Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសង្សារសុំបែក ចាក់១កាំបិត ដើរចូលប៉ុស្តិ៍ សារភាព កំហុស

សង្សារសុំបែក ចាក់១កាំបិត ដើរចូលប៉ុស្តិ៍ សារភាព កំហុស

កែប ៖ គូសង្សារមួយគូ ក្រោយពីទាក់ទងស្នេហាគ្នាបានមួយរយៈ កើតមានរឿងរកាំរកូស ឈ្លោះប្រកែកគ្នា ជាញឹកញាប់ ទើបខាងស្រីសម្រេចចិត្តសុំបែកចែកផ្លូវគ្នា ធ្វើឱ្យខាងប្រុស ដែលកំពុងមានចិត្តស្រលាញ់ពេញ បេះដូង ផ្ទុះភ្លើងប្រចណ្ឌ ក៏រៀបគម្រោងសម្លាប់ស្រីស្នេហ៍ ដោយជិះម៉ូតូតាំងពីភ្នំពេញ ទៅចាក់ប្រហារស្រីស្នេហ៍ ដល់ខេត្តកំពត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកជនដៃដល់ ដោយនឹកគិតថា រត់គេចមិនរួចពីសំណាញ់ច្បាប់ ក៏សម្រេចចិត្តចូលខ្លួនសារភាពនៅចំពោះ មុខ សមត្ថកិច្ចតែម្តង។

ករណីចាក់សម្លាប់ស្រីស្នេហ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ 33A ទល់មុខផែចាស់ ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប។ជនដៃដល់ដែលចាក់ប្រហារស្រីស្នេហ៍ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះមានឈ្មោះ ម៉ៅ ពិសី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលាងម៉ូតូ មានលំនៅ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះ ជាស្រីស្នេហ៍ មានឈ្មោះខៀវ ផាន់ណា អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកែប សង្កាត់កែប ក្រុងកែប។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ មាន ករណីប៉ុនប៉ងឃាតកម្មមួយ បានកើតឡើងនៅចំណុចផ្លូវលេខ 33A ទល់មុខផែចាស់ ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ដោយបុរសម្នាក់ បានជិះម៉ូតូពីភ្នំពេញ មកចាក់ប្រហារនារីជាសង្សាររបស់ខ្លួន ចំនួន១ កាំបិត ចំពីក្រោយខ្នង បណ្តាលឱ្យរងរបួសធ្ងន់។ លុះបន្តិចក្រោយមក ជនដៃដល់បានជិះម៉ូតូចូលមកសារ ភាពកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកែប តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ខ្លួនបានជិះម៉ូតូ ១គ្រឿង ចេញពីផ្ទះ តែម្នាក់ឯង ទៅដល់ផ្សារបឹងត្របែក ក៏ចូលទិញកូនកាំបិតចុងស្រួចមួយរួច បានដាក់តាមខ្លួន ក្នុងគោលបំណងយកទៅចាក់ សម្លាប់ស្រីស្នេហ៍របស់ខ្លួន នៅឯខេត្តកែប។

ជនសង្ស័យ បានសារភាពបន្តថា លុះពេលទិញកាំបិតបានហើយ ខ្លួនក៏ជិះម៉ូតូឆ្ពោះទៅកាន់ខេត្តកែប ហើយ ពេលទៅដល់ក្រុងកែប នៅវេលាម៉ោងជាង ៥ល្ងាច ខ្លួនក៏ចូលផឹកកាហ្វេ នៅស្ថានីយប្រេង មួយកន្លែង ស្ថិតនៅ ទល់មុខមន្ទីរពេទ្យបង្អែកខេត្ត។ លុះដល់ម៉ោងជាង ៦ល្ងាច ខ្លួនបានជិះម៉ូតូចេញទៅឃ្លាំមើលស្រីស្នេហ៍ នៅខាង កើតសាលាសង្កាត់កែប ចម្ងាយប្រហែល៥០ម៉ែត្រ រហូតដល់ម៉ោង ៧និង២០នាទីយប់ ខ្លួនបានឃើញស្រីស្នេហ៍ ជិះម៉ូតូចេញពីផ្ទះ តែម្នាក់ឯង ដោយមិនដឹងថាគោលដៅនាងទៅណានោះទេ។

ជនសង្ស័យ បានសារភាពបន្តទៀតថា ឃើញដូច្នោះ ខ្លួនបានជិះម៉ូតូតាមពីក្រោយ លុះដល់កន្លែងកើតហេតុខ្លួន បានបើកម៉ូតូយ៉ាងលឿន ទៅទន្ទឹមនឹងម៉ូតូរបស់ស្រីស្នេហ៍ (ជនរងគ្រោះ)បន្ទាប់មកខ្លួនមិនបាននិយាយស្តីអ្វី ឡើយ ក៏ដកយកកូនកាំបិតចុងស្រួច ចាក់ទៅលើស្រីស្នេហ៍ ចំពីក្រោយខាងឆ្វេង ១កាំបិត បណ្តាលឱ្យរងរបួស ធ្ងន់តែម្តង។

ជនសង្ស័យ បានបន្ថែមថា ក្រោយពីធ្វើសកម្មភាពរួច ខ្លួនបានជិះម៉ូតូចូលទៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសារភាពកំហុស ។ ចំណែកជនរងគ្រោះ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ជនសង្ស័យខាងលើ បានបញ្ជាក់ថា មូលហេតុដែលខ្លួនដាច់ចិត្តលើកដៃចាក់ប្រហារ ប៉ងផ្តាច់ជីវិតនារីរងគ្រោះ ព្រោះតែភ្លើងប្រចណ្ឌ ដោយសារមុននេះ ខ្លួននិងនារីរងគ្រោះជាសង្សារ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា និងឈ្លោះគ្នាតាមឆាត អស់រយៈពេល៣ថ្ងៃ ហើយនារីជាសង្សារ បានសុំបែក ទើបធ្វើឱ្យខ្លួនដែលកំពុងមាន ចិត្តស្រលាញ់ស្រីស្នេហ៍ពេញបេះដូង ផ្ទុះភ្លើងប្រចណ្ឌ រហូតរៀបគម្រោងសម្លាប់នារីរងគ្រោះ ហើយក៏បានទិញ កាំបិតចុងស្រួច តាមចាក់ប្រហារ ប៉ងផ្តាច់ជីវិតនារីជាសង្សារតែម្តង។ ប៉ុន្តែក្រោយពីចាក់ស្រីស្នេហ៍រួច ដោយដឹង ច្បាស់ថា រត់ទៅណាក៏មិនរួចពីសំណាញ់ច្បាប់ ទើបខ្លួនស្ម័គ្រចិត្តចូលសារភាពតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកែប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES