រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច ហៅទៅសាកសួរពាក់ព័ន្ធករណីបុរសម្នាក់ធ្លាក់ពីលើអគារខុនដូ ESTONE INTERNATIONAL APARTMENT ហើយទីបំផុត នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ បុរសរូបនោះបានសារភាពការពិតប្រាប់សមត្ថកិច្ចហើយ ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ មានការហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ នៅចំណុចការដ្ឋានសំណង់អគារ ESTONE INTERNATIONAL APATMENT ដែលមានទីតាំងលេខ២៣ ផ្លូវលេខ៥១(ប៉ាស្ទ័រ) កែងផ្លូវលេខ២១៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយបុរសម្នាក់ត្រូវគេអះអាងថា បានធ្លាក់ពីលើអគារដែលមានកំពស់ជាង២០ជាន់ ដោយអ្នកខ្លះថា ធ្លាក់ពីជាន់ទី២ ឯខ្លះទៀតថា ថាធ្លាក់ពីជាន់ទី៥ ហើយត្រូវបានអ្នកធ្វើការជាមួយគ្នា ដឹកតាមម៉ូតូរ៉ឺម៉កកង់បី យកទៅធ្វើការសង្ក្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែអកុសល ដោយសារតែរងបួសធ្ងន់ពេកក៏ស្លាប់បាត់បង់ជីវិតទៅ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពេលដែលបុរសរងគ្រោះបានស្លាប់បាត់បង់ជីវិត កម្លាំងសមត្ថកិច្ចមានការសង្ស័យ ក៏ធ្វើកោសល្យវិច្ច័យសព បានឃើញថា មានស្នាមជាំលើដើមទ្រូង និងមានស្នាមខ្មៅនៅត្រង់ក ដូចជាស្នាមត្រូវគេរឹតក ។ ដោយឃើញបែបនោះ កម្លាំងនគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបុរសម្នាក់ យកមកធ្វើការសាកសួរផងដែរ ហើយរហូតមកដល់ល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ទើបបុរសរូបនោះបានសារភាពថា «រូបគេ និងបក្សពួកម្នាក់ទៀត ពិតជាបានធ្វើសកម្មភាពរឹតកសម្លាប់បុរសរងគ្រោះ ដើម្បីប្លន់ពិតប្រាដកមែន តែលុយ និងទ្រព្យសម្បត្តិទាំងនោះ ត្រូវបានបក្សពួកម្នាក់ទៀត យករត់គេចខ្លួនបាត់ទៅហើយ» ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ខ្លួនមិនទាន់អាចទម្លាយឲ្យស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែបង្ហើបឲ្យដឹងថាជាកូនជាងរបស់បុរសរងគ្រោះ ព្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនបក្សពួកម្នាក់ទៀត ចំណែកជនរងគ្រោះឈ្មោះ ធន់ ចាន់ធឿន អាយុ៣៣ឆ្នាំ មុខរបរមេការសំណង់ផ្នែកការ៉ូ មានស្រុកកំណើតនៅភូមិអូរ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ក្រោយពេលកើតហេតុ សពបុរសមេការត្រូវបានក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ចំណែកសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងតាមចាប់ខ្លួនបក្សពួកម្នាក់ទៀត ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