Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសចាប់ឃុំ កូនស្លាប់ ឪទទូចរកយុត្តិធម៌

ប៉ូលិសចាប់ឃុំ កូនស្លាប់ ឪទទូចរកយុត្តិធម៌

បន្ទាយមានជ័យ ៖ បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផ្នែកគ្រឿងញៀន ចាប់ឃាត់ខ្លួនដោយសង្ស័យ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន លុះក្រោយពីនាំខ្លួនទៅឃុំបណ្តោះអាសន្នក្នុងអធិការដ្ឋាននគរបាលស្រុក ស្រាប់តែហូបបាយរួច កើតមានអាការបែបពពុះមាត់ លុះសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក៏បាត់ បង់ជីវិត និងត្រូវគ្រូពេទ្យបញ្ជាក់ថា មូលហេតុមកពីគាំងបេះដូង។ ប៉ុន្តែករណីនេះ ត្រូវបានបុរសជាឪពុកជនរង គ្រោះ ទទូចទាមទារសុំឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេតស្រាវជ្រាវឡើងវិញ ដើម្បីរកយុត្តិធម៌ជូនកូនប្រុស របស់គាត់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅចំណុច បន្ទប់ឃុំខ្លួនបណ្តោះអាសន្ននៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរី។បុរសរងគ្រោះ មានឈ្មោះលាង ឡាង ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅ ភូមិពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី។

លោកវរសេនីយ៍ឯក ស៊ីន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរី លោកបានបញ្ជាក់ថា មុនពេលកើតហេតុ កម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកមង្គលបុរី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លាង ឡាង ដែលជាមុខសញ្ញាចាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មភាព ហើយត្រូវកម្លាំងជំនាញធ្វើការជ្រាវ ស្រាវរហូតចាប់ខ្លួនបាន។ ក្រោយពីជនសង្ស័យរូបនេះ រត់គេចខ្លួនទៅប្រទេសថៃ និងទើបត្រឡប់មកស្រុក កំណើតវិញ រួចធ្វើសកម្មភាពចែកចាយគ្រឿងញៀន ទើបកម្លាំងជំនាញស្រាវជ្រាវចាប់ខ្លួនជាក់ស្តែង នៅវេលា ម៉ោង១១ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិខាងលើ។

លោកអធិការ បានបញ្ជាក់ថា នៅពេលឃាត់ខ្លួននោះ គឺជនសង្ស័យកំពុងតែធ្វើសកម្មភាពចែកចាយគ្រឿងញៀន ប៉ុន្តែខណៈពេលកម្លាំងជំនាញឃាត់ខ្លួនបាន គឺរកមិនឃើញវត្ថុតាងគ្រឿងញៀននោះទេ អាចថា ជនសង្ស័យ ប្រហែលជាបោះចោលបាត់ទៅហើយ។ តែកម្លាំងជំនាញដកហូតបានវត្ថុតាងផ្សេងទៀត រួមមាន ទូរស័ព្ទដៃ ១គ្រឿង ដែលមានការហៅចូលកុម្មង់ទិញគ្រឿងញៀន ជាបន្តបន្ទាប់ ហើយនេះគឺជាភ័ស្តុតាង និងជាមុខសញ្ញា ចាស់។ បន្ទាប់មក ជនសង្ស័យរូបនេះក៏ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមង្គលបុរី។

