Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផលិតករនិងតួប្រុស ចូលគុកហើយ រឿងតួស្រីប្តឹង បង្ខំថត បំពានផ្លូវភេទ

ផលិតករនិងតួប្រុស ចូលគុកហើយ រឿងតួស្រីប្តឹង បង្ខំថត បំពានផ្លូវភេទ

ភ្នំពេញ ៖ ម្ចាស់ផលិតកម្ម លោកឈួន សុខលីម ហៅសុខ លីមរក្សា និងលោកសេក ដារ័ត្ន ហៅ ខេនឌី ជាតួ សម្តែង ដែលត្រូវជាប្អូនប្រុស ត្រូវតុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ហើយបច្ចុប្បន្ននេះកំពុងត្រូវបានខ្លួននៅពន្ធនាគារព្រៃស (ម១)ពីបទផលិត រក្សាទុក និងចែកចាយរូបភាព វីដេអូអាសអាភាស តាមប្រព័ន្ធបណ្ដាញសង្គម ។ ការចាប់ខ្លួន និងឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានបណ្ដឹង របស់តួសម្តែងស្រី ៤រូប ដែលបានប្ដឹងពីបទបង្ខំថតអាសងាភាស បំពានផ្លូវភេទ ផលិតនិងចែកចាយរួបភាព អាសអាភាស ដោយមានអន្តរាគមន៍ស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ ពីសំណាក់ជំនួយការ និងទីប្រឹក្សាផ្ទាល់ របស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សាយ ស្រីលក្ខណ៍ ចុះ ថ្ងៃសៅរ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បាន បញ្ជាក់ថា ឈ្មោះ ឈួន សុខលីម ហៅសុខ លីមរក្សា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ អ្នកនិពន្ធនិងផលិតវីដេអូចម្រៀង កាន់សាសនាព្រះពុទ្ធ ទីកន្លែងកំណើតនៅភូមិខ្ចី ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្ត កំពង់ធំ មានលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ០៣៥បេ ផ្លូវលេខ០៣ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជ ធានីភ្នំពេញ ឪពុកឈ្មោះឈួន សេម (រស់) ម្ដាយឈ្មោះហេង អុន (រស់) ប្រពន្ធឈ្មោះអានី (លែងលះ) គ្មានកូន ជានីតិជន ត្រូវបានដាក់ឲ្យនៅក្រោមការពិនិត្យពីបទផលិត រក្សាទុក និងចែករូបភាព វីដេអូ (អាសអាភាសតាម ប្រព័ន្ធបណ្ដាញសង្គម) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣ ដែលមានប្បញ្ញត្តិឲ្យផ្ដន្ទា ទោស តាមមាត្រា៤០ និងមាត្រា៤១ នៃច្បាប់ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ ទៅឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ គឺទទួលឃុំខ្លួនជននេះ រហូតដល់មានបទប្បញ្ញត្តិថ្មីសម្រេចផ្សេងពីនេះ ។

 ជាមួយគ្នានោះដែរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដដែល ក៏បានចេញដីកា បង្គាប់ឲ្យកង កម្លាំង សាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ ឈ្មោះសេក ដារ័ត្ន ហៅខេនឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ កាន់ សាសនាព្រះពុទ្ធ មុខរបរជាតារាសម្ដែង មានទីកន្លែងកំណើត ភូមិបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និង លំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ០៣៥បេ ផ្លូវលេខ០៣ ក្នុងបុរីកាំបូតស៊ីធី ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជ ធានីភ្នំពេញ ឪពុកឈ្មោះសេក សារឿន (រស់) ម្ដាយឈ្មោះសេក អូន (រស់) នៅលីវ ជានីតិជន ត្រូវបានដាក់ឲ្យ នៅ ក្រោមការពិនិត្យពីបទផលិត រក្សាទុក និងចែករូបភាព វីដេអូ (អាសអាភាសតាមប្រព័ន្ធបណ្ដាញសង្គម) និងប្រ ទូស្តកេរ្តិ៍ខ្មាស ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣ ដែលមានប្បញ្ញត្តិឲ្យផ្ដន្ទាទោស តាមមាត្រា៤០ និងមាត្រា៤១ នៃច្បាប់ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងមាត្រា២៤៦ នៃក្រម ព្រហ្មទណ្ឌ ។

