Saturday, March 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងម៉ែប្រដៅ មិនឲ្យដើរលេងយប់ កូនក្រមុំរូបស្រស់ រត់ចោលផ្ទះ

ខឹងម៉ែប្រដៅ មិនឲ្យដើរលេងយប់ កូនក្រមុំរូបស្រស់ រត់ចោលផ្ទះ

បន្ទាយមានជ័យ ៖ យុវតីម្នាក់ ខឹងម៉ែឬជេរស្តីប្រដៅកុំឲ្យទៅដើរលេងយប់ពេក បានដាច់ចិត្តរត់ចោលផ្ទះ ចោល ការងារ ប្រាក់ខែជាង៤០០ដុល្លារ ធ្វើឲ្យស្រ្តីជាម្ដាយ បារម្ភខ្វល់ខ្វាយ ខំប្រកាសរកដំណឹង និងដង្ហោយហៅកូនស្រី វិលវិញ។

ស្រ្តីជាម្ដាយបញ្ជាក់ថា បើក្នុងករណីកូនស្រីមានស្នេហា ឬកំពុងនៅជាមួយសង្សារ ក៏គាត់ព្រមអភ័យទោសឲ្យ និងទទួលស្គាល់ស្នេហារបស់កូនដែរ សំខាន់ឲ្យតែវិលមកផ្ទះវិញ ឬប្រាប់ដំណឹងថា កំពុងរស់នៅទីកន្លែងណាឲ្យ ពិតប្រាកដ ។

យុវតីដែលរត់ចោលផ្ទះ ម្ដាយប្រកាសរកនេះ មានឈ្មោះសំ ស្រីពៅ អាយុ១៧ឆ្នាំ ជាកូនទី២ ក្នុងចំណោមបងប្អូន ៣នាក់ (ប្រុស២ ស្រី) នៃគ្រួសារមានជីវភាពមធ្យមមួយ រស់នៅក្នុងភូមិប៉ោយប៉ែត ឃុំប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ស្ត្រីជាម្តាយ ឈ្មោះធឿន ស៊ីថា បានឲ្យដឹងថា កូនស្រីគាត់ខាងលើ បានឈប់រៀនត្រឹមថ្នាក់ទី៩ ហើយបានចូល ធ្វើការជាបុគ្គលិកផ្នែកទូទាត់លុយ នៅក្នុងក្រុមហ៊ុនអនឡាញមួយ របស់ចិន នៅក្រុងប៉ោយប៉ែត អស់រយៈ ពេល ២ឆ្នាំ គិតមកដល់ថ្ងៃបាត់ខ្លួន ដោយទទួលបានប្រាក់ខែ ជាង៤០០ដុល្លារ ។

ស្រ្តីជាម្ដាយ បានបន្តថា កូនស្រីរបស់គាត់ បានបាត់ខ្លួនពីផ្ទះ នៅក្នុងយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ហើយគាត់ បានព្យាយាមតាមរកកូនស្រី ស្ទើរគ្រប់កន្លែង ក្នុងក្រុងប៉ោយប៉ែត ជាទីកន្លែងដែលក្រុមគ្រួសារ គាត់រស់នៅអស់ រយៈពេលជិត៣០ឆ្នាំ តែរកមិនឃើញសោះ ទើបគាត់សម្រេចប្រកាសផ្សាយដំណឹងជាសាធារណៈ រកកូនស្រី ។

 នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ អ្នកស្រីធឿន ស៊ីថា ជាម្ដាយរបស់យុវតីខាងលើ ប្រកាសផ្សាយដំណឹងស្វែង រកកូនស្រីឈ្មោះសំ ស្រីពៅ តាមគណនីហ្វេសប៊ុក របស់ខ្លួនថា “នាងខ្ញុំឈ្មោះ ធឿន ស៊ីថា ត្រូវជាម្ដាយកូនស្រី ឈ្មោះ សំ ស្រីពៅ អាយុ១៧ ឆ្នាំ ដោយបានទៅធ្វើការមិនត្រឡប់មកផ្ទះ និងគ្មានការទំនាក់ទំនងមកអ្នកផ្ទះឲ្យដឹង សោះឡើយ។ នាងខ្ញុំមានតែម្រាមដៃដប់ សូមឲ្យបងប្អូនជួយនាងខ្ញុំផង បើឃើញតាមភិនភាគរូបកូនស្រីនាង ខ្ញុំដូចខាងក្រោមនេះ សូមបងប្អូនមេតា្តជួយទំនាក់ទំនងមកនាងខ្ញុំឲ្យបានដឹងផង តាមរយៈលេខទូរស័ព្ទ ០១៧ ៥៣៩ ២១៩ និងតាម Facebook នាងខ្ញុំ ដែលមានឈ្មោះស៊ីថា ។ នេះជាឈ្មោះ Facebook កូនស្រី នាងខ្ញុំដែល បានបាត់ខ្លួន ឈ្មោះ som sreypov នាងខ្ញុំសូមអគុណបងប្អូនទុកជាមុន“ ។

