Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្តីខឹងប្រពន្ធ ដុតផ្ទះឆេះហ្មត់ អត់ដំបូលជ្រក ទាំង អស់គ្នា

 ប្តីខឹងប្រពន្ធ ដុតផ្ទះឆេះហ្មត់ អត់ដំបូលជ្រក ទាំង អស់គ្នា

ពោធិ៍សាត់ ៖ បុរសម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្រពន្ធ ស្រាប់តែបែកគំនិតទៅទិញសាំង យកមកចាក់ដុតផ្ទះខ្លួនឯងចោល បណ្តាលឱ្យឆាបឆេះអស់ទាំងស្រុង រួចបានរត់គេចខ្លួនបាត់មុនសមត្ថកិច្ច ចុះទៅដល់។

ករណីប្តីឈ្លោះប្រពន្ធ ចាក់សាំងដុតផ្ទះចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិបារគូ ឃុំស្រែស្តុក ស្រុកកណ្តៀង។

ជនបង្កហេតុជាប្តីដែលដុតផ្ទះខ្លួនឯងចោល មានឈ្មោះកែន គឹមនី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ ទន់ មុំ អាយុ៣៥ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិបារគូ ឃុំស្រែស្តុក ស្រុកកណ្តៀង។ ចំណែកផ្ទះដែលរងការឆាបឆេះ មានទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ក្រាលរនាបក្តារ ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង រួមទាំងសម្ភារមួយចំនួន ប៉ុន្តែមិនមានមនុស្សរងរបួសនោះទេ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនបង្កហេតុជាប្តី បានកើតមានទំនាស់ពាក្យសម្តី ជាមួយប្រពន្ធរបស់ខ្លួន ស្រាប់តែឆេះឆួលកំហឹងខ្លាំង រហូតដល់បែកគំនិត ទៅទិញសាំងពីផ្ទះលក់ចាប់ហួយ នៅក្នុងភូមិ យកមកចាក់ស្រោចពេញផ្ទះ រួចយកដែកកេះ ដុតផ្ទះចោល បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ តែម្តង។

ក្រោយពីធ្វើសកម្មភាពចាក់សាំងដុតផ្ទះ បណ្តាលឱ្យឆាបឆេះរួចមក ជនបង្កហេតុជាប្តី បានរត់គេចខ្លួនបាត់ ភ្លាមៗ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋនិងសមត្ថកិច្ច ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានជួយអន្តរាគមន៍ពន្លត់ភ្លើង រហូត ដល់រលត់វិញទាំងស្រុង តែអកុសល ទ្រព្យនិងសម្ភារៈ ព្រមទាំងផ្ទះ បានក្លាយជាចំណីភ្លើងអស់ទៅហើយ។ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនបង្កហេតុជាប្តី ដើម្បីនាំយកមកផ្តន្ទាទោស តាមច្បាប់៕

RELATED ARTICLES