 គួរបញ្ជាក់ថា ដីកាបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ខាងលើនេះ បានធ្វើ ឡើងក្រោយដែលលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា បញ្ជាឲ្យឈ្មោះឈួន សុខលីម ហៅសុខ លីមរក្សា និងឈ្មោះសេក ដារ័ត្ន ហៅ ខេនឌី ចូលខ្លួនទៅកាន់ការិយា ល័យប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងរំលោភផ្លូវភេទ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរបណ្ដឹងព្រហ្មទណ្ឌពីបទបំពានផ្លូវភេទ ផលិតនិងចែកចាយរូបភាព អាស អាភាស តាមបណ្តឹងរបស់ឈ្មោះ ឈួន សេងលាប ភេទស្រី អាយុ២៥ឆ្នាំ, ឈ្មោះស៊ លីហុង ភេទស្រី អាយុ១៧ឆ្នាំ , ឈ្មោះផែន គឹមហៀង ភេទស្រី អាយុ១៧ឆ្នាំ និងផែន គឹមហៃ ភេទស្រី អាយុ១៤ឆ្នាំ ។

 លោកលី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់តាម រយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ថា ជនល្មើសទាំង ២នាក់ ខាងលើនេះ ត្រូវបានបញ្ជូនទៅមណ្ឌលកែប្រែទី១ (ព្រៃស) ហើយ ។ ច្បាប់មិនអាចលើកលែងទោសឲ្យជនល្មើស ឬអ្នកដែលប្រព្រឹត្តខុសបាននោះទេ ។ លោកមានការអាណិតអាសូរដែរ តែជនដែលប្រព្រឹត្តខុស ច្បាប់ត្រូវតែ អនុ វត្តន៍ ។ លោកសង្ឃឹមថា ពួកគវិលមកវិញ នឹងកែខ្លួនធ្វើជាពលរដ្ឋល្អ ។ ចំណុចសំខាន់នោះ លោកមានជំនឿថា ពីថ្ងៃនេះតទៅ រឿងដែលមិនសមរម្យ ដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងស្រ្ដីខែ្មរ ដែលមានភាពខ្ពង់ខ្ពស់និង ថ្លៃថ្នូរតាំងពីបុរាណមក ត្រូវបញ្ចប់ ដើម្បីលើកស្ទួយកិត្តិយសជាតិយើងឲ្យបានខ្ពង់ខ្ពស់ និងរុងរឿងជារៀងរហូត ។

 គួររំលឹកថា ថ្មីៗនេះ មាននារីវ័យក្មេង ៤នាក់ ដែលមួយចំនួនជាអនីតិជន បានដាក់បណ្ដឹងទៅនាយក ដ្ឋាននគរ បាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ស្នើសុំជួយរកយុត្តិធម៌ជូនពួកនាង ដោយពួកនាងបានចោទ ប្រកាន់ម្ចាស់ផលិតកម្ម Life Film លោកឈួន សុខលីម ហៅសុខលីម រក្សា បង្ខំពួកនាងថតរឿងអាសអាភាស និងថតបង្ហោះវីដេអូស្រើបស្រាលជាមួយតួប្រុស តាមបណ្ដាញសង្គម ហ្វេសប៊ុក ។ ជាមួយគ្នានោះ ពួកនាងស្នើសុំ លោកលី សាម៉េត ទីប្រឹក្សាសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកដួង តារា ជំនួយការសម្ដេចហ៊ុន សែន ជួយអន្តរាគមន៍តាមផ្លូវច្បាប់ផងដែរ ៕ កុលបុត្រ

RELATED ARTICLES