(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់ ត្រូវបានអង្គភាពនគរបាលការពារបេតិភណ្ឌ ប្រចាំប្រាសាទបន្ទាយឆ្មា ឃាត់ខ្លួនពីបទជីករកវត្ថុបូរាណ នៅចំណុចទួលត្រពាំងកក់ ភូមិសំរោងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។
មន្រ្តីនគរបាលអង្គភាពនគរបាលការពារបេតិភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ លឿង លា អាយុ៤៨ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
មន្រ្តីនគរបាលបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ លឿង លា ចោទប្រកាន់ពីបទលួចជីករុករក ផ្នូរសពបុរាណ គឺកម្លាំងនគរបាលការពារបេតិភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ បានសហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក រួមជាមួយអាជ្ញាធរមូលដ្ឋាន។
ជនសង្ស័យកំពុងធ្វើសកម្មភាពជីករុករកផ្នូរសពបូរាណ ដែលជាកន្លែងហាមឃាត់នៅចំណុចទួលត្រពាំងកក់ ស្ថិតក្នុងភូមិសាស្រ្តប្រមាណ២.០០០ម៉ែត្រ ពីអាងជើងគ្រោះ ស្ថិតភូមិសំរោងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
កម្លាំងនគរបាលចុះបង្រ្កាបឃាត់ខ្លួនសង្ស័យ រឹបអូសមានវត្ថុតាង រួមមាន៖ ចបកាប់ ចបជីក ដែកស្បែង ពិលចុច១ គោយន្ត១គ្រឿង ឆ្នាំងបាយ និងវត្ថុតាងជាច្រើនទៀត ចំណែកបក្ខពួកត្រូវបានគេចខ្លួន២នាក់។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យម្នាក់លួចជីកវត្ថុបុរាណតំបន់ហាមឃាត់ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ៕