Friday, October 18, 2024
Homeតារាខ្មែរឈួន សុវណ្ណឆៃ ដេកភ័យរឿងមាស៥០តម្លឹង

ឈួន សុវណ្ណឆៃ ដេកភ័យរឿងមាស៥០តម្លឹង

គ្រាន់តែបើកឆាកចូលឆ្នាំ២០១៧ភ្លាម អ្នកនាង ឈួន សុវណ្ណឆៃ បានបង្អួតគ្រឿងឈុតអលង្ការមាស ស្រោចខ្លួនមានទាំងក្រវិល  ខ្សែក្រវាត់ ចិញ្ចៀន កងដៃ ខ្សែក និងកាបូបដៃ ជាដើម គឺមាសទឹកដប់សុទ្ធ១០០% ខណៈដែលមានការបញ្ជាក់ថា សម្រាប់ខ្សែក បូកជាមួយក្រវិល មានទម្ងន់៨តម្លឹង, ខ្សែក្រវាត់២៦តម្លឹង, កាបូបដៃ ១១តម្លឹង, កងដៃ និងចិញ្ចៀន ២តម្លឹង ដែលសរុបទាំងអស់ចំនួន៤៧តម្លឹង ហើយបើគិតជាលុយជាង៦ម៉ឺនដុល្លារ។

ឈួន សុវណ្ណឆៃ បង្ហាញគ្រឿងឈុតមាស គួរឱ្យភ្ញាក់ផ្អើលនេះ នៅក្នុងពិធីមង្គលការលើកទី២ របស់តារាកំប្លែង អ្នកនាងប៉េងប៉ោង កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ ដែលនៅពេលនោះ បានធ្វើឱ្យភ្ញៀវកិត្តិយសជាច្រើនភ្ញាក់ផ្អើល ជាពិសេស អ្នកនៅក្នុងចង្កោមសិល្បៈ។ ទន្ទឹមនោះ ក៏មានពាក្យខ្សឹបខ្សៀវគ្នាថា សុវណ្ណឆៃ បង្អួតគ្រឿងមាសម៉្លឹងៗ មិនខ្លាចពីសុវត្ថិភាព ទេអី? ម៉្យាងកន្លងមកតារាកំប្លែងនាយកុយ ក៏ធ្លាប់ត្រូវចោរប្លន់គ្រឿងមាស អស់ជាច្រើនតម្លឹងផងដែរ។

ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូករាប់ពាន់ក្បាលរូបនេះ បានបញ្ជាក់នៅពេលនោះថា អ្នកនាងប្រើឈុតមាសនេះ ក៏ព្រោះតែស្រលាញ់ និងចង់ប្រើជាយូរមកហើយ ព្រោះចង់ឱ្យប្លែកពីគេ ដែលភាគច្រើនគេបង្អួតតែគ្រឿងពេជ្រ ប្រឈមខាតច្រើន។ ម៉្យាងលុយទិញមាសនេះ គឺបានមកពីមុខរបរចិញ្ចឹមជ្រូក ដូច្នេះចង់សន្សំលុយនេះទុកផង ក៏ទិញមាសតែម្តងទៅ ហើយអ្នកនាងប្រើឈុតមាសនេះ ម្តងម្កាលតែប៉ុណ្ណោះ។

យ៉ាងណា ក្រោយបង្អួតគ្រឿងមាស ដែលមានតម្លៃជាងកន្លះសែនដុល្លារ ផ្អើល ដល់ជំទាវៗទ្រព្យស្តុកមួយចំនួន ហើយមានបណ្តាញសារព័ត៌មាន ចុះផ្សាយព្រោង- ព្រាតផងនោះ តាមដំណឹងថា អ្នកនាងឈួន សុវណ្ណឆៃ កំពុងតែដេកព្រួយពីទ្រព្យ សំណព្វមួយឈុតនេះ ព្រោះបារម្ភពីសុវត្ថិភាពគ្រប់ពេល គឺរាល់ពេលទៅណាមកណា ភ្នែកនៅកញ្ចឹងក។

តាមប្រភពពីអ្នកសិល្បៈស្និទ្ធជាមួយឈួន សុវណ្ណឆៃ បានឱ្យដឹងថា សុវណ្ណឆៃ មិនហ៊ានពាក់គ្រឿងមាសនោះទៀតទេ ព្រោះក្រៅរអៀសចិត្តខ្លាចគេថា អ្នកនាងអួត ពីរបស់ទ្រព្យ ក៏ខ្លាចក្រុមចោរតាមប្លន់ផងដែរ។

យ៉ាងណា ពាក់ព័ន្ធនឹងដំណឹងនេះ មិនអាចទាក់ទង សុំការបញ្ជាក់ពីអ្នកនាងឈួន សុវណ្ណឆៃ ជាថ្មីបានទេ ដែលតាមដំណឹងថា អ្នកនាងមិនហ៊ានបង្ហាញខ្លួននៅតាមទីសារធារណៈដូចមុនទេ។ សូម្បីតែលេខទូរស័ព្ទ ដែលមិនធ្លាប់ស្គាល់ក៏មិនហ៊ានលើកដែរ។ ពោលគឺអ្នកមេម៉ាយទ្រព្យស្តុករូបនេះ កំពុងតែព្រួយបារម្ភពីសុវត្ថិភាពស្ទើរគ្រប់ដង្ហើមចេញចូល…៕

 

 

RELATED ARTICLES