Sunday, March 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនក្រមុំបាត់ពីផ្ទះ១ខែ ម៉ែប្រកាសរក ប្រាប់ថានៅ ជាមួយសង្សារ បានកូន១

កូនក្រមុំបាត់ពីផ្ទះ១ខែ ម៉ែប្រកាសរក ប្រាប់ថានៅ ជាមួយសង្សារ បានកូន១

សៀមរាប ៖ នាងក្រមុំស្រីម្នាក់ ក្រោយពីប្រឡងបាក់ឌុបជាប់ បានយកលុយពីឪពុកម្តាយ ទៅបង់ថ្លៃសិក្សា នៅវិទ្យាស្ថានវ៉ាន់ដា ខេត្តសៀមរាប ស្រាប់តែបាត់ដំណឹងឈឹង អស់រយៈពេលជិត១ខែ មិនឃើញមកផ្ទះ លុះម្តាយប្រកាសស្វែងរក និងដង្ហោយហៅឲ្យនាងត្រលប់មកផ្ទះវិញ ស្រាប់តែនាងបានឆ្លើយតប ប្រាប់មក ម្តាយថា នាងកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ជាមួយប្រុសជាសង្សារ ជាលក្ខណៈប្ដីប្រពន្ធមិនទាន់រៀបការ ហើយជ្រុលជ្រួសមានផ្ទៃពោះ សម្រាលបានកូនមួយទៅហើយ ។

នារីដែលបាត់ពីផ្ទះ ទៅរស់នៅជាមួយសង្សារនោះ មានឈ្មោះ ជឿម ស្រីយ៉ន់ អាយុប្រហែល២០ឆ្នាំ មានឪពុក ម្ដាយរស់នៅស្រុកពួក ខេត្តសៀមរាប ។ នាងបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២២ ហើយបានដាក់ពាក្យចូលរៀនឆ្នាំទី១ នៅវិទ្យាស្ថានវ៉ាន់ដា ខេត្តសៀមរាប នៅក្នុងឆ្នាំ២០២៣ នេះ ។ ប៉ុន្តែតាមសាច់ញាតិថា នាងមិនទាន់បានចូលរៀននៅឡើយទេ ព្រោះនៅពេលនាងយកលុយពីឪពុកម្ដាយ ចំនួនជាង៤០០ដុល្លារ សម្រាប់បង់ថ្លៃសាលា ១ឆ្នាំ នៅក្នុងអំឡុងខែមិថុនា នោះ ស្រាប់តែនាងទៅបាត់តែម្ដង ។

ប្រភពពីសាច់ញាតិរបស់នារីខាងលើ បានឲ្យដឹងថា នៅពេលបាត់ដំណឹងនាងភ្លាមៗ ឪពុកម្ដាយនាង បានព្យា យាមតាមរកពេញមួយខេត្តសៀមរាប ប៉ុន្តែរកមិនឃើញសោះ ។ រហូតមកដល់ខែកក្កដា នេះ ខណៈដែលបាត់ ដំណឹងនាង ជិត១ខែទៅហើយ ឪពុកម្ដាយនាងបានពឹងម្ដាយមីងរបស់នាង ឈ្មោះ វី ឆដា និងជីតារបស់នាង ឈ្មោះរោច សាវី ឲ្យជួយផ្សាយសេចក្ដីជូនដំណឹងតាមបណ្ដាញសង្គម ហ្វេសប៊ុក ឲ្យនាងបានដឹងពីក្ដីបារម្ភ ខ្វល់ខ្វាយ និងការតាមរករបស់ឪពុកម្ដាយនាង ។

 នៅក្នុងសេចក្ដីជូនដំណឹងតាមបណ្ដាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី១០ និងទី១១ ខែកក្កដា ឆ្នាំ២០២៣ ស្រ្តីជា ម្ដាយមីង និងបុរសជាជីតា បានបញ្ជាក់ថា ក្មួយស្រី និងចៅរបស់ពួកគាត់ បានបាត់ខ្លួនអស់រយៈពេលជិត ១ខែមកហើយ ធ្វើឲ្យក្រុមគ្រួសារបារម្ភពីសុវត្ថិភាពរបស់នាងខ្លាំង ទើបឲ្យពួកគាត់ជួយប្រកាសផ្សព្វ ផ្សាយតាម បណ្ដាញសង្គម ឲ្យបានដឹងឮល្បីសុសសាយទៅដល់សាធារណជន ឬក្រែងបងប្អូនជនរួមជាតិណាប្រទះ ឃើញ នាង ជួយផ្ដល់ដំណឹងដល់ឪពុកម្ដាយ ទៅទទួលនាងត្រលប់មកវិញ ព្រោះពួកគាត់ពិតជាខ្វល់ខ្វាយចំពោះកូន ស្រីក្រមុំម្នាក់នេះខ្លាំងណាស់ ។ ជាមួយនោះ តាមគណនីហ្វេសប៊ុក ដដែល ស្រ្តីជាម្ដាយមីង និងជីតារបស់និស្សិត ស្រីដែលបាត់ខ្លួនខាងលើ បានយកក្ដីនឹករលឹកនិងការបារម្ភទាំងប៉ុន្មានរបស់ក្រុមគ្រួសារ ឪពុកម្ដាយនាង សរសេរ សារផ្ញើទៅកាន់ក្មួយស្រី និងចៅស្រី ដោយផ្ទាល់ថា ឪពុកម្ដាយនាង ពិតជាបារម្ភពីនាង បាយមិននឹក ទឹកមិន ស្រេក ហើយដើររកនាងពេញខេត្តសៀមរាប ដូច្នេះបើអាណិតពុកម៉ែ សូមឲ្យនាងត្រឡប់មកផ្ទះវិញ ។

 ប៉ុន្តែមកដល់ថ្ងៃទី១២  ខែកក្កដា ឆ្នាំ២០២៣ ស្រ្តីជាម្ដាយមីង និងបុរសជាជីតារបស់នារីវ័យក្មេងដែលបាត់ខ្លួន ខាងលើ បានសម្រេចលុបសារនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុកនោះចេញវិញ ដោយសារឪពុកម្ដាយរបស់នាង ប្រាប់មកថា កូនស្រីរបស់ពួកគាត់ បានផ្ដល់ដំណឹងមកថា នាងកំពុងរស់នៅរាជធានីភ្នំពេញ ជាមួយបុរសជា សង្សារ វ័យក្មេងដូចគ្នា ដែលបានស្រលាញ់គ្នាជាយូរមកហើយ លាក់មិនឲ្យឪពុកម្ដាយដឹង ។ ដូច្នេះនាងផ្តាំថា មិនបាច់ប្រកាសរកនាងទៀតទេ តែអាចត្រៀមរៀបចំបំពេញខាន់ស្លាន់ឲ្យពួកនាង បានក្លាយជាប្ដីប្រពន្ធតាម ប្រពៃណីខ្មែរ និងតាមផ្លូវច្បាប់ ព្រោះពួកនាងបានជ្រុលជ្រួសជាមួយគ្នា រហូតដល់នាងមានផ្ទៃពោះ ហើយពេល នេះនាងបានសម្រាលកូនមួយទៅហើយ ។

 អ្នកស្រី វី ឆដា ជាម្ដាយមីងរបស់និស្សិតស្រីខាងលើ រស់នៅភូមិព្រៃធំ សង្កាត់ស្រងែ ក្រុងសៀមរាប ខេត្តសៀម រាប បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ថា ក្នុងនាមជាម្ដាយមីង ដែលប្រកាសដំណឹង រកក្មួយស្រី ជំនួសឪពុកម្ដាយនាងដែលត្រូវជាបងថ្លៃ និងបងបង្កើតរបស់អ្នកស្រីនោះ អ្នកស្រីក៏សូមចូលរួមរីក រាយជាមួយឪពុកម្ដាយនាងដែរ ដែលកូនស្រីបានឆ្លើយតបមកថា នាងកំពុងរស់នៅកន្លែងមានសុវត្ថិភាព និង កំពុងមានសេចក្ដីសុខជាមួយស្នេហារបស់នាង ។ ប៉ុន្តែអ្នកស្រីថា ទន្ទឹមនឹងនេះ អ្នកស្រីក៏មានការភ្ញាក់ផ្អើល និងនឹកឆ្ងល់មិនទាន់បាត់ដែរថា ហេតុអីក្នុងពេលកូនស្រីរស់នៅជាមួយ បែរជាមិនដឹងថា កូនស្រីមានផ្ទៃពោះ បែរជាទើបតែដឹងនៅពេលនេះថា នាងបានសម្រាលកូនរួចទៅហើយ? យ៉ាងណា អ្នកស្រីលើកទឹកចិត្តឲ្យចាស់ ទុំរៀបចំផ្សំផ្គុំក្មួយស្រី និងសង្សារ តាមប្រពៃណី ឲ្យកូនពួកគេមានខាន់ស្លាត្រឹមត្រូវទៅ មិនគួរចាប់បំបែកទេ ព្រោះពេលនេះអង្ករក្លាយជាបាយទៅហើយ ។

 អ្នកស្រី វី ឆដា បាននិយាយថា “ចា! រកឃើញវិញហើយ! ការពិតទៅ គាត់បានគ្រួសារ រួចហើយគាត់ រត់ទៅ នៅភ្នំពេញ ។ ដល់ពេលពួកខ្ញុំផុសអ៊ីចឹងទៅ នាងក៏បានទាក់ទងមកកាន់គ្រួសារ (ឪពុកម្ដាយ) នាង ហើយប្រាប់ថា នាងបានសម្រាលកូនរួចហើយ ។ ត្រង់នេះ ខ្ញុំឆ្ងល់ត្រង់ថា ឪពុកម្ដាយនាងអត់ដឹងថាកូនស្រីមានទម្ងន់? រហូត មកដល់ឥឡូវនាងសម្រាលកូនបានជាង ១ខែ ។ ចំណែកខ្ញុំជាម្ដាយមីង ក៏អត់ដឹងដែរ ដោយសារផ្ទះខ្ញុំ នៅឆ្ងាយ ពីខាងគ្រួសារនាង តែខ្ញុំរីករាយ ដែលឪពុកម្ដាយនិងកូនបានទាក់ទងគ្នាវិញ ហើយខ្ញុំគិតថា កូនសម័យឥឡូវយ៉ាប់ ណាស់ ទៅណាបាត់ដំណឹង មិនប្រាប់ឪពុកម្ដាយ ធ្វើឲ្យពួកគាត់ខ្វល់ខ្វាយ បាយមិននឹក ទឹកមិនស្រេក ។ លើស ពីនេះ ក៏នឹកហួសចិត្តដែរ ដែលក្មួយស្រីនៅរៀនធម្មតា បែរជាទុំមុនស្រគាល ទៅតាមសង្សារ ហើយនៅពេល មានផ្ទៃពោះ ក៏មិនប្រាប់ឪពុកម្ដាយឲ្យដឹង ខណៈដែលឪពុកម្ដាយ ក៏មិនបានសង្កេតឃើញពោះធំរបស់កូន ឬមួយ ប្រហែលដូចជាពាក្យគេថា ពោះលាក់អ៊ីចឹងទៅ ទើបមើលអត់ដឹងថាពោះធំ ។ យ៉ាងណា ឪពុកម្ដាយបានហៅ នាងមកសៀមរាប ដើម្បីរៀបការឲ្យពួកគេ ឯប្រែប្រួលយ៉ាងណាទៀត ខ្ញុំមិនទាន់ដឹងច្បាស់ទេ ។ ដូច្នេះខ្ញុំគ្មានអីផ្ដាំ ផ្ញើទេ គ្រាន់តែថា យើងធ្វើអី គួរចេះគិតដល់ឪពុកម្ដាយផង ព្រោះម៉ាក់ប៉ាយើង គឺជាមនុស្សទីមួយដែល ស្រលាញ់ យើង ហើយបង្កើត ចិញ្ចឹមបីបាច់យើង មុនយើងសម្រេចចិត្តថាធ្វើអីមួយ ត្រូវគិតដល់គាត់ ព្រោះបេះដូងជាម៉ាក់ ហើយខ្ញុំក៏ជាម៉ែរបស់គេម្នាក់ដែរ អ៊ីចឹងក្ដីស្រលាញ់កូន វាធំធេងណាស់ ពេលបាត់ បារម្ភអ៊ីចឹង គឺបារម្ភខ្លាំង ណាស់“ ។

 ជាមួយគ្នានោះដែរ លោករោច សាវី ជាមន្រ្តីប៉ូលិសប៉ុស្តិ៍ នៅតំបន់អង្គរ ក្រុងសៀមរាប ខេត្តសៀមរាប ជាជីតា របស់នារីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលថា ក្នុងនាមជាជីតារបស់ និស្សិតស្រី ឈ្មោះជឿម ស្រីយ៉ន់ ដែលបានទៅបាត់ដំណឹងនោះ លោកមិនបានដឹងស៊ីជម្រៅនៃ រឿងរ៉ាវរបស់នាងជាមួយ ឪពុកម្ដាយនាងនោះទេ គ្រាន់តែសន្និដ្ឋានថា មូលហេតុដែលនាងបាត់ខ្លួន មិនមែនដោយសារជួបគ្រោះថ្នាក់ ឬចាញ់បោកបុគ្គលណាមួយល្បួងលួងយកផលប្រយោជន៍ពីនាងទេ ហើយក៏មិនមែនហេតុផលខឹងឪពុកម្ដាយ ដែរ គឺដោយសាររឿងស្នេហា នាងលួចទៅរស់នៅជាមួយសង្សារ ដោយស្ងាត់ មិនប្រាប់ឪពុកម្ដាយឲ្យដឹង  គឺយក លុយទៅបង់ថ្លៃសាលា ក៏ទៅបាត់តែម្ដង ។ ដូច្នេះមកដល់ពេលនេះ បើថាចៅស្រីបានប្ដី ក៏បានទៅ ឲ្យតែបាន ដំណឹងថា រស់នៅទីណាពិតប្រាកដ ឯរឿងជ្រុលជ្រួសសេ្នហាដោយប្រការណានោះ ចាំឪពុកម្ដាយគិត គូរទៅ តាមហ្នឹងឲ្យ ព្រោះទឹកចិត្តនិងការបារម្ភរបស់ឪពុកម្ដាយ ចំពោះកូន ពិតជាមានទំហំធំធេងណាស់ ។

 ទោះបីយ៉ាងណា ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីនិស្សិតស្រី ឈ្មោះ ជឿម ស្រីយ៉ន់ និងឪពុកម្ដាយរបស់នាងបានទេ កាលពីម្សិលមិញ ៕ កុលបុត្រ

RELATED ARTICLES