Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដោះស្រាយរឿងកូនស្រីវ៉ៃគ្នា ក្លាយជាជម្លោះជាមួយ មេប៉ុស្តិ៍

ដោះស្រាយរឿងកូនស្រីវ៉ៃគ្នា ក្លាយជាជម្លោះជាមួយ មេប៉ុស្តិ៍

ស្វាយរៀង ៖ ក្មេងស្រី ១ក្រុម មានគ្នាចំនួន៣នាក់ បានព្រួតគ្នាវាយទៅលើយុវតីម្នាក់ បណ្តាលឱ្យរងរបួស លុះ ភាគីរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចកោះហៅភាគីទាំងសង ខាងឱ្យចូលខ្លួនដោះស្រាយនៅ ប៉ុស្តិ៍នគរ បាល ស្រាប់តែភាគីម្ខាងចោទសមត្ថកិច្ចលម្អៀង កាន់ជើងម្ខាងៗ ក៏ស្ទុះចាប់ក្របួចកអាវលោក នាយប៉ុស្តិ៍ កើតជាជម្លោះផ្អើលប៉ុស្តិ៍នគរបាល ថែមទាំងបានឡាយវីដេអូ ចោទប្រកាន់សមត្ថកិច្ចវាយខ្លួនបណ្តាល ឱ្យរង របួសទៀត តែករណីនេះត្រូវបានសមត្ថកិច្ចចេញសេចក្តីបំភ្លឺ ច្រានចោលទាំងស្រុង។

សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មានខ្លឹមសារថា «ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មានកិត្តិយសសូមធ្វើការបំភ្លឺជូនសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក មេត្តាជ្រាប ពាក់ព័ន្ធទៅនឹងករណីម្ចាស់ហ្វេសប៊ុក ឈ្មោះ ស្រី ភា បានបង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុក កាលពីវេលាម៉ោង ១៦ៈ៥៧ នាទីល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ចោទទៅលើលោកនាយប៉ុស្តិ៍ នគរបាល សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត បានវាយលើខ្លួន និងដកហូតទូរស័ព្ទរបស់ខ្លួន ហាមមិនឱ្យថត ។

ដំណើររឿងមានដូចខាងក្រោម ៖ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៨ៈ២០នាទីយប់ មានករណីហិង្សាមួយកើត ឡើងរវាងក្មេងស្រីៗចំនួន៣នាក់ បានវាយទៅក្មេងស្រីម្នាក់ នៅចំណុចស្ថានីយ ចាក់ប្រេង PTT ផ្សារជីភូ ស្ថិតក្នុងសង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ព្រៃអង្គញ់។ ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ កំណត់មុខញ្ញាជនបង្កខាងលើភ្លាម»។

សេចក្តីបំភ្លឺដដែល បន្តថា «ដោយអនុវត្តតាមគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិ បាល ត្រង់ចំណុចទី៥ “ដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រ សិទ្ធភាព” នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចយើងក៏បានអញ្ជើញភាគីទាំងសងខាង ដើម្បីចូល មកធ្វើការដោះស្រាយ និងសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង។

ចំពោះការដោះស្រាយសម្របសម្រួលខាងលើនេះ ក្នុងចំណោមអាណាព្យាបាលរបស់ភាគីបង្កចំនួន២នាក់ បានយល់ព្រមទទួលយកការដោះស្រាយសម្របសម្រួលរបស់សមត្ថកិច្ច ដោយឡែកអាណាព្យាបាលរបស់ ភាគីបង្កម្នាក់ទៀត ដែលមានឈ្មោះភិន សុភា មិនព្រមទទួលយក ការដោះស្រាយសម្របសម្រួលរបស់ សមត្ថកិច្ចទេ រហូតដល់នៅវេលាម៉ោង ១៤និង៣០នាទី ក៏ឈ្មោះភិន សុភា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង (ម្ចាស់គណនីហ្វេសប៊ុក ស្រី ភា) ត្រូវជាម្តាយភាគីបង្ក បានហៅបងប្អូនស្រីប្រុសប្រហែល ១០នាក់ និងស្រែកជេរទៅលើជនរង គ្រោះ ឈ្មោះនួន នីសា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅភូមិប្រសូតិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងថតវីដេអូជេរប្រមាថមកលើសមត្ថកិច្ចថា មិនដោះស្រាយ នៅក្នុងទី ស្នាក់ការប៉ុស្តិ៍»។

