ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូអត់មានស្លាកលេខ ត្រូវកម្លាំអន្តរាគមន៍ពិសេស ខណ្ឌសែនសុខឃាត់យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីរកឯកសារដែលពាក់ពន្ធ័មកបញ្ជាក់ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៧ខែ មករា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ៥៩៨ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពពីសមត្ថកិច្ចដែលជាកម្លាំងអន្តរាគមន៍ពិសេសខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងខាងលើបានធ្វើការជិះល្បាតយាមផ្លូវខាងលើ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ដែលតែងតែកើតចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៍ដូចជាតាមដងផ្លូវ ស្រាប់តែបន្តិចក្រោយមក ក៍មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរ៊ីឆ្នាំ២០១៦ គ្មានស្លាកលេខ ជិះដោយយុវជនពីរនាក់តាមផ្លូវខាងលើ ពេលនោះកម្លាំងខាងលើបានធ្វើការជិះម៉ូតូប្រដេញ រហូតដល់ហាងលក់ទំនិញស៊ុភើស្ទរ័ ស្ថិតតាមផ្លូ១៩៨៦ ស្ថិតក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ទើបធ្វើការឃាត់ម៉ូតូខាងលើនោះបាន ហើយក្រោយមកកម្លាំងខាងលើបានធ្វើការឆែកឆេររកមើលឯកសារដែលពាក់ពន្ធ័ ហើយធ្វើការសួរនាំទៅខាងម្ចាស់ម៉ូតូ ម្ចាស់ម៉ូតូបានឆ្លើយថា គេមិនទាន់ត្រូវបានគេហៅទៅយកស្លាកលេខទេ គេទិញបានចំនួនពីរខែមកហើយ
ចំណែកឯកសារដែលពាក់ព័ន្ធនឹងម៉ូតូ គឺសុទ្ធសឹងតែជាឯកសារថតចម្លងទាំងអស់។
ក្រោយមកទើបសមត្ថកិច្ចសម្រេចយកម៉ូតូខាងលើ យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ សិន រង់ចាំម្ចាស់ម៉ូតូយកឯកសារពិតប្រាកដមកបញ្ជាក់ ទើបសមត្ថកិច្ចអាចប្រគល់ម៉ូតូអោយត្រឡប់យកទៅវិញបាន ។
ម្ចាស់ម៉ូតូខាងលើ មានឈ្មោះ នឹម ពៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិសំបុកមាន់ ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត។ ទី២ មានឈ្មោះ អឿង ឌី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិងស្រុកកំណើតដូចគ្នា មានស្រុកកំណើតភូមិទ្វារថ្មី ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត ។
បើតាមប្រភពពីម្ចាស់ម៉ូតូបានឲ្យដឹងថា ពួកគេទាំងពីរនាក់ទើបតែមកពីផឹកកាហ្វេ ហើយបំណងជិះម៉ូតូទៅការដ្ឋានស្នាក់នៅវិញ ស្រាប់តែមានកម្លាំងសមត្ថកិច្ចមកឃាត់ម៉ូតូរបស់ពួកគេដោយសារតែម៉ូតូរបស់ពួកគេគ្មានស្លាកលេខជាយូរណាស់មកហើយ។
គួរបញ្ជាក់ថា ចំពោះក្រសួងសាធារណការបានបញ្ជាក់ថា ចំពោះម៉ូតូដែលទើបតែទិញថ្មី នៅដើមសប្ដាហ៍ ក្រសួងទុករយះពេលអោយមួយសប្ដាហ៍ ដើម្បីទៅធ្វើស្លាកលេខ រីឯម៉ូតូដែលទិញថ្មីនៅថ្ងៃចុងសប្ដាហ៍ ក្រសួងទុកពេលអោយរយៈពេល១០ថ្ងៃ ដើម្បីធ្វើស្លាកលេខ បើពុំដូចច្នោះទេសមត្ថកិច្ចនឹងមានវិធានការចំពោះម៉ូតូដែលចរាចរគ្មានស្លាកលេខទាំងនោះ តួយ៉ាងដូចជាម៉ូតូខាងលើជាដើម ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលទើបតែទិញម៉ូតូថ្មីទាំងអស់ ត្រូវទៅធ្វើស្លាកលេខគ្រប់ៗគ្នា ចៀសវាងដូចករណីខាងលើ នាំតែខាតពេលវេលាអត់ប្រយោជន៍ ៕