Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអស់ពីអធិការរង ឆ្លងដល់ចៅសង្កាត់ ស្ងាត់ៗធ្លាយ ប្រពន្ធប្តឹង វ៉ៃដំជាំឈាម

អស់ពីអធិការរង ឆ្លងដល់ចៅសង្កាត់ ស្ងាត់ៗធ្លាយ ប្រពន្ធប្តឹង វ៉ៃដំជាំឈាម

ភ្នំពេញ ៖ ស្របពេលដែលរឿងអាស្រូវរបស់អធិការរងនគរបាលខណ្ឌកំបូល មួយរូប ដែលត្រូវបាន ប្រពន្ធទម្លាយ រឿងប្រើហិង្សា វាយដំជាំពេញខ្លួន នៅមិនទាន់ស្ងាត់រលត់នៅឡើយផងនោះ ស្រាប់តែធ្លាយរឿងចៅសង្កាត់ មួយ រូប ត្រូវបានប្រពន្ធប្តឹងពីបទប្រើហិង្សា វាយដំប្រពន្ធ រហូតជាំឈាមពេញរាងកាយ លុះព្រះរាជអាជ្ញាកោះហៅ បែរ ជាគេចវេះ មិនព្រមចូលខ្លួនទៅបំភ្លឺ។ ករណីនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ ថា ជានីតិវិធីបន្ត គឺនឹងធ្វើការកោះឲ្យចូលខ្លួនជាលើកទី២ ហើយបើមិនចូលខ្លួនទៀត នឹងចេញដីកាបញ្ជាឲ្យចូល ខ្លួន ដែលស្មើនឹងបញ្ជាឲ្យនាំខ្លួន ឬឃាត់ខ្លួនមកប្រគល់ឲ្យតុលាការតែម្តង។

លោកចៅសង្កាត់ ដែលត្រូវប្រពន្ធប្តឹងពីបទ «អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ» នោះ មានឈ្មោះ កង វង អាយុ ៣៧ឆ្នាំ មុខរបរចៅសង្កាត់ចោមចៅទី១ មានលំនៅ ផ្ទះលេខ៣ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។ ចំណែកស្ត្រីជាប្រពន្ធ ជាដើមបណ្តឹង មានឈ្មោះ វង់ សុធារ៉ា អាយុ២៤ឆ្នាំ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជុំវិញករណីអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ខាងលើនេះ ត្រូវបានលោកគឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅលោក កង វង ចៅ សង្កាត់ចោមចៅទី១ ឱ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (បន្ទប់ ង ជាន់ទី២) នៅថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង៣រសៀល ដើម្បីសាកសួរនិងស្តាប់ចម្លើយ ពីដំណើររឿងតាមរបាយ ការណ៍សំ យោគលេខ ១៥២ ២៣/រ.ប.ក ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានកសាងសំណុំរឿងដែលមានដើមបណ្តឹងឈ្មោះ វង់ សុធារ៉ា ភេទ ស្រី អាយុ២៤ឆ្នាំ ប្តឹងឈ្មោះ កង វង ពីបទ «អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ» បន្ទាប់ពីតំណាងអយ្យការបាន សាកសួរនិងស្តាប់ចម្លើយរបស់ដើមចោទ (ស្ត្រីជាប្រពន្ធ) រួច កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

ទោះបីជាយ៉ាងណា នៅពេលដល់ថ្ងៃកំណត់ គឺនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តំណាងអយ្យការ បានបញ្ជាក់ថា ចុងចម្លើយ ឈ្មោះ កង វង មិនបានចូលខ្លួនមកឆ្លើយបំភ្លឺនៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នោះទេ ។

យ៉ាងណា តំណាងអយ្យការ បានបញ្ជាក់បន្ថែមថា រឿងចូលខ្លួន ឬមិនចូល ជាសិទ្ធិរបស់ជនសង្ស័យ តែនីតិវិធី របស់ស្ថាប័នអយ្យការ គឺនៅពេលដីកាកោះ លើកទី១ មិនចូលខ្លួន នឹងចេញដីកាកោះ លើកទី២ ហើយបើដីកា កោះលើកទី២ មិនចូលខ្លួនទៀតទេ តំណាងអយ្យការ នឹងចេញដីកាបញ្ជាឱ្យចូលខ្លួន ដែលមានអានុ ភាពស្មើ នឹងនាំខ្លួន ឬចាប់ខ្លួន។

សូមបញ្ជាក់ថា មុនពេលឈានដល់តុលាការចេញដីកាកោះ ខាងលើនេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ត្រីឈ្មោះ វង់ សុធារ៉ា មានលំនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរលក់ដូរ ត្រូវជា ប្រពន្ធរបស់លោក កង វង ចៅសង្កាត់ចោមចៅទី១  បានដាក់ពាក្យបណ្តឹង ចូលទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋ បាល ចោមចៅទី១ សំណើសុំប្តឹងឈ្មោះ កង វង ភេទប្រុស មុខរបរចៅសង្កាត់ចោមចៅទី១ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ក្នុងពាក្យបណ្តឹងនោះ ស្ត្រីឈ្មោះ វង់ សុធារ៉ា បានបញ្ជាក់ថា «នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១និង ៣០នាទីយប់ មុនពេលកើតហេតុ ខ្ញុំនិងជនបង្ក ឈ្មោះ កង វង បានចេញពីកម្មវិធីជប់លៀង រួចជិះរថយន្តបន្ត ដំណើរមកផ្ទះ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះដល់ចំណុចកើតេហតុខាងលើ ខ្ញុំនិងជនបង្ក បានមានទំនាស់ពាក្យសម្តីនឹងគ្នា ស្រាប់តែជនបង្ក បានវ៉ៃខ្ញុំ រួចទាញខ្ញុំចុះពីលើរថយន្ត ហើយ បន្តវ៉ៃខ្ញុំបន្តទៀត។ បន្ទាប់មក ជនបង្ក បានឱ្យខ្ញុំសំពះបាតជើងជនបង្ក ខ្ញុំក៏យល់ព្រមតាមជនបង្ក។ ក្រោយកើតហេតុ ទើបខ្ញុំដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ពីបទបង្ករបួសស្នាម ជាំភ្លៅសងខាង ជាំចង្កេះខាងឆ្វេងនិងខាងស្តាំ ជាំក្រោយខ្នង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកនាយប៉ុស្តិ៍ មេត្តា ជួយបើកការស្រាវជ្រាវ ស៊ើបអង្កេតនូវពាក្យបណ្តឹងរបស់នាងខ្ញុំ ដោយអនុគ្រោះ»។

ពាក់ព័ន្ធទៅនឹងករណីបណ្តឹងរបស់ស្ត្រីជាប្រពន្ធ និងដំណើរនីតិវិធីរបស់តុលាការ ខាងលើនេះ “នគរធំ” មិនអាច ទាក់ទងសុំការបំភ្លឺពីសាមីខ្លួនលោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានទេ កាលពីល្ងាច ម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅពេលក្រោយ៕

RELATED ARTICLES