សេចក្តីបំភ្លឺ បន្តទៀតថា «សមត្ថកិច្ចក៏ធ្វើការហាមឃាត់កុំឱ្យស្រែកជេរ រួចដកហូតទូរស័ព្ទចេញ កុំឱ្យថតទៀត។ ពេលនោះឈ្មោះភិន សុភា បានចាប់ទាញកអាវលោកនាយប៉ុស្តិ៍ រហូតដាច់ខ្សែកជ្រុះបណ្តោង (រួចស្រែកថា ប៉ូលិសវាយប្រជាពលរដ្ឋ ដូចមានក្នុងវីដេអូ) រួចឈ្មោះភិន សុភា បានយកខ្សែកដាក់ក្នុងហោប៉ៅខោ ហើយ ក៏មានឈ្មោះអ៊ឹម ថុនា (បងប្អូនជីដូន១ របស់ឈ្មោះភិន សុភា) ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ មាស មានលំនៅ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង បានឡើងមកថតវីដេអូ ស្រែក ជេរប្រមាថមកលើសមត្ថកិច្ចយើង ទោះបីសមត្ថកិច្ចយើងព្យាយាមធ្វើការហាមឃាត់ ក៏មិនព្រមស្តាប់។ បន្ទាប់មកក៏មានឈ្មោះភិន សុភ័ក្រ (បងបង្កើតរបស់ឈ្មោះភិន សុភា) ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានលំនៅ ភូមិ-ឃុំជាមួយគ្នា បានឡើងមកលើប៉ុស្តិ៍ និងស្រែកជេរប្រមាថសមត្ថកិច្ចបន្ថែមទៀត។ ដោយសេចក្តីអត់ធ្មត់ខ្ពស់ សមត្ថកិច្ចយើងក៏បានឱ្យភាគីទាំងអស់ ត្រឡប់ទៅមូលដ្ឋានវិញរៀងខ្លួន រង់ចាំដោះ ស្រាយនៅពេលក្រោយ។ ចំពោះការចោទប្រកាន់មកលើសមត្ថកិច្ចថា បានប្រើអំពើហិង្សា (វាយបែកមាត់) គឺមិនពិតទេ។ សមត្ថកិច្ចយើងបានព្យាយាមដោះស្រាយសម្របសម្រួលដោយសន្តិវិធី ប៉ុន្តែបែរជាអាណាព្យា បាលរបស់ភាគីបង្ក១នោះ មិនព្រមទទួលយកដំណោះស្រាយ ថែមទាំងស្រែកឡូឡា បង្កការរំខាន ព្រមទាំងជេរ ប្រមាថមកលើសមត្ថកិច្ច និងរារាំងដល់កិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច នៅក្នុងទីស្នាក់ការប៉ុស្តិ៍ថែមទៀតផង។

បច្ចុប្បន្នចំពោះករណីហិង្សារវាងក្មេងៗខាងលើ សមត្ថកិច្ចយើងកំពុងតែបន្តនីតិវិធីតាមច្បាប់។ ចំណែកជនបង្ក ដែលស្រែកជេរប្រមាថ មកលើសមត្ថកិច្ច និងបង្កហិង្សា បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់សមត្ថកិច្ច ក៏ សមត្ថកិច្ចយើងកំពុងរៀបចំកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ផងដែរ»៕

RELATED ARTICLES