បាត់ដំបង ៖ យុវជនម្នាក់ បានប្រទះឃើញយុវតីជាសង្សាររបស់ខ្លួន បានជួបជុំផឹកស៊ីជាមួយយុវជនម្នាក់ទៀត ទើបធ្វើឱ្យកើតមានភ្លើងប្រចណ្ឌ ក៏បបួលមិត្តភក្តិម្នាក់ទៀត យកដាវ ទៅកាប់យុវជនរងគ្រោះដល់មុខផ្ទះ បណ្តាលឱ្យដាច់ដៃ រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ចំណែកក្រុមជនសង្ស័យ បានព្យាយាមរត់គេចខ្លួនបាន ១យប់ ក៏ត្រូវសមត្ថកិច្ចតាមចាប់បានម្នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួន បាត់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅចំ ណុចក្រុមទី៣ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី។ លុះមកដល់វេលាម៉ោង ៤និង១៥នាទី រសៀល ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចក្រុមទី២ ភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី។
ជនសង្ស័យ មានគ្នាចំនួន២នាក់ ទី១-ឈ្មោះទូច បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ជាអ្នកបើកម៉ូតូ (ឃាត់ខ្លួន) និងទី២-ឈ្មោះសាល សំណាង ហៅវ៉ែប ភេទប្រុស អាយុ១៦ឆ្នាំ មាននៅ ភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី ជាជនដៃដល់ (រត់គេចខ្លួន)។ ចំណែកជនរងគ្រោះ មាន ឈ្មោះហឿប មករា ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី សព្វថ្ងៃស្នាក់ នៅផ្ទះជួលត្រង់ចំណុចកើតហេតុ (រងរបួសកំភួនដៃខាងស្តាំ ដាច់ដល់ឆ្អឹង)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1W-6640 ដឹកគ្នា ដោយ ក្នុងនោះឈ្មោះទូច បញ្ញា ជាអ្នកបើកម៉ូតូ ចំណែកឈ្មោះសាល សំណាង ហៅវ៉ែប អង្គុយពីក្រោយ និងប្រដាប់ ដោយដាវ ១ដើម បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះហឿប មករា ដែលកំពុងឈរ លេងនៅក្បែរផ្លូវ បណ្តាលឱ្យរងរបួសកំភួនដៃខាងស្តាំដាច់ឆ្អឹង រងរបួសយ៉ាងធ្ងន់ និងត្រូវបានបញ្ជូនទៅ សង្គ្រោះ នៅមន្ទីរពេទ្យ បង្អែក ខេត្តបាត់ដំបង ភ្លាមៗ។
ក្រោយកើតហេតុ ដោយអុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរ បាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកជំនាញយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុក ធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះទូច បញ្ញា នៅចំណុចក្រុមទី២ ភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ព្រមតាំងដកហូតបានដាវសាមូរ៉ៃ ចំនួន១ដើម និងម៉ូតូ ១គ្រឿង ដែលជន សង្ស័យ បានជិះដឹកគ្នាធ្វើសកម្មភាព។ រីឯជនសង្ស័យម្នាក់ទៀត ឈ្មោះសាល សំណាង ហៅវ៉ែប កំពុងរត់គេចខ្លួន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះទូច បញ្ញា បានឆ្លើយសារភាពថា រូបគេនិងបក្ខពួកឈ្មោះសាល សំណាង ហៅវ៉ែប ដែលកំពុងរត់គេចខ្លួន ពិតជាបានកាប់ប្រហារទៅលើជនរងគ្រោះឈ្មោះហឿប មករា ប្រាកដ មែន។ មូលហេតុគឺផ្តើមចេញពីការប្រចណ្ឌជនរងគ្រោះ ជាមួយនារីជាសង្សារបស់ខ្លួន ព្រោះមុនកើតហេតុ គេបានឃើញជនរងគ្រោះ បានជួបជុំផឹកស៊ីជាមួយសង្សារខ្លួន ទើបកើតជាគំនុំនិងភ្លើងប្រចណ្ឌបែបនេះ។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ រីឯបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាម ច្បាប់៕