 ក្រោយការប្រកាសផ្សាយដំណឹងនេះ ស្រ្តីជាម្ដាយបញ្ជាក់ថា កូនស្រីរបស់គាត់បានឃើញ ហើយបានឆាត (ផ្ញើសារ) មកអ្នកនៅជិតខាងផ្ទះរបស់គាត់ ដែលស្គាល់រាប់អានគាត់ និងកូនស្រីគាត់ថា នាងកំពុងស្នាក់នៅ និងធ្វើការនៅខេត្តព្រះសីហនុ ប៉ុន្តែមិនបានបញ្ជាក់ឲ្យច្បាស់ថា នៅភូមិអី សង្កាត់អី ឲ្យពិតប្រាកដទេ ហើយ ណាមួយមិនឆាតមក ឬទូរស័ព្ធមកគាត់ជាម្ដាយផ្ទាល់ទៀត ដែលធ្វើឲ្យគាត់នៅតែមានក្ដីបារម្ភចំពោះកូន និងចង់ដឹងដំណឹងពីកូន ជាពិសេសនៅតែចង់ដឹងថា ការដែលកូនស្រីរត់ចោលផ្ទះ រត់ចោលការងារដែល កំពុងតែធ្វើនៅប៉ោតប៉ែត ដោយសារមូលហេតុអី? យ៉ាងណា ស្រ្តីជាម្ដាយជឿថា កូនស្រីរត់ចោលផ្ទះ អាចមក ពីខឹងគាត់ណែនាំកុំឲ្យទៅញ៉ាំអីជាមួយមិត្តភក្ដិ យប់ពេក ព្រោះក្រោយគាត់និយាយរឿងនេះបាន៣ថ្ងៃ កូនស្រី បានរត់ចេញពីផ្ទះតែម្ដង ។

 អ្នកស្រីធឿន ស៊ីថា ជាម្ដាយយុវតីខាងលើ បានប្រាប់ «នគរធំ» នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ថា មួយរយៈ ចុងក្រោយនេះ ជារឿយៗនៅពេលចេញពីធ្វើការ កូនស្រីរបស់គាត់តែងតែទៅញ៉ាំអីនៅខាងក្រៅ ជាមួយ មិត្តភក្ដិស្រីៗដូចគ្នា ដែលធ្វើការជាមួយគ្នា រហូតដល់ម៉ោង ៨ទៅ៩យប់ ទើបត្រលប់ចូលផ្ទះវិញ ។ ឃើញដូចនេះ ដោយសារបារម្ភពីសុខភាពកូនស្រី អ្នកស្រីក៏ស្ដីឲ្យនាងថា កុំឲ្យឧស្សាហ៍ដើរលេងបែបនេះពេក មកពីធ្វើការ ១២ម៉ោង អត់ងងុយ គួរប្រញាប់ចូលផ្ទះ សម្រាកឲ្យបានគ្រប់គ្រាន់ ។ រហូតចូលមកដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ អ្នកស្រីណែនាំឲ្យកូនស្រីក្នុងសម្ដីបែបនេះទៀត ខណៈដែលនាងនៅ តែដើរមិនស្ដាប់ ការណែនាំ របស់ម្ដាយ ។

អ្នកស្រីធឿន ស៊ីថា បន្តថា ក្នុងពេលដែលគាត់ស្ដីណែនាំនោះ កូនស្រីរបស់គាត់មិនមាត់តបតទេ តែប្រ ហែលជា នឹកខឹងនៅក្នុងចិត្តខ្លាំងហើយ ទើបរំលងបាន៣ថ្ងៃក្រោយមក គឺនៅថ្ងៃទី១០ ខែកក្កដា វេលាម៉ោង១២យប់ នាងក៏ លួចចេញពីផ្ទះបាត់ មិនឲ្យគាត់ជាម្ដាយ និងអ្នកផ្ទះដឹង សូម្បីតែទូរស័ព្ទរបស់នាង ក៏បានបិទ មិនឲ្យអ្នកស្រីទាក់ ទងបាន តែអ្នកស្រីឮអ្នកនៅជិតខាងម្នាក់ ប្រាប់អ្នកស្រីថា នាងឲ្យផ្ដាំប្រាប់គាត់ជាម្ដាយផងថា មិនបាច់ព្រួយ បារម្ភពីនាងទេ នាងទៅធ្វើការនៅកំពង់សោម ។ បន្ទាប់មកទៀត នៅពេលដែលអ្នកស្រីកំពុងស្វែងរកដំណឹងនាង ដោយក្ដីព្រួយបារម្ភនោះ នាងបានទាក់ទងមកហ្វេសប៊ុក អ្នកជិតខាងនោះ (សរសេរអក្សរបា្រប់) ថា មិនបាច់ទូរ ស័ព្ទរកនាងទេ នាងមិនបានបាត់ទៅណាទេ នាងទៅធ្វើការ ហើយពេលមានការអី ចាំនាងទាក់ទងមក ។ មិនតែ ប៉ុណ្ណោះ នាងក៏បានបាញ់រូបភាពទីកន្លែងដែលធ្វើការ តាមហ្វេសប៊ុក អ្នកជិតខាងនោះ ប៉ុន្តែមិនបានបញ្ជាក់ថា កន្លែងធ្វើការនោះនៅទីណា ។

