Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ម្ចាស់ឱសថស្ថាន ករណីរំលោភកម្មសិទ្ធិបញ្ញា

ចាប់ម្ចាស់ឱសថស្ថាន ករណីរំលោភកម្មសិទ្ធិបញ្ញា

ភ្នំពេញ ៖ កម្លាំងគណៈកម្មធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងចុះមកអញ្ជើញនាំម្ចាស់ឱសថ ស្ថានពន្លឺដួង ចន្ទ ទៅធ្វើការសាកសួរ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាម្ចាស់ក្រុមហ៊ុន វែលយូ អេន ហ៊ែល ឯ.ក ដែលផ្តាច់មុខអាហារបំប៉នខាងលើ ពីបរទេសមកកម្ពុជា និងរកឃើញផលិតផលអាហារបំប៉ន ជាច្រើនកំប៉ុងផង ដែរ។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៥និង២៥នាទីល្ងាច ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចទី តាំង ឱសថស្ថាន ពន្លឺដួងចន្ទ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៤៥៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការនេះ គឺដើម្បីអញ្ជើញម្ចាស់ឱសថស្ថានពន្លឺដួងចន្ទ ទៅសាកសួរ ក្រោយមានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះតាំង ឈាងហេង អាយុ៣១ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន វែលយូ អេន ហ៊ែល ឯ.ក ដែលផ្តាច់មុខអាហារបំប៉នខាងលើ ពីបរទេស មកកម្ពុជា មានលំនៅ ផ្ទះលេខ ៨៩ ផ្លូវ២០១១ សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមរយៈពាក្យបណ្តឹង  បានបញ្ជាក់ថា ឱសថស្ថានពន្លឺដួងចន្ទ ដែលមានទីតាំងខាងលើ កំពុងចែកចាយ អាហារបំប៉នគ្រប់ប្រភេទ ដោយរំលោភលើកម្មសិទ្ធិបញ្ញា បន្លំពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន ដែលបានចុះបញ្ជី ធ្វើប្រវេទន៍ និងបង់ពន្ធត្រឹមត្រូវស្របតាមច្បាប់ ហើយផលិតផល របស់ក្រុមហ៊ុន វែលយូ អេន ហ៊ែល ឯ.ក ទាំងអស់ គឺសុទ្ធតែជាផលិតផលបានសុំច្បាប់ និងសិទ្ធិចែកចាយផ្តាច់មុខក្នុងប្រទេសកម្ពុជា ពីរោងចក្រផ្ទាល់ ទៀតផង។ ប៉ុន្តែឱសថស្ថានខាងលើ បាននាំចូលនិងប្រកាសលក់ដោយខុសច្បាប់ នូវរាល់ផលិតផលដែល ក្រុមហ៊ុនរបស់ខ្លួន ដែលខ្លួនបានផ្តាច់មុខ ដោយគ្មានការអនុញ្ញាតពីក្រុមហ៊ុន ដែលទង្វើនេះធ្វើឱ្យអតិថិជន មានការភាន់ច្រលំថា ជាផលិតផលដែលក្រុមហ៊ុននាំចូលដោយស្របច្បាប់ និងបានឆ្លងកាត់ការត្រួតពិនិត្យ ដោយក្រសួងសុខាភិបាល។ សកម្មភាពរបស់ឱសថស្ថានខាងលើនេះ ធ្វើឱ្យខូចប្រយោជន៍ស្របច្បាប់របស់ ក្រុមហ៊ុនខ្លួន ដែលនេះជាការប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងធ្វើឱ្យប៉ះពាល់នូវពាណិជ្ជនាមរបស់ក្រុមហ៊ុន របស់គាត់ និងទីផ្សាររបស់ក្រុមហ៊ុន យ៉ាង ធ្ងន់ធ្ងរ មិនអាចទទួលយកបាន។

ក្នុងពាក្យបណ្តឹង បានបញ្ជាក់ទៀតថា មិនតែប៉ុណ្ណោះ ទីតាំងនេះបាននិងកំពុងលួចស្តុកទុកលក់និងចែក ចាយបោះដុំទៅឱ្យឱសថស្ថានផ្សេងៗក្នុងរាជធានីភ្នំពេញ ក្នុងតម្លៃទាបជាងទីផ្សាររបស់ក្រុមហ៊ុនដើមទៀត ដែលផលិតផលទាំងនោះ នាំចូលគ្មានប្រភពច្បាស់លាស់ ធ្វើឱ្យ មានហានិភ័យខ្ពស់ ប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ និងសុវត្ថិភាពសង្គម។

ក្រោយពីមានពាក្យបណ្តឹងខាងលើ ទើបនៅល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ កម្លាំងគណៈកម្មធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម នៃក្រ សួងមហាផ្ទៃ ដឹកនាំកម្លាំងចុះមកអញ្ជើញនាំម្ចាស់ឱសថស្ថានពន្លឺដួងចន្ទ ទៅធ្វើការសាកសួរ និងរកឃើញផលិត ផលអាហារបំប៉ន ជាច្រើនកំប៉ុងផងដែរ៕

RELATED ARTICLES