Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡាន Hummer បុកនារីជិះម៉ូតូស្លាប់

ឡាន Hummer បុកនារីជិះម៉ូតូស្លាប់

ភ្នំពេញ ៖ នារីម្នាក់ កំពុងជិះម៉ូតូ ចុះពីលើស្ពានព្រះមុនីវង្ស ស្រាប់តែត្រូវរថយន្តម៉ាក Hummer ១គ្រឿងបើក ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរស្របទិសគ្នា ជ្រុលមកបុក បណ្តាលឱ្យនារីជាអ្នកជិះម៉ូតូ រងរបួសយ៉ាងធ្ងន់ និងបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយពីដឹកបញ្ផូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវព្រះនរោត្តម ចំណុចជាប់គល់ស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន។

សាកសពនារីរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះឡា ម៉ាលី ភេទស្រី អាយុ២៤ឆ្នាំ មានលំនៅ ភូមិកោះកែវលើ ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាក ហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CU-8104 ជិះតែម្នាក់ឯង ធ្វើដំណើរចុះ ពីលើស្ពានព្រះមុនីវង្ស រួចបត់ស្តាំ កាត់តាមបណ្តោយផ្លូវព្រះ នរោត្តម ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ក្នុងល្បឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្ក ម៉ាក Hummer ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-5557 បើកបរដោយបុរសម្នាក់ ចុះពីលើស្ពានព្រះមុនីវង្ស ស្របទិសគ្នា ពីខាងត្បូងមកខាងជើង ក្នុងល្បឿនយ៉ាងលឿន រួចក៏បានជ្រុលចង្កូតទៅកៀរ និងបុកម៉ូតូអូសទៅមុខជាច្រើន ម៉ែត្រ បណ្តាលឱ្យនារីរងគ្រោះរបួសធ្ងន់ និងត្រូវបានរថយន្ត សាមុយរបស់មន្ទីរពេទ្យឯកជន ដឹកទៅសង្គ្រោះ បន្ទាន់ភ្លាមៗ តែជាអកុសល ដោយសភាពធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់ នៅឯមន្ទីរពេទ្យ តែម្តង។ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះវាស់វែង ធ្វើកំណត់ហេតុ យករថយន្តបង្កទៅរក្សា ទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេល ក្រោយ។

ចំណែកសាកសពនារីរងគ្រោះ ត្រូវបានតម្កល់ទុកក្នុងមន្ទីពេទ្យឯកជនមួយកន្លែង រង់ចាំទាក់ទងស្វែងរកក្រុម គ្រួសារ មកទទួលយកទៅ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES