ភ្នំពេញ ៖ ក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ បានកើតមានជំងឺគ្រុនឈាម និងត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាល នៅគ្លីនិកឯកជនមួយកន្លែង ដោយត្រូវគ្រូពេទ្យបន្តោកសេរ៉ូម អស់៤លីត្រ ប៉ុន្តែអាការមិនបានធូរស្រាល បែរជា កាន់តែធ្ងន់លើសដើម ទើបត្រូវឪពុកម្តាយប្រញាប់ដឹកបញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ឯរាជធានីភ្នំពេញដើម្បី សង្គ្រោះ។ លុះពេលដឹកមកដល់ ត្រូវគ្រូពេទ្យពិនិត្យឃើញថា សល់តែដង្ហើមចុងក្រោយប៉ុណ្ណោះ តែយ៉ាងណា បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យគន្ធបុប្ផា ខិតខំព្យាបាលសង្គ្រោះយ៉ាងយកចិត្តទុកដាក់ទីបំផុតក្មេង ប្រុសខាងលើ បានជាសះស្បើយ រួចពីសេចក្តីស្លាប់។

ក្មេងប្រុសដែលកើតជំងឺគ្រុនឈាមធ្ងន់ សល់តែដង្ហើមចុងក្រោយនោះ មានអាយុ៨ឆ្នាំនិងមានលំនៅក្នុងខេត្ត ត្បូងឃ្មុំ។
យោងតាមប្រភពពីមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ថា មានក្មេងប្រុសម្នាក់ អាយុ៨ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម នៅឯគ្លីនិកឯកជនមួយ ក្នុងខេត្តត្បូងឃ្មុំ ដាក់សេរ៉ូមអស់ ៤លីត្រ លុះពេលជំងឺធ្ងន់ធ្ងរ សល់តែដង្ហើមចុងក្រោយ ក៏ត្រូវបានឪពុកម្តាយបញ្ជូនមកសម្រាក ព្យាបាលនៅមន្ទីរ ពេទ្យគន្ធបុប្ផាភ្នំពេញ។
ប្រភពដដែល បន្តថា ក្មេងប្រុសខាងលើ មានជំងឺគ្រុនឈាមកម្រិតធ្ងន់ ស្មុគស្មាញបំផុត (EDS) : អស់ជីពចរ (shock syndrome) ៥ ដង ក្នុងរយៈពេល៤៨ម៉ោង (5 times repeated cardiovascular collapses-shocks within 48h) និងហូរឈាមក្នុងក្រពះពោះវៀន ហើមសួត ក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានគ្រូ ពេទ្យសង្គ្រោះជីវិត ដោយប្រើឈាមប្លាស្មា និងប្លាកែត សរុបអស់ ៧ប្លោក និងជំនួយម៉ាស៊ីនសប់ដង្ហើម។

ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផា បានអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាកម្ចាត់និងបំបាត់ជម្រកមូសខ្លា ដោយ សាររដូវភ្លៀង មិនទាន់បញ្ចប់ទេ ហើយសូមការពារបុត្រធីតា កុំឱ្យមូសខ្លាខាំ ព្រោះជំងឺគ្រុនឈាម អាចវិវត្ត យ៉ាងលឿនទៅជាធ្ងន់ធ្ងរស្មុគស្មាញ និងអាចសម្លាប់កុមារបាន។ ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា បានអរ គុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលសង្គ្រោះ ជីវិតក្មេងប្រុសមានជំងឺគ្រុនឈាមកម្រិតធ្ងន់បំផុតនេះ។ ក្នុងនោះ មន្ទីរពេទ្យគន្ធបុប្ផា ក៏អរគុណមជ្ឈមណ្ឌល ជាតិផ្តល់ឈាម ដែលតែងតែផ្តល់ចម្រោះប្លាកែតទាន់ពេលវេលា។ ជាចុងក្រោយ មន្ទីរពេទ្យគន្ធបុប្ផាក៏បានអរ គុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងសប្បុរសជនគ្រប់លំដាប់ថ្នាក់ ដែលតែងតែ គាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។
គួរជម្រាបថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មាន ការរើសអើងចំពោះបុគ្គលណាម្នាក់ឡើយ៕