លោកអធិការ បានបញ្ជាក់បន្តថា ក្រោយបញ្ជូនដល់អធិការដ្ឋាននគរបាលស្រុក កម្លាំងជំនាញបានបញ្ជូនជន សង្ស័យរូបនេះដាក់ឃុំឃាំងជាបណ្តោះអាសន្ន និងមានជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងទៀត នៅក្នុងនោះ ដែរ។ ក្រោយពេលឲ្យជនសង្ស័យហូបបាយរួច និងសមត្ថកិច្ចជំនាញ ក៏ដល់ម៉ោងសម្រាកហូបបាយផងដែរ (គឺនៅនឹងកន្លែងដូចគ្នា) ស្រាប់តែមានជនសង្ស័យម្នាក់ទៀត បានស្រែកថា “ជនសង្ស័យឈ្មោះលាង ឡាង ប្រកាច់បែកពពុះមាត់ហើយ” ដែលហេតុការណ៍កើតឡើងនៅម៉ោងជិត ២រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ ភ្លាមៗនោះ សមត្ថកិច្ចបានសុំគោលការណ៍ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ដើម្បីបញ្ជូន ជនសង្ស័យទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី។

លុះរហូតម៉ោង៥ល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ជាអកុសល ជនសង្ស័យឈ្មោះលាង ឡាង បានបាត់បង់ ជីវិតទៅ ទោះបីជាក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងជួយសង្គ្រោះក៏ដោយ។ បន្ទាប់មក សមត្ថកិច្ចជំនាញបានរាយ ការណ៍ជូនស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងជំនាញផ្នែក ធ្វើកោសល្យវិច័យ សហការជាមួយគ្រូពេទ្យ ដើម្បីពិនិត្យ និងបានអះអាងថា ជនសង្ស័យ ស្លាប់ដោយសារ គាំងបេះដូង បណ្តាលឱ្យបែកគ្រាប់ឈាមឡើងជាំខ្មៅពេញដងខ្លួន។ ក្រោយមក សមត្ថកិច្ចជំនាញ បានធ្វើលិខិត ផ្តិតមេដៃទាំងឪពុក និងម្តាយរបស់ជនសង្ស័យ ដើម្បីមកទទួលយកសពជនសង្ស័យទៅធ្វើបុណ្យតាមប្រពៃណី ហើយលោកស្នងការនគរបាលខេត្ត ក៏បានសន្យាថា នឹងរកយុត្តិធម៌ជូនគ្រួសារជនសង្ស័យដែលស្លាប់ និងកម្លាំង នគរបាលជំនាញដែលបានខិតខំប្រឹងប្រែងលុបបំបាត់បទល្មើសគ្រឿងញៀន។

ដោយឡែក តាមប្រភពពីឪពុកម្តាយរបស់បុរសរងគ្រោះ បានប្រាប់ថា កូនប្រុសរបស់គាត់ មុនពេលដែលសមត្ថ កិច្ចឃាត់ខ្លួន គឺមានកម្លាំងមាំមួនល្អ ដើរច្រូតស្មៅឱ្យគោស៊ី ដែលចិញ្ចឹមចំនួន៤ទៅ៥ក្បាល នៅផ្ទះ។ ហើយនៅ ពេលដែលកម្លាំងប៉ូលិសឃាត់ខ្លួន នាំយកទៅកាន់អធិការដ្ឋានស្រុកមង្គលបុរីនោះ គឺគ្មានវត្ថុតាងគ្រឿង ញៀន នៅជាប់នឹងខ្លួននោះទេ។ បន្ទាប់មក កូនប្រុសរបស់គាត់ ត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ និងទទួលដំណឹង ថា កូនគាត់បានស្លាប់បាត់ហើយ ថែមទាំងមើលឃើញជាក់ស្តែង មានស្នាមជាំពេញខ្លួនទៀតផង។ ដូច្នេះលោក សុំឱ្យមន្ត្រីជំនាញពិនិត្យនិងធ្វើកោសល្យវិច័យឲ្យបានច្បាស់លាស់ ព្រមទាំងរកយុត្តិធម៌ជូនកូន ប្រុសដែលបាន ស្លាប់ ហើយមានស្នាមជាំពេញខ្លួននេះផង។

