Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងកសិកម្ម ដកហូតបំផ្លាញចោល ត្រីស៊ីសាច់ ជាអាហារ

ក្រសួងកសិកម្ម ដកហូតបំផ្លាញចោល ត្រីស៊ីសាច់ ជាអាហារ

ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយផ្អើលពេញបណ្តាញសង្គម អំពីការនាំចូលនិងលក់ចែកចាយប្រភេទត្រី ពីរ៉ាន់ញ៉ា (Piranha) ដែលជាប្រភេទត្រីកាចសាហាវ ស៊ីសាច់ជាអាហារ  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ ដល់ទីកន្លែងលក់ និងបានធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្ម ឱ្យបញ្ឈប់ ការនាំចូល និងបានឯកភាពបំផ្លាញចោល ត្រីពីរ៉ាន់ញ៉ា ដែលបាននាំចូល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញ TikTok និងហ្វេសប៊ុក អំពីការនាំ ចូលនិងលក់ចែកចាយប្រភេទត្រីពីរ៉ាន់ញ៉ា (Piranha) ដែលមានលក្ខណៈកាចសាហាវ និងស៊ីសាច់ជាអាហារ។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ និង អនុវត្តច្បាប់ ដល់ទីកន្លែងលក់ តាំងពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ហើយម្ចាស់អាជីវកម្មបានធ្វើ កិច្ច សន្យាឈប់ នាំចូល និងបានឯកភាពបំផ្លាញចោលតីពីរ៉ាន់ញ៉ា ដែល បាននាំចូលរួចរាល់ហើយ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរចំពោះរដ្ឋបាលជលផល ដែលបានចាត់វិធានការទាន់ ពេលវេលា និងសូមអំពាវនាវដល់សាធារណជន ព្រមទាំងអាជីវករ មិនត្រូវនាំចូលប្រភេទត្រីពីវ៉ាន់ញ៉ា ឬប្រភេទ ត្រីផ្សេងទៀត ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ ប្រភេទត្រីធម្មជាតិ ក៏ដូចមនុស្ស សត្វ និងបរិស្ថាន នោះ ឡើយ។

ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានដឹងអំពីការនាំចូលត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីកាចសាហាវផ្សេងទៀតយកមក ចិញ្ចឹម ឬចិញ្ចឹមលម្អ សូមរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផល ដើម្បីចាត់វិធានការសមស្រប។ចំពោះអ្នកដែលកំពុងចិញ្ចឹមប្រភេទត្រីទាំងនេះ សូមកុំលែងចូលធម្មជាតិ តែត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជា កំហិត។ លេខទំនាក់ទំនងសមត្ថកិច្ចជំនាញជលផល ០១២ ៩១១ ៤១១ ឬ ០១២ ៩២៩ ២២៩។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចែករំលែក ព័ត៌មានតាមបណ្តាញសង្គម ហ្វេសប៊ុក បន្តពីគណនីហ្វេសប៊ុកមួយ ឈ្មោះ «កសិករកូនខ្មែរ» អំពីករណីនាំចូល ត្រី ពីរ៉ាន់ញ៉ា ដ៏កាចសាហាវ មកកាន់កម្ពុជា។ ត្រីពីរ៉ាន់ញ៉ា ត្រូវបានគេដឹងថា ស៊ីសាច់មនុស្សផងដែរ។ មានសេចក្តីរាយការណ៍អំពីត្រីនេះថា បានស៊ីសាច់ក្មេងស្រីម្នាក់ អាយុ៦ឆ្នាំ នៅប្រទេសប្រេស៊ីល។

គណនីហ្វេសប៊ុកនោះ បានលើកឡើងថា ត្រីពីរ៉ាន់ញ៉ា ពុំគួរនាំចូលមកកម្ពុជា ទេ ព្រោះវាជាប្រភេទសត្វ ដែល អាចបន្ស៊ាំខ្លួនរបស់វានៅក្នុងមជ្ឈដ្ឋានធម្មជាតិកម្ពុជា បានយ៉ាងងាយស្រួល។ ប្រសិនបើត្រីនេះ ត្រូវបានបោះបង់ ឬរួចទៅក្នុងមជ្ឈដ្ឋានធម្មជាតិនោះ យើងនឹងជួបវិនាសកម្មនៃប្រព័ន្ធអេកូឡូស៊ី។ យើងមិនសំដៅលើត្រីនេះ ដេញ ខាំមនុស្សទេ តែយើងកំពុងសំដៅលើលទ្ធភាពនៃការបង្កកំណើតនៃសត្វប្រភេទនេះ និងភាពស្រដៀង គ្នានៃមជ្ឈ ដ្ឋាន រស់នៅ នឹងធ្វើឲ្យសត្វនេះ កើនឡើងយ៉ាងឆាប់រហ័ស បំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី ធនធានធម្មជាតិ របស់ យើង។

ប្រភពដដែល បានបន្តថា នៅប្រទេសថៃ ការនាំចូល ឬការចិញ្ចឹមត្រីប្រភេទនេះ ត្រូវផាកពិន័យ ចាប់ពី ១៥លាន រៀលឡើងទៅ ឬជាប់ពន្ធនាគារ ៦ខែ ឬទាំងផាកពិន័យ ទាំងជាប់ពន្ធនាគារ។ ដោយឡែក នៅប្រទេសវៀតណាម ក៏មានការហាមឃាត់ តាំងពីឆ្នាំ១៩៩៨ ប៉ុន្តែនៅតែមានអ្នកលួចចិញ្ចឹម ធ្វើជាអាហារ តាមដងទន្លេមេគង្គ ផ្នែកខាង ក្រោម៕

RELATED ARTICLES