Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាន់កាំបិតគំរាមសម្លាប់ស្រី ជាប់ខ្នោះ២

កាន់កាំបិតគំរាមសម្លាប់ស្រី ជាប់ខ្នោះ២

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពកាន់កាំបិត ទៅរករឿងគំរាមសម្លាប់ស្ត្រីម្នាក់ ដល់មុខផ្ទះ ទាំងកណ្តាលយប់ រួចកាប់រថយន្តនិងទ្វារផ្ទះរបស់ស្ត្រីរងគ្រោះ បណ្តាលឱ្យរងការខូចខាតទៀតផង លុះក្រោយ មកត្រូវសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបចាប់វាយខ្នោះ បានទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីគំរាមគំហែងថានឹងសម្លាប់ និងបំផ្លិចបំផ្លាញដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង ២០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខផ្ទះលេខ 221B ផ្លូវលេខ១៥០ ក្រុមទី២៧ ភូមិ០៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះផល សីវា ហៅហៀប ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ (មានសារ ធាតុញៀន) និងទី២-ឈ្មោះឡុង ឌាំង ហៅឌាំង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម (ចេះនិយាយខ្មែរ) មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ (មានសារធាតុ ញៀន) ។ រីឯវត្ថុតាងចាប់យក រួមមាន កាំបិតច្នៃ ចំនួន១ (ចាប់យកពីឈ្មោះផល សីវា ហៅហៀប)។ ចំណែកជន រងគ្រោះ មានឈ្មោះនី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២៣ ជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពដើរសំដៅមកផ្ទះជនរងគ្រោះ រួចស្រែក ឡូឡា គំរាមសម្លាប់ជនរងគ្រោះជាម្ចាស់ផ្ទះ ធ្វើឱ្យជនរង គ្រោះភ័យខ្លាចយ៉ាងខ្លាំង និងមិនហ៊ានចេញពីផ្ទះ នោះទេ។ បន្ទាប់មក ជនសង្ស័យទាំង២នាក់ ក៏បាននាំគ្នាប្រើកាំបិតកាប់ទៅលើរថយន្តរបស់ជនរងគ្រោះម៉ាក តូយ៉ូតា ព្រូស ពណ៌ស បណ្តាលឱ្យបែកកញ្ចក់ទ្វាររថយន្តខាងមុខ ផ្នែកខាងឆ្វេង និងថែមទាំងបានកាប់ទ្វារផ្ទះ ជនរងគ្រោះ ផ្នែកខាងមុខ បណ្តាលឱ្យរងការខូចខាតទៀតផង។

ប្រភពដដែល បន្តថា បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង២នាក់ បាននាំគ្នារត់គេចខ្លួនបាត់អស់ភ្លាមៗ។ ចំណែកជនរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ២និង៤០ នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បាន ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ខាងលើបាន នៅចំណុចផ្សេងៗគ្នា ដោយជនសង្ស័យទី១- ឈ្មោះផល សីវា ហៅហៀប ត្រូវបានឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវបេតុង ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ចំណែកជនសង្ស័យទី២-ឈ្មោះឡុង ដាំង ត្រូវបានឃាត់ខ្លួននៅចំណុចបណ្តោយ ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES