Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ីដាច់លុយរដ្ឋ៣៨ម៉ឺនដុល្លារ ជាប់គុក៣ឆ្នាំ

ស៊ីដាច់លុយរដ្ឋ៣៨ម៉ឺនដុល្លារ ជាប់គុក៣ឆ្នាំ

ភ្នំពេញ ៖ លោកស្រី យី សុខវួច ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសទៅលើជនជាប់ចោទឈ្មោះឡាយ សំណាង ភេទប្រុស អាយុ៥៣ឆ្នាំ អតីតអនុប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតី​សម្ប​ទា ដាក់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន២០០លានរៀល ព្រមទាំងរឹបអូសទ្រព្យសម្បត្តិមួយ​ចំនួន​ទៀត ពីបទពុករលួយ ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងសម្អាតប្រាក់។សាលក្រមបានប្រកាសធ្វើឡើងជាសាធារណៈ ដោយបើកផ្លូវទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់បើសិន​ភាគីណាមួយ មិនសុខចិត្ត ចំពោះការកាត់ក្តីនេះ។

សូមបញ្ជាក់ថា លោកប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា លោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង តំណាងអយ្យការ បានបើកការស៊ើបសួរទៅលើ​ជន​សង្ស័យ​ពាក់ព័ន្ធសំណុំរឿងអំពើពុករលួយ កាលពីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ ហើយ​តំណាងអយ្យការក៏បានសម្រេចចោទប្រកាន់ជនសង្ស័យពីបទពុករលួយ តាមមាត្រា ៥៩៧ និងមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការ​ប្រ​ឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទាន ភាវរកម្ម។

ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងបានចាត់ទៅចៅក្រមស៊ើបសួរ ដើម្បី​សម្រេចឃុំខ្លួន ជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំបើកសវនាការផ្តន្ទា​ទោសតាម​ច្បាប់ជាធរមាន ។

គួររំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣  កន្លងទៅបានចាប់​បញ្ជូនអនុប្រធាន នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាភ្នាក់ងាររបស់ក្រសួង ដើម្បីបើកប្រាក់ពីធនាគារ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី​កិបកេងថវិការដ្ឋជាង១៥០០លានរៀល ស្មើនឹងជាង៣៨ម៉ឺនដុល្លារ។ ក្រៅពីកិបកេងថវិការដ្ឋ ជាង៣៨ម៉ឺនដុល្លារ ជនសង្ស័យរូបនេះ ក៏ជាប់ពាក់ព័ន្ធនឹងការកិបកេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រ នៅតាមសហគមន៍ ចំនួនជិត៤ពាន់នាក់ និងក៏សង្ស័យជាប់ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ថែមទៀត ៕

RELATED ARTICLES