 ស្រ្តីជាម្ដាយរបស់យុវតីខាងលើ បានបញ្ជាក់ថា កន្លងមក ក្រៅពីដើរលេងជាមួយមិត្តភក្ដិស្រីៗ កូនស្រីគាត់មិន បានប្រាប់គាត់ ឬសម្ដែងអាកប្បកិរិយាឲ្យគាត់ឃើញថា នាងមានស្នេហា ឬកំពុងទាក់ទងជាមួយបុរស ណានោះ ទេ ។ ដូច្នេះគាត់ជឿថា ការបាត់ខ្លួនទៅនេះ កូនស្រីគាត់ មិនមែនកំពុងនៅជាមួយសង្សារ លាក់បាំងមិនឲ្យឪពុក ម្ដាយដឹងទេ គឺគាត់សង្ស័យថា ការរត់ចោលផ្ទះរបស់កូនស្រី ក៏ព្រោះតែខឹងនឹងគាត់ស្ដីប្រដៅកុំឲ្យដើរលេងតែ មួយមុខគត់ ។ ម្យ៉ាងទៀត គាត់ជឿថា កូនស្រីគាត់ ប្រាកដជាទៅធ្វើការនៅកន្លែងថ្មី ដូចនាងប្រាប់អ្នកជិតខាង មែនហើយ ព្រោះមុនពេលដែលមានរឿង នាងធ្លាប់មានមិត្តភក្ដិណែនាំឲ្យទៅធ្វើការនៅកំពង់សោម បានប្រាក់ ខែច្រើនជាងនៅប៉ោយប៉ែត ។ ដូច្នេះនាងអាចទៅតាម ឬទៅធ្វើការជាមួយមិត្តភក្ដិដែលណែនាំនោះក៏ថាបាន ។ យ៉ាងណា បើក្នុងករណីថា ក្នុងពេលដែលកំពុងបាត់ខ្លួននេះ កូនស្រីស្រាប់តែផ្ដល់ដំណឹងថា កំពុងនៅជាមួយ សង្សារ ឬក៏នាំសង្សារនោះឲ្យគាត់ជាម្ដាយ ក៏ទទួលស្គាល់ និងមិនហាមឃាត់ឲ្យកូនឈប់ទាក់ទងគ្នាទេ ព្រោះ ស្នេហាយុវវ័យសម័យនេះ មិនអាចប្រឆាំងបានទេ ត្រូវតែសម្របតាម ដើម្បីឲ្យកូនវិលមកផ្ទះវិញ ។

  ជាចុងក្រោយ តាមរយៈ “នគរធំ” ស្រ្តីជាម្ដាយ សូមផ្ដាំផ្ញើទៅកូនស្រីខាងលើថា អ្វីដែលជាទឹក ចិត្តម្ដាយបារម្ភ ចំពោះកូន គឺសុំឲ្យកូនប្រាប់ដំណឹងពីកន្លែង គោលដៅធ្វើការពិតប្រាកដ ដើម្បីឲ្យគាត់ជាម្ដាយមិនសូវខ្វល់ខ្វាយ កក់ក្ដៅក្នុងចិត្ត ។ ជាមួយនេះដែរ គាត់សុំបញ្ជាក់ទៅកូនស្រីថា ធម្មតាទេមនុស្សគ្រប់រូប មិនថាស្រីឬប្រុសទេ កើតមកពេញវ័យ តែងតែមានស្នេហា គ្មានអ្នកណាគេចបានទេ ដូច្នេះបើកូនស្រីកំពុងមានទំនាក់ទំនងលួចលាក់ ស្នេហាជាមួយបុសណាម្នាក់ មិនឲ្យម្ដាយដឹង ឬអង្ករក្លាយជាបាយហើយ ទើបព្យាយាមគេចឆ្ងាយ ក៏ប្រាប់មកអ្នក ស្រីជាម្ដាយ អាចទទួលបានទាំងអស់ ដោយមិនបំបែកបំបាក់ឬរារាំងស្នេហារបស់កូនទេ ហើយអ្នកស្រី ក៏សង្ឃឹម ថា កូនស្រីសម្លាញ់ នឹងវិលមកផ្ទះជួបម្ដាយវិញ ក្នុងពេលដែលគាត់កំពុងរង់ចាំមើលផ្លូវ ចាំដំណឹងពីកូនស្រី យ៉ាង អន្ទះសា ៕ កុលបុត្រ

RELATED ARTICLES