Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសន្យាទិញម៉ូតូឱ្យជិះ ៤ឆ្នាំអត់ទិញ ទាញដុំថ្មគប់

សន្យាទិញម៉ូតូឱ្យជិះ ៤ឆ្នាំអត់ទិញ ទាញដុំថ្មគប់

បាត់ដំបង ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក ស្រាប់តែនឹកឃើញពីរឿងចាស់ ធ្លាប់ត្រូវបុរសម្នាក់សន្យា ទិញម៉ូតូឱ្យជិះ តែ៤ឆ្នាំមកហើយ មិនឃើញធ្វើតាមពាក្យសន្យា ទាញដុំថ្ម ទៅគប់រថយន្តរបស់គេដែលចតនៅ ខាងមុខផ្ទះ បណ្តាលឱ្យរងការខូចខាត បែកកញ្ចក់ទ្វារ ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅចាត់ការ តាមច្បាប់។

ករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្មគប់កញ្ចក់រថយន្ត) នេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០៩ ភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះណាម សុផល ហៅង៉ោល ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅ ភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្ត មានឈ្មោះងួន ណាត ភេទប្រុស អាយុ៤៩ឆ្នាំ មានលំនៅ ភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់។ រីឯរថយន្តដែលរងការខូចខាត ម៉ាកហ៊ីយ៉ាន់ដាយ ២តោនកន្លះ ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0777 (បែកខូចខាតកញ្ចក់ ទ្វាររថយន្តទាំងសងខាង)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មានករណី ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្មគប់) មួយកើតឡើង ដោយជនសង្ស័យឈ្មោះណាម សុផល ហៅង៉ោល បានប្រើប្រាស់ដុំថ្មគប់ទៅលើរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ២តោនកន្លះ របស់ជនរងគ្រោះ ឈ្មោះងួន ណាត បណ្តាលឱ្យបែកខូចខាតកញ្ចក់នៃទ្វាររថយន្តទាំងសងខាង។

ក្រោយទទួលបណ្តឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិ ការដ្ឋានស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុក បានចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះណាម សុផល ហៅង៉ោល នាំទៅកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីធ្វើ ការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់ដុំថ្ម គប់ទៅ លើរថយន្តរបស់ជនរងគ្រោះប្រាកដមែន ដោយមូលហេតុខ្លួនផឹកស្រាស្រវឹង ខឹងដល់ជនរងគ្រោះជាម្ចាស់ឡាន ដែលធ្លាប់សន្យាកាលពី៤ឆ្នាំមុន ថានឹងទិញម៉ូតូ ១គ្រឿងឱ្យខ្លួនជិះ តែមិនឃើញទិញឱ្យ រហូតដល់សព្វថ្ងៃទើប កើតជាគំនុំ រហូតយកដុំថ្មគប់ទៅលើរថយន្តជនរងគ្រោះតែម្តង។

ជនសង្ស័យខាងលើ ត្រូវកម្លាំងនគរបាលស្រុក កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ ការបន្តតាមនីតិវិធី៕

RELATED ARTICLES