បាត់ដំបង ៖ បុរសម្នាក់ បើកបររថយន្តស៊េរីទំនើប ១គ្រឿង ដោយមាននារីចំនួន ២នាក់ រួមដំណើរជាមួយផងបាន បើកបរក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកខឿនរង្វង់មូល បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់ ធ្វើឱ្យកើត មានអណ្តាតភ្លើងឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ តែសំណាងល្អ ទាំងអ្នក បើកបរនិងអ្នករួមដំណើរ បានរួចរស់ជីវិត លូនចេញពីក្នុងរថយន្តមកក្រៅទាន់ពេល មុនរថយន្តផ្ទុះឆេះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចរង្វង់មូលផ្លូវហាយវ៉េ ក្នុងភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល។រថយន្តដែលជួបគ្រោះថ្នាក់ក្រឡាប់ឆេះ ម៉ាក Lexus GS-300 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2AW-7725 បើកបរដោយបុរសម្នាក់ និងមាននារីជាអ្នករួមដំណើរចំនួន២នាក់ (មិនស្គាល់អត្តសញ្ញាណ) ក្រោយ កើតហេតុ អ្នកទាំង៣ បានចាកចេញទៅបាត់ពីកន្លែងកើតហេតុ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រថយន្តខាងលើ បានបើកបរក្នុងទិសដៅពីកើតទៅលិច ហើយទំនងជាមាន ល្បឿនលឿន លុះទៅដល់ចំណុចកើតហេតុ ជួបគ្រោះថ្នាក់តែម្តង ព្រោះពិនិត្យតាមស្លាកស្នាមកង់រថយន្ត បម្រុង បត់ឆ្វេង តែដោយសារបើកលឿនពេក ក៏ជ្រុលបុកពេញទំហឹង រហូតឡើងលើខឿនរង្វង់មូល ត្រង់ចំណុចផ្លូវប្រ សព្វហាយវ៉េ បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់ និងផ្ទុះឆេះតែម្តង។
ប្រភពដដែល បន្តថា នៅពេលដែលភ្លើងកំពុងឆាបឆេះរថយន្តនោះ គេឃើញម្ចាស់រថយន្តបានដើរឆ្វែលរថយន្ត របស់ខ្លួនដែរ តែបន្តិចក្រោយ ក៏បាត់ម្ចាស់រថយន្តនោះមិនដឹងទៅណា។

ដោយឡែក តាមប្រភពពីសាក្សីដែលព្យាយាមជួយអន្តរាគមន៍ភ្លាមៗ បានឱ្យដឹងថា ពេលរថយន្តនោះក្រឡាប់ ភ្លាម អ្នកដំណើរបានព្យាយាមចូលជួយសង្គ្រោះមនុស្ស ក្រែងមានជាប់ក្នុងរថយន្តនោះដែរ តែទៅដល់ឃើញ មានមនុស្ស៣នាក់ (ប្រុស១ ស្រី២) បានដើរឆ្វែលមើលរថយន្តបានបន្តិច លុះពេលមានភ្លើងឆាបឆេះឡើងអ្នក ទាំង៣ បានចាកចេញទៅអស់ បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ និងត្រូវភ្លើងឆេះខ្ទេចអស់ សល់តែ គ្រោងឆ្អឹងដែកប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង មកបាញ់ទឹកពន្លត់ភ្លាមៗដែរ តែតួរថយន្ត ទាំងមូល ត្រូវក្លាយជាចំណីភ្លើងអស់ទៅហើយ។ លុះព្រឹកឡើង សមត្ថកិច្ចបានស្ទូចយកគ្រោងឆ្អឹងដែករថយន្ត ខាងលើ ទៅរក្សាទុក រង់ចាំម្ចាស់ចូលមកដោះស្រាយ ពេលក្រោយ៕