បាត់ដំបង ៖ បុរសម្នាក់ បានទាក់ទងស្នេហាជាមួយស្ត្រីមេម៉ាយម្នាក់ តាមទូរស័ព្ទ រហូតដល់ត្រូវរ៉ូវគ្នា រួមរស់ ដូចប្តីប្រពន្ធ ទើបនឹងបានរយៈពេលប្រមាណ៤-៥ខែ ចេះតែវាយធ្វើបាបស្ត្រីជាប្រពន្ធខ្លាំងពេក ទើបខាង ស្រីទ្រាំមិនបាន ក៏រត់ទៅនៅផ្ទះឪពុកម្តាយបង្កើតវិញ លុះបុរសជាប្តីទៅតាមប្រពន្ធដល់ផ្ទះឪពុកម្តាយក្មេក ក៏រស់នៅជុំគ្នាលើផ្ទះខាងស្រីតែម្តង រួចក៏បន្តការវាយធ្វើបាបប្រពន្ធដដែល ជាហេតុធ្វើឱ្យឪពុកម្តាយក្មេក មិនពេញចិត្ត ស្រាប់តែកូនប្រសាកំណាច ចោទប្រកាន់ថា ឪពុកម្តាយក្មេកព្យាយាមបំបែកប្រពន្ធចេញពីដើមទ្រូង ក៏បែកគំនិតដុតផ្ទះឪពុកម្តាយក្មេកចោល ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។

ករណីកូនប្រសាដុតផ្ទះឪពុកម្តាយក្មេកចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី។ជនបង្កហេតុដែលដុតផ្ទះឪពុកម្តាយក្មេកចោល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះធុយ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅឯខេត្តត្បូងឃ្មុំ។

លោករើន សុខរ៉ាវ នាយប៉ុស្តិ៍នគរបាលឃុំព្រៃត្រឡាច បានបញ្ជាក់ប្រាបថា ជនដៃដល់ខាងលើ (ឈ្មោះធុយ សំណាង) ទើបនឹងចាប់ដៃគ្នាជាប្តីប្រពន្ធ (អត់ខាន់ស្លា) ជាមួយនឹងកូនស្រីជនរងគ្រោះ បានប្រហែល ៤ទៅ ៥ខែប៉ុណ្ណោះ បន្ទាប់ពីពួកគេស្គាល់គ្នាតាមទូរស័ព្ទ។ លុះក្រោយមក ជនដៃដល់ជាប្តី បាននាំប្រពន្ធទៅរស់នៅ ស្រុកកំណើតរបស់ខ្លួន ឯខេត្តត្បូងឃ្មុំ តែមិនបានប៉ុន្មានខែផង ស្រាប់តែបុរសនេះចាប់ផ្តើមវាយដំធ្វើបាបប្រពន្ធ រហូតដល់ប្រពន្ធទ្រាំលែងបានក៏រត់ត្រឡប់មកនៅជាមួយឪពុកម្តាយបង្កើតរបស់នាងវិញ នៅស្រុករុក្ខគិរី។ ក្រោយពេលនាងមកដល់ផ្ទះវិញ មិនបានប៉ុន្មានផង ស្រាប់តែលេចមុខជនដៃដល់ជាប្តីហេងស៊យ ឈ្មោះធុយ សំណាង បានមកតាមប្រពន្ធដល់ផ្ទះ តែមិនបានហៅនាងទៅរួមរស់ជុំគ្នាវិញទេ គឺបានស្នាក់នៅទៅផ្ទះ ជាមួយ គ្នាទាំងចម្រូងចម្រាស ជាហេតុធ្វើឱ្យឪពុកម្តាយក្មេកមិនពេញចិត្តនឹងជនដៃដល់នោះទេ ព្រោះជននេះ ធ្វើបាប កូនស្រីពួកគាត់ពេក។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ជនកំណាចនេះ ចេះតែរករឿងឪពុកម្តាយក្មេក មិនឈប់ ដោយចោទប្រកាន់ថា ឪពុកម្តាយក្មេកបានព្យាយាមបំបែកប្រពន្ធខ្លួន មិនឱ្យជួបខ្លួន។

ប្រភពដដែល បន្តថា ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ជនកំណាចរូបនេះ បានធ្វើសកម្មភាព ដុតផ្ទះឪពុកក្មេកចោលតែម្តង បណ្តាលឱ្យរងការខូចខាត រួមមាន អង្ករ ៥០គីឡូក្រាម ទូរទស្សន៍ ១គ្រឿង អាំភ្លី ធុងបាស់ ១ឈុត និងសម្ភារនៅផ្ទះមួយចំនួនធំទៀត។

តាមរបាយការណ៍សមត្ថកិច្ច ក្រៅពីផ្ទះមួយខ្នងធ្វើពីឈើប្រក់ស័ង្កសីទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ បានក្លាយ ជាចំណីព្រះអគ្គីទាំងស្រុង នៅមានទ្រព្យសម្បត្តិជាច្រើនទៀតក៏ក្លាយជាផេះដែរ។ក្រោយកើតហេតុ សមត្ថកិច្ច ជំនាញបានឃាត់ខ្លួនជនដៃដល់ឈ្មោះធុយ សំណាង ទៅកាន់អធិការស្រុករុក្ខគិរី ដើម្បីសាកសួរ និងចាត់ការ តាមនីតិវិធី៕