស្រលាញ់ខ្មែរ តែបើថា វាមិនអាចលើកលែងបាន នោះវាជារឿងដែលបន្តទៅមុខ គឺនីតិវិធីច្បាប់ គឺមួយចំហៀងសប្បាយចិត្ត មួយចំហៀងជាប់គុក រឿងចប់តែប៉ុណ្ណឹងឯង“ ៕ កុលបុត្រ