ភ្នំពេញ ៖ ចូលក្លឹបផឹកស៊ីស្គាល់គ្នាមួយភ្លែត ចេញមកវិញទៅដេកផ្ទះសំណាក់ ឲ្យមិត្តភក្តិដែលទើបនឹងស្គាល់គ្នា ជូនទៅរកស្រីឡើងឋានសួគ៌ ត្រូវមិត្តភក្កិនោះលួចយកម៉ូតូទៅបាត់ បានត្រឹមទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ កាលពីវេលាម៉ោង០១និង៤៥នាទីរំលងអាធាត្រឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ដែលហេតុការណ៍កើតឡើងតាមបណ្តោយផ្លូវលំខាងក្រោយកាណាស៊ីធី នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ឈន ចាន់ថុល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសិស្សរៀនភាសាកូរ៉េ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតស្រុកគងពិសីខេត្តកំពង់ស្ពឺ ម៉ូតូដែលបាត់បង់ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ១CN-3141។ចំណែកជនសង្ស័យទើបតែស្គាល់គ្នាពេលចូលក្លឹបផឹកស៊ីជាមួយគ្នា ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេនិងមិត្តភក្កិ២នាក់ទៀត សរុបទាំង៣នាក់បានចូលក្លឹបមីតណាយ ផឹកស៊ីរាំលេងតាំងពីម៉ោង៨យប់ ខណៈពេលផឹកស៊ីនោះស្រាប់តែមានជនសង្ស័យម្នាក់ បានអង្គុយតុជិតគ្នានោះ សុំជល់កែវជាមួយ និងសុំរាប់អានគ្នា ដោយជនសង្ស័យនិយាយថា យើងសុទ្ធតែជាខ្មែរដូចគ្នា រាប់អានគ្នា ទើបអង្គុយផឹកតុជាមួយគ្នាដោយផឹកអស់ស្រាចំនួន៥ថូ រហូតដល់ម៉ោងកើតហេតុខាងលើ ក៏បានបបួលគ្នាទៅដេកផ្ទះសំណាក់ ផ្ទះលេខ៥២ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពដដែលបន្តទៀតថា ពេលទៅដល់ផ្ទះសំណាក់ហើយ ជនសង្ស័យបាននិយាយទៅ កាន់ជនរងគ្រោះថា បងឯងរកស្រីម្នាក់ មកកម្សាន្តទៅ គេស្គាល់ស្រីម្នាក់ ពេលនោះ ជនរងគ្រោះក៏បានទុកមិត្តភក្កិ២នាក់ ឲ្យនៅដេកចាំបន្ទប់ផ្ទះសំណាក់ ចំណែកជនរងគ្រោះនិងជនសង្ស័យបានជិះម៉ូតូឌុបគ្នាទៅរកស្រីនៅកន្លែងកើតហេតុខាងលើ ដោយជនសង្ស័យអះអាងថា មានស្គាល់ស្រីនៅជួលបន្ទប់ ចំណុចកើតហេតុខាងលើ ខណៈពេលជិះម៉ូតូទៅដល់ហើយ ជនរងគ្រោះនិងជនសង្ស័យបានដើរទៅបន្ទប់ជួល ដើម្បីទៅរកស្រី តែមិនទាន់ទាំងបានទៅដល់បន្ទប់ជួលផង ជនសង្ស័យបានដើរត្រឡប់ក្រោយ ឡើងជិះម៉ូតូរបស់ជនរងគ្រោះដែល មិនបានទាំងដកសោចេញពីម៉ូតូផងនោះជិះចេញទៅបាត់ ធ្វើឲ្យជនរងគ្រោះឆ្លេឆ្ លានិងបានទៅរកមិត្តភក្កិដែលនៅចាំផ្ទះសំណាក់ឲ្ យជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ជួយអន្តរាគមន៍ បន្ទាប់ពីជនរងគ្រោះនិងមិត្តភក្កិតាមរកគ្រប់ច្រកល្ហក តែតាមមិនទាន់៕