Tuesday, December 24, 2024
Homeព័ត៌មានជាតិខឹងសុំប្រពន្ធត្រូវរ៉ូវគ្នាវិញមិនបាន ​យកផ្លែឡាម​អារកប្រពន្ធ

ខឹងសុំប្រពន្ធត្រូវរ៉ូវគ្នាវិញមិនបាន ​យកផ្លែឡាម​អារកប្រពន្ធ

ភ្នំពេញ៖ បុរសម្នាក់ខឹង​សុំប្រពន្ធត្រូវរ៉ូវគ្នាវិញមិនបាន មកអង្គុយចាំមាត់របងផ្ទះ គ្រាន់តែ​ប្រពន្ធបើកទ្វារចេញមក ចាប់ក្រៀកប្រពន្ធ យកផ្លែឡាមអារកសម្លាប់ប្រពន្ធ ហើយសម្លាប់ ខ្លួនឯងតាមក្រោយ ​សំណាងល្អ ប្រពន្ធយកដៃវាស រងរបួសរយះត្រចៀក និងដៃហូរឈាមពេញមុខ ចំណែកបុរសជាប្តីត្រូវឃាត់ខ្លួន ប្រគល់អោយនគរបាលប៉ុស្តិ៍បឹងត្របែក ​បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១២​ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្ទះលេខ៤១អា ផ្លូវលេខ៤១០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

បុរសដែលយកផ្លែឡាមមកអារកប្រពន្ធ មានឈ្មោះ បូ សម្បត្តិ អាយុ៤២ឆ្នាំមុខរបរកម្មករសំណង់ ​ជាប្តីប្រពន្ធនឹងគ្នា តែបានលែងលះបានរយ:ពេលជាង២ខែមកហើយ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ស៊ូ សោភា អាយុ៤០ឆ្នាំ មុខរបរធ្វើការតាមផ្ទះ រងរបួសចំត្រចៀក និងដៃស្ដាំ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានមកធ្វើការតាមផ្ទះរបស់គេនៅចំណុចកើតហេតុខាងលើ លុះដល់វេលាម៉ោងកើតហេតុ ស្ត្រីរងគ្រោះបានចេញមកបើកទ្វាររបងផ្ទះ ដើម្បីឲ្យកូនម្ចាស់ផ្ទះចេញមកពីរៀនចូលផ្ទះវិញ ខណ:នោះស្រាប់តែបុរសជាប្តីដែលបានអង្គុយសំកុកចាំ នៅខាងមុខផ្ទះកើតហេតុ គ្រាន់តែ​ឃើញប្រពន្ធចេញមក ​ស្ទុះទៅចាប់ក្រៀកស្ត្រីជាប្រពន្ធជាប់ រួចយកផ្លែឡាមបម្រុងមកអារកសម្លាប់ចោល ប៉ុន្តែសំណាងល្អ ជនរងគ្រោះយកដៃគ្រវាស បណ្តាលឲ្យរងរបួសចំត្រចៀក និងដៃស្ដាំហូរឈាម រួចបានស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ និង​នគរបាលប៉ុស្តិ៍បឹងត្របែក ចុះមកធ្វើការចាប់ខ្លួនបានតែម្ដង។

បើតាមសំដីរបស់ជនបង្កជាប្តី បានសារភាពថា ខ្លួននិងជនរងគ្រោះធ្លាប់ជាប្តីប្រពន្ធនឹងគ្នា ប៉ុន្តែបានលែងលះគ្នាជាង២ខែមកហើយ ដោយសារតែរូបគាត់ចូលចិត្តផឹកស្រាជាប្រចាំ និងជក់បារី ធ្វើឲ្យប្រពន្ធដែលចង់ឲ្យប្តីផឹកស្រានិងជក់បារី ក៏បានលែងលះ។ ក្រោយមកខ្លួនបានសុំ​ប្រពន្ធរួមរស់ជាមួយគ្នាវិញ ដោយសន្យាថា ឈប់ផឹកស្រា និងជក់បារីហើយ តែប្រពន្ធមិនព្រម ធ្វើឲ្យគាត់ខឹង ទប់កំហឹងមិនបាន សម្រេចចិត្តសម្លាប់ប្រពន្ធចោល ហើយសម្លាប់ខ្លួនតាមក្រោយទើបនៅថ្ងៃកើតហេតុ រូបគាត់មកអង្គុយចាំឲ្យតែប្រពន្ធបើកទ្វាររបងផ្ ទះចេញមក បានស្ទុះទៅចាប់ក្រៀកអាកសម្លាប់ប្រពន្ធរួច និងអារកសម្លាប់ខ្លួនឯងតាមក្រោយ ជាអកុសល ប្រពន្ធវាសដៃចេញ ហើយរើបំរាស់ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលត្រូវបានអ្នកជិតខាង ជួយចាប់បានតែម្តង ។

ក្រោយពេលកើតហេតុ​ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកជនដៃដល់​ ត្រូវបាននគរបាលប៉ុស្តិ៍បឹងត្របែក ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES