Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះផ្ទះ៣ខ្នង

ទុស្សេខ្សែភ្លើង ឆេះផ្ទះ៣ខ្នង

កណ្តាល ៖ លំនៅឋានប្រជាពលរដ្ឋ ចំនួន៣ខ្នង រួមនិងរោងគោ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យរង ការខូចខាត ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) និងត្រូវបានសមត្ថកិច្ចជំនាញ បញ្ចេញរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ទឹក ពន្លត់ភ្លាមៗផងដែរ។ករណីអគ្គិភ័យខាងលើ បានកើតឡើង កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិកោះទៀវ (ក) សង្កាត់សំពៅពូន ក្រុងសំពៅពូន។

ម្ចាស់ផ្ទះរងគ្រោះទី១- ឈ្មោះឈន វុន ភេទស្រី អាយុ៦៣ឆ្នាំ មានលំនៅភូមិកើតហេតុ ប្រភេទសំណង់ ផ្ទះសង់ អំពីឈើ ដំបូលប្រក់ក្បឿង ទំហំ ១២ម៉ែត្រ គុណនឹង ៧ម៉ែត្រ (ឆេះខូចខាតទាំងស្រុង)។ ម្ចាស់ផ្ទះរងគ្រោះទី២- ឈ្មោះហ៊ី នឿន ភេទ ស្រី អាយុ៥៩ឆ្នាំ មានលំនៅ ភូមិកើតហេតុ ប្រភេទសំណង់ សង់អំពីឈើ ដំបូលប្រក់សង្ក័សី ទំហំ១០ម៉ែត្រ គុណនឹង ៦ម៉ែត្រ (ឆេះខូចខាតទាំងស្រុង)។ ម្ចាស់ផ្ទះរងគ្រោះទី៣- ឈ្មោះសន ឃីម ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិកើតហេតុ  ប្រភេទសំណង់ សង់អំពីថ្ម ដំបូលប្រកក្បឿង ទំហំ ២៩ ម៉ែត្រ គុណនឹង ៦ម៉ែត្រ (រោលជញ្ជាំងមួយចំហៀង)។ ម្ចាស់ផ្ទះរងគ្រោះទី៤- ឈ្មោះម៉ន ផាន ភេទប្រុស អាយុ៥០ឆ្នាំ មានលំនៅ ភូមិកើតហេតុ  ប្រភេទសំណង់ រោងគោ សង់អំពីឈើ ប្រកស័ង្កសី ទំហំ១២ម៉ែត្រ គុណនឹង ៧ម៉ែត្រ ឆេះបន្តិច បន្តួចនិងសម្ភារៈមួយចំនួន។

សម្ភារៈខូចខាត រួមមាន ឆេះផ្ទះអស់ទាំងស្រុង ចំនួន២ខ្នង ឆេះផ្ទះអស់មួយចំហៀង ចំនួន១ខ្នង ឆេះសំយាបផ្ទះ ចំនួន១ខ្នង និងឆេះរោងគោ ១ខ្នង ព្រមទាំងសម្ភារៈមួយចំនួន។ មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេ ខ្សែភ្លើង) ចេញពីផ្ទះឈ្មោះឈន រុន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីកើតមានករណីអគ្គិភ័យនេះភ្លាម កងកម្លាំងបង្ការ-ពន្លត់ អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការនគរបាល ខេត្តកណ្តាលចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ០២រថយន្ត។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរ បាល ស្រុកកោះធំ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្ត និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល ស្រុកស្អាង ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្ត។ សរុបប្រើប្រាស់ទឹកអស់ ៤រថយន្ត ទើបភ្លើងរលត់ជា ស្ថាពរ នៅវេលាម៉ោង ១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃដដែល។

យ៉ាងណា ករណីអគ្គិភ័យខាងលើនេះ មិនបណ្តាលឱ្យគ្រោះដល់អាយុជីវិតមនុស្សឡើយ៕

RELATED ARTICLES