ស្ទឹងត្រែង ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពលបលួចថតរូប និងសកម្មភាពរបស់នារីម្នាក់ ដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នា ខណៈដែលនារីរងគ្រោះចូលទៅងូតទឹកស្រាតក្នុងបន្ទប់ទឹក លុះនារីរងគ្រោះប្រទះឃើញ ក៏ស្រែកឆោឡោ ផ្អើលអ្នកជិតខាងចាប់ឃាត់ខ្លួន ឆែក មើលក្នុងទូរស័ព្ទទើបដឹងថា ជនល្មោភកាមរោគចិត្តម្នាក់នេះ បានលួចថតនារីរងគ្រោះជាច្រើនលើកមកហើយ ហើយអ្វីដែលកាន់តែហួសចិត្ត ថែមទៀតនោះ គឺជននេះនៅបានចែករំលែករូបភាព និងវីដេអូទាំងនោះ ចូលទៅក្នុងគ្រុបឆាតរបស់មិត្តភក្តិខ្លួន ដើម្បីឱ្យគេឯងបានមើលថែមទៀត ផង។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ជនសង្ស័យល្មោភកាមដែលលួចថតរូបនារីងូតទឹកស្រាត រួចឆាតចូលគ្រុបឱ្យមិត្តភក្តិខ្លួនឯងមើល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មាន ឈ្មោះសូ វីឡា ហៅប្រុស អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានស្រុកកំណើតនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះសូ វីឡា ហៅប្រុសបានធ្វើសកម្មភាពយកទូរស័ព្ទ ដៃរបស់ខ្លួន មកលួចថតរូប និងសកម្មភាពរបស់នារីរងគ្រោះតាមប្រឡោះប្រហោងជញ្ជាំងជាប់ដំបូល ខណៈពេលដែលនារីរងគ្រោះ កំពុងតែងូត ទឹកនៅក្នុងបន្ទប់ទឹក។ តែភ្លាមនោះ នារីរងគ្រោះបានក្រឡេកមើលទៅលើ ស្រាប់តែឃើញទូរស័ព្ទដៃកំពុងថតរូបខ្លួន ក៏ស្រែកឆោឡោហៅឱ្យ ប្អូនប្រុសជីដូនមួយ ឱ្យជួយ និងទៅចាប់យកទូស័ព្ទពីជនសង្ស័យរូបនោះ រួចរាយការណ៍ជូនទៅមន្ត្រីអាវុធហត្ថតែម្តង។ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ទោ សៅ វុត្ថា មេបញ្ជាការក្រុង បានចុះទៅដល់កន្លែងកើតហេតុ និងចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះសូ វីឡា ហៅប្រុស នាំយកមកសាកសួរ នៅមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្ទឹងត្រែងភ្លាមៗ។

នៅចំពោះមុខមន្ត្រីជំនាញអាវុធហត្ថ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចថតរូប និងវីដេអូ នារីរងគ្រោះកំពុង ងូតទឹកស្រាតនៅក្នុងបន្ទប់ទឹកប្រាកដមែន។
ជនសង្ស័យឈ្មោះសូ វីឡា ហៅប្រុស បានបន្តសារភាពទៀតថា កន្លងមក ខ្លួនធ្លាប់បានថតរូបភាពនារីរងគ្រោះ នៅពេលងូតទឹកនោះ បានចំនួន២លើករួចមកហើយ។
បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញ បានស្រាវជ្រាវ ឆែកនៅក្នុងទូរស័ព្ទដៃរបស់ជនសង្ស័យ ក៏បានប្រទះ ឃើញថា ពិតជាមានរូបភាព និងវីដេអូអាក្រាតកាយរបស់នារីរងគ្រោះប្រាកដមែន ប៉ុន្តែអ្វីគួរឱ្យហួសចិត្តថែមទៀតនោះ គឺជនសង្ស័យ រូបនេះ មិនត្រឹមតែថតរូបភាព និងវីដេអូរបស់នារីរងគ្រោះទុកមើលខ្លួនឯងប៉ុណ្ណោះទេ នៅបានបង្ហោះចូលក្នុងគ្រុបឆាតរបស់មិត្តភក្តិខ្លួន ដើម្បីចែក រំលែកឱ្យគេឯងបានមើលទៀតផង។

ក្រោយការចាប់ខ្លួន កម្លាំងអាវុធហត្ថបានចាប់យកវត្ថុតាងរួមមាន ទូរស័ព្ទដៃចំនួន២គ្រឿង ព្រមទាំងម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ១គ្រឿងផងដែរ។
ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានមន្ត្រីជំនាញអាវុធ រៀបចំកសាងសំណុំរឿង បញ្ផូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