Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្ជង់ប្លន់កាបូបលុយ ស្រីធាក់១ជើង ចោរភ័យរត់បាត់

ភ្ជង់ប្លន់កាបូបលុយ ស្រីធាក់១ជើង ចោរភ័យរត់បាត់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូកញ្ចាស់ ១គ្រឿង និងប្រដាប់ដោយកូនកាំបិត ១ដើម បានធ្វើសកម្មភាព ភ្ជង់ប្លន់កាបូបលុយ ពីនារីជាអ្នកលក់កាហ្វេម្នាក់ បានសម្រេច ប្រុងឡើងជិះម៉ូតូបំណងរត់គេច ស្រាប់តែត្រូវ នារីរងគ្រោះហក់ធាក់ ដណ្តើមយកកាបូបលុយមកវិញបាន ហើយស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យ លើកម៉ូតូជិះរត់គេចបាត់។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចតូបលក់កាហ្វេ ១កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវត្រសក់ផ្អែម សង្កាត់ទន្ល បាសាក់ ខណ្ឌចម្ការមន។

តាមប្រភពពីនារីរងគ្រោះជាអ្នកលក់កាហ្វេ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងបានមកបើកតូបលក់ កាហ្វេ ដូចសព្វដង ស្រាប់តែលេចមុខបុរសម្នាក់ ជិះម៉ូតូកញ្ចាស់ ១គ្រឿង មិនស្គាល់ម៉ាក មានតែគ្រោងឆ្អឹងដែក បានជិះមកឈប់ចំពីមុខតូបកាហ្វេរបស់នាង បន្ទាប់មកបានប្រើលេសធ្វើជាទិញភេសជ្ជៈ លុះពេលឃើញឱកាស ល្អ ជនសង្ស័យបានដកកូនកាំបិតចុងស្រួច ១ដើម មកភ្ជង់នាងពីក្រោយ ប្លន់យកកាបូបលុយ និងទូរស័ព្ទរបស់ នាង បណ្តាលឱ្យនាងរងរបួសដៃ និងពកក្បាល។

នារីរងគ្រោះ បន្តថា លុះក្រោយពីប្លន់បានកាបូបលុយពីនាងហើយ ជនសង្ស័យប្រញាប់រត់ឡើងជិះម៉ូតូ បំណងរត់ គេច តែភ្លាមៗនោះ ដោយឃើញជនសង្ស័យហាក់មានអាការភិតភ័យ និងភ្លេចខ្លួនផង ទើបនាងបានស្ទុះហក់ ធាក់ជនសង្ស័យ ១ជើង ចំកណ្តាលខ្នង បណ្តាលឱ្យដួលម៉ូតូ រួចហើយនាងបានទាញយកកាបូបលុយមកវិញបាន និងបានស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យ ស្ទុះលើកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។ក្រោយពេលកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីឱ្យ សមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES