Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាក់ប្រពន្ធស្លាប់ រត់គេច២យប់ ជាប់ខ្នោះ

ចាក់ប្រពន្ធស្លាប់ រត់គេច២យប់ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនដៃដល់ជាឃាតករម្នាក់ ដែលមានចិត្តប្រចណ្ឌប្រពន្ធ រហូតលើកដៃចាក់ប្រហារប្រពន្ធជាច្រើនកាំបិត បណ្តាលឱ្យស្លាប់ កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រួចនាំកូនប្រុសម្នាក់រត់គេចខ្លួនបាត់នោះ ទីបំផុតត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួន បាន។

ប្រតិបត្តិការឃាត់ខ្លួនជនដៃដល់ជាឃាតករនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ខណៈពេល ដែលជនសង្ស័យរូបនេះកំពុងអង្គុយផឹកស៊ីនៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ។

ជនដៃដល់ជាឃាតករ មានឈ្មោះអុក អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ។ ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធ មិនទាន់ស្គាល់ឈ្មោះនៅឡើយ គ្រាន់តែដឹងថាជាជនជាតិវៀតណាមដូចគ្នា ហើយប្តីប្រពន្ធទាំងពីរ មានកូនប្រុសស្រីចំនួន២នាក់ ក្នុងបន្ទុក។ ដោយឡែកកូនដែលជនដៃដល់នាំយកទៅជាមួយនោះ គឺជាកូនប្រុស អាយុប្រមាណ៦ឆ្នាំ។

លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៣ ថា ក្រោយពីទទួលបានព័ត៌មាននិងធ្វើកំណត់ហេតុរួច កម្លាំងជំនាញផែនព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជា មួយប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ បានបើកការស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញាជនសង្ស័យ នៅមូលដ្ឋាន ខណ្ឌច្បារអំពៅ ក៏សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលណ្ឌច្បារអំពៅ ចុះឃាត់ខ្លួនជន សង្ស័យបាន ខណៈដែលជននេះកំពុងអង្គុយផឹកស៊ីនៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារ អំពៅ។

លោកអធិការបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនបាន ជនសង្ស័យជាឃាតករខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការ ដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ មានករណីឃាតកម្មដ៏សាហាវព្រៃផ្សៃមួយ បានកើតឡើងនៅចំណុចភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយប្តីប្រពន្ធជាជនជាតិ វៀតណាម ២នាក់ បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា ផ្តើមចេញពីភ្លើងប្រចណ្ឌ រហូតដល់ភាគីបុរសជាប្តី ទាញកាំបិតចាក់ប្រហារប្រពន្ធ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ បន្ទាប់មកបាននាំកូនប្រុសម្នាក់ រត់គេចខ្លួនបាត់ ដោយបន្សល់ទុកកូនស្រីតូចម្នាក់ ឱ្យនៅជាមួយម្តាយ។ លុះក្រោយពីមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ជួយ ដឹកបញ្ជូនស្ត្រីរងគ្រោះជាប្រពន្ធ ទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយសារស្ថានភាពរបួសធ្ងន់ខ្លាំងពេក ទើបស្ត្រី រងគ្រោះបានបាត់បង់ជីវិតទៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ គេបានឮសូរសំឡេងស្ត្រីជាប្រពន្ធ បានស្រែកយំនិងហៅឱ្យគេជួយ។ ពេលនោះអ្នកជិតខាង នាំគ្នារត់ទៅមើល ក៏ប្រទះឃើញស្ត្រីរងគ្រោះដេកដួលឈាមពេញខ្លួន ហើយបាត់កូនប្រុសសម្នាក់ និងបុរសជាប្តី ឃើញតែកូនស្រីតូចនៅជាមួយស្ត្រីរងគ្រោះជាម្តាយ លុះពេលអ្នកជិតខាងសួរនាំ នាងតូចបានប្រាប់ថា “ប៉ាវ៉ៃម៉ាក់” ។

ប្រភពដដែល បន្តថា ភ្លាមនោះ អ្នកជិតខាងបាននាំគ្នាដឹកបញ្ជូនស្ត្រីរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពហុព្យាបាល មេឌ ១១៥ ជាប់ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (នៅក្បែរផ្ទះ) ដែរ តែរហូតមកដល់ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដោយសារតែស្ថានភាពរបួសរបស់ស្ត្រីរងគ្រោះ មានសភាពធ្ងន់ខ្លាំងពេក ទើបបាន ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។

តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរខាង បានបង្ហើបថា ករណីខាងលើនេះ សង្ស័យអាចជាភ្លើងប្រចណ្ឌ  ព្រោះកន្លងមក ឧស្សាហ៍ឃើញបុរសជាប្តី រករឿងឈ្លោះប្រពន្ធខ្លាំងណាស់ រហូតដល់ថ្ងៃកើតហេតុ ក៏កើតមាន រឿងចាក់សម្លាប់ប្រពន្ធយ៉ាងឃោរឃៅបែបនេះ តែម្តង ហើយក្រោយពេលចាក់ប្រពន្ធរួច ជនដៃដល់បាននាំកូន ប្រុសម្នាក់ ឡើងជិះម៉ូតូចាកចេញទៅបាត់ ទុកកូនស្រីតូចម្នាក់ឱ្យនៅជាមួយម្តាយ៕

RELATED ARTICLES