ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានចាត់បញ្ជូន កប៉ាល់ទេសចរណ៍ ជាច្រើនគ្រឿង ចុះអន្តរាគមន៍ដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅលើកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារឥទ្ធិពលព្យុះ មានភ្លៀង ខ្យល់កន្ត្រាក់ រលកសមុទ្រខ្ពស់ៗ មិនអាចឱ្យទូកកាណូត ឬអូប័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។

ប្រតិបត្តិការនេះ បានចាប់ផ្តើមធ្វើឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដោយប្រើប្រាស់ កប៉ាល់ទេសចរណ៍ ចំនួន៥គ្រឿង ស្មើនឹង ៦ជើង។ ក្នុងនោះភ្ញៀវ ទេសចរ មានចំនួនសរុប៧០៨នាក់ (ស្រី៣៤៧ នាក់ ក្មេងមានចំនួន ១៥នាក់) ដែលជាប់នៅលើកោះ ដោយសារព្យុះ ត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញ ដោយ សុវត្ថិភាព ក្រោមការចូលរួមសហការពីរដ្ឋបាលក្រុងកោះរ៉ុង កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ ព័ន្ធ វិស័យឯកជន និងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ ផងដែរ។

នៅក្នុងឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅទទួលភ្ញៀវទេសចរចម្រុះ ជាតិសាសន៍ ដែលជាប់គាំងនៅក្រុងកោះរ៉ុង ត្រឡប់មកក្រុងព្រះសីហនុ វិញផងដែរ៕

