ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានភ្ជង់កាំបិត វ៉ៃដំកម្មការិនីរោងចក្រម្នាក់ រហូតសន្លប់ រួចចាប់រំលោភរំលោភសេព សន្ថវៈ រហូតបានសម្រេច និងថែមទាំងបានប្លន់លុយ ៣០០ដុល្លារ ហើយរត់គេចខ្លួន។ លុះស្អែកឡើងត្រឡប់ មកបន្ទប់ជួលវិញ ត្រូវអាជ្ញាធរមូលដ្ឋាន ចុះមកគោះទ្វារហៅទៅប៉ុស្តិ៍ ដើម្បីសាកសួរ ស្រាប់តែជនសង្ស័យបាន ប្រើលេសសុំប្តូរអាវបន្តិចសិន រួចសម្ងំចងកស្លាប់នៅក្នុងបន្ទប់ជួលតែម្តង។

ករណីវ៉ៃស្រីសន្លប់ ប្លន់ព្រហ្មចារីនិងលុយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចបន្ទប់ជួល ជាន់ទី១ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ រហូតមកដល់ វេលាម៉ោង ៦ព្រលប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យបានចងកស្លាប់នៅក្នុងបន្ទប់ជួលរបស់ខ្លួនស្ថិត ក្នុងភូមិកើតហេតុខាងលើ នៅពេលអាជ្ញាធរមូលដ្ឋាន បានចុះមកហៅទៅប៉ុស្តិ៍ ដើម្បីសាកសួរ។ជនសង្ស័យដែលចាប់រំលោភស្រី រួចចងកស្លាប់ ដើម្បីគេចពីការចាប់ខ្លួននេះ មានឈ្មោះសេង សុភា មុខរបរ កម្មកររោងចក្រកាត់ដេរ ជាបុរសពោះម៉ាយ ស្នាក់នៅបន្ទប់ជួលជាន់ទី១ ស្ថិតក្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ទើបនឹងមកជួលបន្ទប់ស្នាក់នៅ បានប្រមាណ៧ថ្ងៃប៉ុណ្ណោះ) និងមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ ចំណែក នារីរងគ្រោះ ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលជាប់គ្នា (ស្នាក់នៅរយៈពេលជាង ២ឆ្នាំមកហើយ)។
តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងនាង និងជនសង្ស័យ គ្រាន់តែជាអ្នកជិតខាងគ្នាប៉ុណ្ណោះ គ្មានទំនាក់ទំនងអ្វីនោះឡើយ ណាមួយជនសង្ស័យទើបនឹងមកជួលបន្ទប់ស្នាក់នៅទីនេះ បានរយៈពេលប្រមាណ ១សប្តាហ៍ប៉ុណ្ណោះ។ មុនកើតហេតុ កាលពីវេលាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នាងបានឮសូរសំឡេងគោះ ទ្វារបន្ទប់នាង ដល់ទៅ២ដង តែនាងមិនហ៊ានចេញទៅបើកនោះឡើយ ព្រោះស្នាក់នៅតែម្នាក់ឯង។ រហូតមកដល់ម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នាងបានឮសំឡេងគោះទ្វារម្តងទៀត តែនាង នៅតែមិនហ៊ានបើកដដែល។
នារីរងគ្រោះ បានបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នាងបានជិះម៉ូតូទៅផ្សារ ដើម្បីទិញអីវ៉ាន់ខ្លះ ទុកទៅស្រុកកំណើត ដើម្បីចូលរួមបោះឆ្នោះ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ លុះវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ នាងបានត្រឡប់មកដល់បន្ទប់ជួលវិញ និងរៀបចំខ្លួនធ្វើដំ ណើរទៅស្រុកកំណើត ស្រាប់តែពេលនាងកំពុងចាក់សោចូលបន្ទប់ លេចមុខជនសង្ស័យឈ្មោះសេង សុភា ដែលជាអ្នកស្នាក់នៅបន្ទប់ជួលក្បែរគ្នា បានចូលមកធ្វើសកម្មភាពចាប់ខ្ទប់មាត់ រួចរុញនាងបញ្ចូលក្នុងបន្ទប់ បន្ទាប់មក ជនសង្ស័យបានដកកូនកាំបិតមកភ្ជង់កនាង គំរាមសម្លាប់នាងចោលទៀតផង រួចហើយក៏បានវាយដំ នាងផ្ទប់នឹងជញ្ជាំង ធ្វើឱ្យនាងសន្លប់បាត់ស្មារតី ហើយជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភនាង រហូត ដល់បានសម្រេចតែម្តង។
