កំពង់ឆ្នាំង ៖ ក្រុមគ្រួសារមួយ មានគ្នា៣នាក់ (ឪពុក ម្តាយ និងកូនប្រុសអាយុ១២ឆ្នាំ) បាននាំគ្នាជិះទូកបាឡាស្មាច់ ១គ្រឿង ចេញទៅឆ្លុះចាប់សត្វគីង្គក់ យកមកលក់ ទាំងមេឃកំពុងធ្លាក់ភ្លៀងខ្លាំង និងមានខ្យល់កន្ត្រាក់ផង លុះ បុរសជាឪពុកបើកបាឡាស្មាច់លឿនពេក ពេលបត់ ធ្វើឱ្យក្រឡាប់លិចចូលទឹក ហើយភ្លាមនោះកូនប្រុសប្រឹង ហែលឡើងគោក រួចរស់ជីវិត តែអកុសល ឪពុកម្តាយបានលិចចូលទឹក បាត់ខ្លួន រកមិនទាន់ឃើញនៅឡើយ។ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុច កោះកណ្តាល ស្ថិតក្នុងភូមិអន្លុងកញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង។

ជនរងគ្រោះទាំង៣នាក់ ដែលជួបហេតុការណ៍គ្រោះថ្នាក់លិចទូកកណ្តាលទន្លេ រួមមាន ទី១-ឈ្មោះរ៉េន រឹត ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាឪពុក និងជាអ្នកបើកបាឡាស្មាច់ (បាត់ខ្លួន)។ ទី២-ឈ្មោះអេង យីម ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ធ (បាត់ខ្លួន) និងទី៣-ឈ្មោះប៉ុន បញ្ញាសក្តិ ភេទប្រុស អាយុ១២ឆ្នាំ ត្រូវជាកូន (ហែលរួច)។ ក្រុមគ្រួសារជនរងគ្រោះខាងលើ មានលំនៅក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង។

លោកវរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគបាលស្រុកកំពង់លែង បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣ (ឪពុកម្តាយកូន) បានបើកកាណូតបាឡាស្មាច់ ១គ្រឿង ដើម្បីចេញទៅរកឆ្លុះចាប់សត្វគីង្គក់ នៅពេលយប់ ទុកយក មកលក់ដូចសព្វដង។ លុះមកដល់ចំណុចខាងលើ ដោយសារតែបើកបរក្នុងល្បឿនលឿន ហើយបានបត់ ទើបធ្វើឱ្យក្រឡាប់លិចតែម្តង ខណៈដែលអំឡុងពេល កើតហេតុនោះ មេឃកំពុងធ្លាក់ភ្លៀងធំ និងមានខ្យល់កន្ត្រាក់ទៀតផង។

ក្រោយពីទទួលបានព័ត៌មានខាងលើ លោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យអាជ្ញាធរនិងសមត្ថកិច្ច រួមជាមួយបងប្អូនជនរងគ្រោះ សហការគ្នា ស្វែងរកជនរងគ្រោះទាំង២នាក់ដែលបាត់ខ្លួនភ្លាមៗ ដែរ តែរហូតមកដល់ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅ មិនទាន់រកឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធនៅឡើយ៕