ជុំវិញករណីខាងលើនេះ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ មានខ្លឹមសារថា «អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ត បន្ទាយ មានជ័យ សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តា ជ្រាប នូវករណីបង្ក្រាបគ្រឿងញៀន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋឈ្មោះងួន ង៉ាន ភេទប្រុស អាយុ៣៩ឆ្នាំ បានរាយការណ៍ថា មានឈ្មោះលាង ឡាង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី បានឱ្យខ្លួនទៅយកថ្នាំញៀន ចំនួន៤០០ ០០០រៀល នៅចំណុចវត្តដងរុន ភូមិដងរុន ឃុំបន្ទាយនាង ស្រុកមង្គលបុរី។

ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញស្រុកមង្គលបុរី បានចុះទៅដល់វត្តដងរុន ប្រទះឃើញជនសង្ស័យឈ្មោះលាង ឡាង ភេទប្រុស អាយុ៣២ឆ្នាំ ជិះម៉ូតូក្នុងវត្ត ដៃកាន់ទូរស័ព្ទ បម្រុងគេចខ្លួន កម្លាំងយើងឃើញចាប់ឃាត់ខ្លួន ហើយត្រួតពិនិត្យរក គ្រឿងញៀន ជនសង្ស័យឆ្លើយថា ខ្លួនបានបោះថ្នាំញៀន ចោល តែមិនបានប្រាប់សមត្ថកិច្ចថាបោះចោលនៅកន្លែងណា។ បន្ទាប់មកក៏បាននាំខ្លួនមកអធិការ ដ្ឋាននគរ បាលស្រុកមង្គលបុរី ដើម្បីសាកសួរបន្ថែម។ ជនសង្ស័យបានសុំហូបបាយ និងសុំជួបម្តាយមីង ឈ្មោះធា បាន គាត់ដឹងពីជំងឺខ្ញុំយ៉ាងម៉េច។ ពេលនោះសមត្ថកិច្ចបានឱ្យបាយហូបមួយកញ្ចប់ ហូបមិនទាន់រួចផង ជនសង្ស័យ ថាឈឺពោះ ហើយសុំទឹកផឹកជាច្រើនដប ហើយសុំចូលបង្គន់ ឃើញជនសង្ស័យយកទឹកស្រោចខ្លួន ស្រែកថា ក្តៅណាស់ៗ ហើយមានការសង្ស័យថា ជនសង្ស័យអាចលេបថ្នាំញៀនលេបចូលក្នុងពោះ ឃើញជនសង្ស័យ មានអាការប្លែក បែកពពុះមាត់ លូនចេញពីបន្ទប់ទឹក។ ភ្លាមនោះ នៅម៉ោង១៣ៈ០០ កម្លាំងបានបញ្ជូន ទៅកាន់ មន្ទីរពេទ្យ រួចបានធ្វើតេស្តទឹកនោម រកសាធាតុញៀន (វិជ្ជមាន) ហើយក្រុមគ្រូពេទ្យបានជួយសង្គ្រោះជាបន្ទាន់ រហូតដល់ម៉ោង១៧ៈ១៥នាទី ជនសង្ស័យបានស្លាប់។ ក្រុមគ្រូពេទ្យគ្រូពេទ្យ និងនគរបាលកោសល្យវិច័យ ធ្វើការត្រួតពិនិត្យឃើញថា ជនសង្ស័យពិតជាស្លាប់ដោយសារគាំងបេះដូង។ ក្រុម គ្រួសារសព បានទទួល ស្គាល់តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យក្នុងករណីស្លាប់នេះ គឺដោយសារគាំងបេះដូងប្រាកដមែន។ ក្រោយពី មានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។

យើងខ្ញុំសូមអំពាវនាវដល់សាធារណជន សូមមេត្តាកុំធ្វើការសន្និដ្ឋាន វាយតម្លៃរឿងហេតុ ដោយពុំមានមូលដ្ឋាន ច្បាស់លាស់ នាំឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបុគ្គល ឬស្ថាប័នអនុវត្តច្បាប់»៕

RELATED ARTICLES