Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាញ់សម្លាប់មនុស្ស១ ជាប់ខ្នោះ១១នាក់

បាញ់សម្លាប់មនុស្ស១ ជាប់ខ្នោះ១១នាក់

ភ្នំពេញ ៖ ករណីឃាតកម្ម បាញ់សម្លាប់មនុស្សម្នាក់ យ៉ាងសាហាវឃោរឃៅ នៅកណ្តាលរាជធានីភ្នំពេញកាល ពីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិសាស្ត្រសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ កម្លាំងការិ យាល័យកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួង មហាផ្ទៃ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនជាតិវៀតណាម ចំនួន១១នាក់ បញ្ជូន ទៅសាកសួរ នៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្រុមជនជាតិវៀតណាមប្រុសស្រី ទាំង១១នាក់នេះ បានធ្វើឡើង កាលពីវេលា ម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចទីតាំងសណ្ឋាគារសូផៃ ទល់មុខនឹង ផ្សារហេងលី ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទាំង១១នាក់ ដែលត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួន មិនត្រូវបានសមត្ថកិច្ចបង្កើបឱ្យដឹង ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជនសង្ស័យទាំងអស់ សុទ្ធសឹងតែជាជនជាតិវៀតណាម ក្នុងនោះ មានប្រុស ៧នាក់ និងស្រី ៤នាក់។ ចំណែកជនរងគ្រោះដែលត្រូវក្រុមជនដៃដល់បាញ់សម្លាប់ មានឈ្មោះ MINH HUNG KHOUN អាយុជាង៣០ឆ្នាំ ជាជនជាតិវៀតណាម ត្រូវគ្រាប់កាំភ្លើងចំនួន ៣គ្រាប់។

ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យទាំង១១នាក់ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្ត ទៅកាន់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ភ្លាមៗ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មានករណីឃាតកម្ម (បាញ់សម្លាប់ មនុស្ស) បានកើតឡើងនៅ ត្រង់ចំណុចមុខសាលារៀនឯកជន ហូម អហ្វខ្មែរ តាមបណ្តោយផ្លូវ៣៦០ កែងផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង ដោយបុរសជនបរទេសម្នាក់ (ជនជាតិវៀតណាម) ត្រូវបាន ខ្មាន់កាំភ្លើងដកកាំភ្លើងបាញ់ប្រហារ បណ្តាលឱ្យដួលផ្កាប់មុខស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីឈ្លោះ ទាស់ទែងគ្នាមួយប្រាវ ដោយជនរងគ្រោះបានដកកាំបិតប្រុងចាក់ ប៉ុន្តែភាគីជនសង្ស័យមានកាំភ្លើងក៏ដក បាញ់ចំនួន ៤គ្រាប់ផ្ទួនៗ (ស្អុយ១គ្រាប់) បន្ទាប់ពីបាញ់សម្លាប់ជនរងគ្រោះរួច ក្រុមជនសង្ស័យ បាននាំគ្នារត់ ឡើងរថយន្តទំនើប ១គ្រឿង បើករត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Lexus NX-200t ពណ៌ស មិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវលេខ១៦៣ ខណៈពេលបើកមកដល់កែងផ្លូវលេខ៣៦០ ត្រង់ចំណុចមុខ សាលារៀន ហូម អហ្វខ្មែរ ស្រាប់តែជនសង្ស័យ បានទម្លាក់បុរសជាជនជាតិវៀតណាមម្នាក់ (ជនរងគ្រោះ) ចុះពីលើរថយន្ត ហើយពេលនោះឮសំឡេងទាស់ សម្តីគ្នា ថែមទាំងមានការដកកាំបិតគំរាមគ្នាទៀតផង។

ប្រភពដដែល បន្តថា ពេលនោះ គេក៏បានឃើញជនរងគ្រោះដើរចេញផុតទៅ តែក្រុមជនសង្ស័យ បានបើករថ យន្តតាមពីក្រោយ លុះពេលទៅទាន់ ជនសង្ស័យបានចុះពីលើរថយន្ត រួចដកកាំភ្លើងបាញ់ជនរងគ្រោះ ចំនួន៤ គ្រាប់ ពេលនោះជនរងគ្រោះ បានរត់ទៅមុខ ប្រមាណ១៥ម៉ែត្រ រហូតមកដល់មុខហាងលក់ រថយន្តមួយកន្លែង ទើបជនរងគ្រោះដួលស្លាប់នៅនឹងកន្លែងតែម្តង ចំណែកក្រុមជនសង្ស័យ បានឡើងជិះរថយន្ត រត់គេចខ្លួន បាត់អស់ភ្លាមៗដែរ។

ដោយឡែក យោងតាមប្រភពព័ត៌មានមួយផ្សេងទៀត បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ដើរចេញពីខុនដូ ១កន្លែង ក្បែរទីតាំងកើតហេតុ តែម្នាក់ឯង លុះបន្តិចក្រោយមក មានរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Lexus NX-200t ពណ៌ស បើកបរមកដល់ ហើយឃើញអ្នកជិះក្នុងរថយន្តនោះ បានចុះទៅជួបគ្នាជាមួយ ជនរងគ្រោះ ដែលមើលទៅទំនងជាជនសង្ស័យ និងជនរងគ្រោះ គឺជាមនុស្សស្គាល់គ្នាជិតដិត ហើយពួកគេ អាចទូរស័ព្ទទាក់ទងណាត់ជួបគ្នា ដើម្បីដោះស្រាយបញ្ហាអ្វីមួយ ប៉ុន្តែទំនងជាបញ្ហានោះធ្ងន់ធ្ងរពេក បណ្តាល ឱ្យខ្មាន់កាំភ្លើង បាញ់សម្លាប់ជនរងគ្រោះតែម្តង។

ក្រោយកើតមានករណីបាញ់ប្រហារខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅដល់ និងមានកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក្រោមការសហការជាមួយការិយា ល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ រួមទាំងកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង មហាផ្ទៃ បានចុះទៅដល់កន្លែងកើតហេតុ និងបានបង្កើតគណៈកម្មការត្រួតពិនិត្យសព។

នៅទីតាំងកើហេតុ សមត្ថកិច្ចបានចងខ្សែហ៊ុមព័ទ្ធ ដើម្បីធ្វើកោសលវិច័យសពជនរងគ្រោះ និងបើកការស្រាវ ជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពដែលមាននៅជុំវិញទីតាំងកើតហេតុខាងលើនោះ ដើម្បីកំណត់មុខសញ្ញា និងតាមចាប់ខ្លួនជនដៃដល់។ បន្ទាប់មក សពជនរងគ្រោះត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយពីសមត្ថកិច្ចជំនាញសហការស្រាវជ្រាវស៊ើបអង្កេតដោយប្រើពេលវេលាប្រមាណ ២៤ម៉ោង ក៏ឈាន ដល់ការកំណត់មុខសញ្ញា និងបង្ក្រាបក្រុមជនសង្ស័យបាន សរុបចំនួន១១នាក់ នាំយកទៅសាកសួរយកចម្លើយ៕

RELATED ARTICLES