Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពោះធំ៨ខែ ឈឺធ្ងន់ ពេទ្យវះកាត់ កូនរស់ ម៉ែស្លាប់

ពោះធំ៨ខែ ឈឺធ្ងន់ ពេទ្យវះកាត់ កូនរស់ ម៉ែស្លាប់

រតនគិរី ៖ ស្ត្រីវ័យ៣០ឆ្នាំម្នាក់ មានផ្ទៃពោះជាង៨ខែទៅហើយ ប៉ុន្តែដោយសារមានជំងឺប្រចាំកាយ ស្ថិតក្នុង សភាពធ្ងន់ធ្ងរ ទើបក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកភ្លាមៗ លុះគ្រូពេទ្យពិនិត្យរួច ក៏សម្រេច ធ្វើ ការវះកាត់យកទារកចេញ មុននឹងធ្វើកាព្យាបាលជំងឺម្តាយ តែអកុសល ក្រោយពេលវះកាត់ យកទារិកា បានដោយសុវត្ថិភាពរួចហើយ បែរជាស្ត្រីជាម្តាយ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងមន្ទីរពេទ្យ។

ស្ត្រីរងគ្រោះខាងលើ មានឈ្មោះភា សុភី អាយុ៣០ឆ្នាំ មុខរបរកសិករ មានប្តី និងកូនចំនួន៤នាក់ក្នុងបន្ទក និងមានលំនៅក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង។

តាមប្រភពពីក្រុមគ្រូពេទ្យ បានបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះ បានកើតមានជំងឺប្រចាំកាយធំៗចំនួន២មុខគឺជំងឺ លើសឈាម និងជំងឺទឹកនោមប្រៃ ហើយនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានសាច់ ញាតិនិងក្រុម គ្រួសារ ដឹកទៅកាន់ពេទ្យសម្ភពមួយកន្លែង នៅក្នុងទីរួមខេត្ត ដើម្បីព្យាបាល។ ពេលបញ្ជូនទៅដល់ ក្រុមគ្រូពេទ្យ ឯកជន បានប្រាប់ថា ពុំមានលទ្ធភាពព្យាបាលជំងឺស្ត្រីនោះឡើយ សូមឱ្យសាច់ញាតិដឹកគាត់ទៅមន្ទីរពេទ្យខេត្ត ដើម្បីធ្វើការព្យាបាលបន្ត។ បន្ទាប់មក នៅថ្ងៃដដែលនោះ សាច់ញាតិបានដឹកស្ត្រីនោះទៅកាន់មន្ទីរពេទ្យ បង្អែក ខេត្តរតនគីរី ហើយគ្រូពេទ្យបានប្រាប់ថា ជំងឺស្ត្រីនោះមានសភាពធ្ងន់ធ្ងរទៅហើយ ដើម្បីព្យាបាលគាត់បាន គឺត្រូវធ្វើការវះយកទារកនៅក្នុងផ្ទៃ ដែលមានអាយុជាង៨ខែនោះចេញមកសិន ដើម្បីកុំឱ្យប៉ះពាល់ទារកក្នុងផ្ទៃ។

លោកហ៊ីង ផានសគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានឱ្យអ្នកសារព័ត៌មានដឹងថា ស្ត្រីនោះស្លាប់ដោយ សារជំងឺបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើង។ សាច់ញាតិរបស់ជនរងគ្រោះឃើញសភាពអ្នកជំងឺបែបនោះ ក៏យល់ ព្រមឱ្យវះកាត់ ព្រោះថាតម្លៃសេវាក៏មិនថ្លៃប៉ុន្មាន គឺត្រឹមតែ ១៥០ដុល្លារប៉ុណ្ណោះ ក្រុមគ្រូពេទ្យក៏សម្រេចធ្វើកាវះ កាត់យកទារិកាបានដោយជោគជ័យ ប៉ុន្តែបានតែប៉ុន្មាននាទី ស្ត្រីនោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យតែម្តង។លោកឌុច ហួរ ចៅសង្កាត់ឡាបានសៀក បានសម្តែងនូវអារម្មណ៍សោកសៅ ដោយពោលថា ទារករូបនេះពិត ជាអភ័ព្វណាស់ កើតមកបានឯកសារដល់ទៅពីរ គឺលិខិតកំណើត និងលិខិតមរណភាព (ម្តាយ) ៕

RELATED ARTICLES