Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ៤នាក់ ចោរប្លន់បន្លំធ្វើប៉ូលិស

វ៉ៃខ្នោះ៤នាក់ ចោរប្លន់បន្លំធ្វើប៉ូលិស

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម បាននាំគ្នាក្លែងបន្លំខ្លួនធ្វើជាមន្ត្រីនគរបាល រួចចេញធ្វើសកម្មភាពធាក់ប្លន់ម៉ូតូ អ្នកលក់សាច់គោម្នាក់ បានសម្រេច បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់នៅឯខេត្តកណ្តាល រួចក៏នាំគ្នារត់មក លាក់ខ្លួនក្នុងផ្ទះជួលមួយកន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ទីបំផុតត្រូវបានសមត្ថកិច្ចជំនាញសហការគ្នាស្រាវ ជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចបាត់។

ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់បន្លំខ្លួនជាប៉ូលិសនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ពុំទាន់ត្រូវបានស្គាល់អត្ត សញ្ញាណឡើយ ហើយជនសង្ស័យមួយក្រុមនេះ បានពាក់ប័ណ្ណសម្គាល់ខ្លួននគរបាល (ប័ណ្ណក្លែងក្លាយ សរ សេរដោយដៃ) រួចបានធ្វើសកម្មភាពស្ទាក់និងធាក់ប្លន់ម៉ូតូអ្នកលក់សាច់គោម្នាក់ ខណៈកំពុងតែដឹកសាច់គោ យកទៅឱ្យម៉ូយ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រថ្មី ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ត កណ្តាល បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់ ភ្លាមៗ។

ប្រភពដដែល បន្តថា ក្រោយពីកើតមានសកម្មភាពបែបនេះ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក កៀនស្វាយ បានធ្វើការស្រាវជ្រាវ ហើយកំណត់មុខសញ្ញាជនសង្ស័យ ព្រមទាំងទីតាំងលាក់ខ្លួននៅបន្ទប់មួយ កន្លែង ម្តុំតំបន់សម្បុកចាប ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ បន្ទាប់មក កម្លាំងនគរបាលសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលខណ្ឌដង្កោ និងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានចុះទៅ ចាប់ខ្លួនក្រុមជន សង្ស័យ ប៉ុន្តែក្រុមនេះដឹងខ្លួនមុន និងនាំគ្នារត់គេចខ្លួនចូលក្នុងប្រឡាយទឹកស្អុយ តែគេចមិនផុត ក៏ត្រូវនគរបាល ឃាត់ខ្លួនបាន៤នាក់ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ក្រោយពេលឃាត់ខ្លួន នគរបាលបានដកហូតម៉ូតូ ចំនួន៣គ្រឿង រួមនិងគ្រឿងបន្លាស់សម្រាប់ដោះ ដូរគ្រឿងម៉ូតូ មួយចំនួន ព្រមទាំងប័ណ្ណសម្គាល់ខ្លួននគរបាលក្លែងក្លាយ ចំនួន៣សន្លឹក និងសម្ភារៈផ្សេងៗទៀត រួចនាំខ្លួនក្រុម ជនសង្ស័យយកទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការ តាមនីតិវិធី៕

RELATED ARTICLES