នារីរងគ្រោះ បន្តថា បន្ទាប់ពីចាប់រំលោភនាងរួចរាល់ ជនសង្ស័យបានប្លន់លុយរបស់នាង ចំនួន៣០០ដុល្លារ រួចបានរត់គេចខ្លួនបាត់ភ្លាមៗ។ ចំណែករូបនាង បានរត់ទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ លុះស្អែកឡើង នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាងបានប្រទះឃើញជនសង្ស័យបានត្រឡប់មក បន្ទប់ជួលវិញ ទើបនាងប្រញាប់រត់ទៅប្តឹងមេភូមិ ដើម្បីឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ។ លុះមេភូមិ និងអាជ្ញាធរមូលដ្ឋានមកដល់ ហៅជនសង្ស័យទៅសាកសួរ ស្រាប់តែជនសង្ស័យបានប្រើល្បិចថា សុំដូរអាវសិន រួចសម្ងំចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលតែម្តង។
តាមសម្តីលោកមេភូមិ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ លោកបាន ទទួលព័ត៌មាននិងបណ្តឹងពីនារីរងគ្រោះថា មានជនសង្ស័យម្នាក់ ស្នាក់នៅបន្ទប់ជួលក្បែរគ្នា បានចាប់រំលោភ និងប្លន់លុយរបស់នាងទៀតផង។ លុះនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោកបានដំណឹងមកថាជន សង្ស័យខាងលើ បានត្រឡប់មកបន្ទប់ជួលវិញ ទើបលោកនិងកម្លាំងអាជ្ញាធរមូលដ្ឋាន ២នាក់ទៀត បានចុះទៅ ដល់បន្ទប់ជួលរបស់ជនសង្ស័យ និងបានហៅជនសង្ស័យ ទៅសាកសួរនៅប៉ុស្តិ៍នគរបាល។ បន្ទាប់មក លោក បានចេញទៅទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍បន្ថែមទៀត ស្រាប់តែទូរស័ព្ទរួចជន សង្ស័យបានបិទទ្វារបន្ទប់ជួល សម្ងំឈឹង ទើបលោកនឹកសង្ស័យ ស្មានថាជននេះរត់គេចខ្លួន តែក៏មិនទាន់ហ៊ាន ទម្លាយទ្វារចូលដែរ រង់ចាំពេលសមត្ថកិច្ចមកដល់ ក៏ទម្លាយទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញ ជនសង្ស័យ បានចងកស្លាប់បាត់ទៅហើយ។

តាមប្រភពពីស្ត្រីជាបងស្រីបង្កើតរបស់ជនសង្ស័យ បានឱ្យដឹងថា ប្អូនប្រុសរបស់គាត់ម្នាក់នេះ ធ្លាប់មានប្រពន្ធ ម្តងរួចមកហើយ តែក្រោយមកបានបែកបាក់គ្នាវិញ គិតមកដល់សព្វថ្ងៃ គេរស់នៅពោះម៉ាយខ្លួនមួយ យូរឆ្នាំ មកហើយ និងបានចេញមកធ្វើការងាររោងចក្រ នៅភ្នំពេញ ប៉ុន្មានឆ្នាំហើយ តែទើបមកជួលបន្ទប់ខាងលើស្នាក់ នៅ បានប្រមាណ ១អាទិត្យប៉ុណ្ណោះ ក៏មានរឿងបែបនេះកើតឡើងតែម្តង។
បងស្រីជនសង្ស័យ បានបន្តថា មុនកើតហេតុ គាត់បានទៅស្រុក បោះឆ្នោតរួច មិនបានប៉ុន្មាន ក៏ទទួលដំណឹងថា ប្អូនប្រុសគាត់បានចងកស្លាប់ តែមិនដឹងថាមូលហេតុអ្វីនោះទេ។ លុះមកដល់ទីតាំងកើតហេតុ ត្រូវសមត្ថកិច្ច ប្រាប់ថា ប្អូនគាត់បានចាប់រំលោភនារីរងគ្រោះដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នា លុះពេលសមត្ថកិច្ចចុះចាប់ខ្លួន ក៏ចងកស្លាប់បែបនេះតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនសង្ស័យរូបនេះ ពិតជាស្លាប់ដោយសារចងកប្រាកដមែន។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