Saturday, March 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពុលមីឆា ដេកពេទ្យ១២នាក់

ពុលមីឆា ដេកពេទ្យ១២នាក់

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋចំនួន១២នាក់ បានកើតមានអាការចុកពោះ ក្អួតចង្អោរ ជាបន្តបន្ទាប់ ក្រោយពីនាំគ្នា ទទួលទានមីឆា ដែលលក់នៅតាមភូមិ ហើយភ្លាមៗនោះ ត្រូវបានអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ដឹកបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ភ្លាមៗ។

ហេតុការណ៍ពុលមីឆានេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិ ក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅក្នុងភូមិ បាននាំគ្នាទិញមីឆា ដែលគេតែងតែលក់នៅតាមភូមិ ក្រោយពីទទួល ទានបានប្រហែលប្រមាណជាង ១ម៉ោង ប្រជាពលរដ្ឋទាំងនោះ ចាប់ផ្តើមមានអាការចុកពោះ ក្អួតចង្អោរ ជា បន្តបន្ទាប់ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញភូមិ និងត្រូវបានអាជ្ញាធរ ចុះអន្តរាគមន៍ ដឹកបញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាពខ្លះ និងបានដឹកមកសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ខ្លះ។

តាមការសន្និដ្ឋានបឋមរបស់ក្រុមគ្រូពេទ្យ ករណីពុលអាហារនេះ អាចបណ្តាលមកពីសរសៃមី ព្រោះថា បើសិន បើជាការពុលដោយមេរោគ មានរយៈពេលយូរជាងនេះ ប៉ុន្តែនេះក្រោយពីបរិភោគតែជាកន្លះម៉ោងតែប៉ុណ្ណោះ បង្កឱ្យប្រជាពលរដ្ឋពុល។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាការពុលទាំងអស់ មានចំនួន១២នាក់ (ស្រី៥នាក់) និងមានអាយុចាប់ពី ១៨ខែ ដល់៦៥ឆ្នាំ និងសុទ្ធតែជាអ្នកដែលបានបរិភោគមីឆា (មីដុំសរសៃមូល) ដែលលក់ដោយអ្នកលក់តែម្នាក់ ដូចគ្នា។

ភ្លាមៗនោះ លោកស្រី ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល រួមដំណើរដោយលោកស្រី ប៊ន សុភី  និងលោកយិន សាវ៉េន អភិបាលរងខេត្ត តំណាងលោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង  បានអញ្ជើញចុះផ្ទាល់ដល់ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង  ដើម្បីចូលរួមពិនិត្យ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះពុលអាហារនេះ ។តាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋ ទាំង១២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ហើយមានអាការធូរស្បើយច្រើនហើយ ក្រោយពីក្រុមគ្រូពេទ្យបានជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់៕

RELATED ARTICLES