ភ្នំពេញ៖ស្រីស្អាតជុំ រចនាពេជ្រ ហៅបេប៊ី បានសន្យាជាថ្មីយ៉ាងច្បាស់លាស់ថានាងនឹងវិលមកកាន់ក្បាលមីក្រូសារជាថ្មីនៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ជាមួយការត្រៀមអ្វីដែលថ្មីនិងប្លែកបំផុត ខណៈដែលពេលនេះកុងត្រារបស់នាងនៅថោនចំនួន៥ឆ្នាំ បានអស់សុពលភាពទៅហើយ និងសម្រេចចិត្តមិនបន្ដកុងត្រាថ្មីឡើយ។
បេប៊ី ថ្លែងប្រាប់ ”នគរធំ” តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៦ កញ្ញា ថាពេលនាងកំពុងតែចាប់ផ្ដើមធ្វើការហ្វិកហាត់ជាមួយក្រុមរាំឡើងវិញជាមួយបទចម្រៀងថ្មីៗដែលត្រៀមរួចជាស្រេច តែនាងមិនអាចប្រាប់បានថាចេញមុខជាថ្មីនេះនឹងព្រលែងប៉ុន្មានបទនោះទេ គឺចាំឲ្យទស្សនិកជនបានឃើញជាក់ស្ដែងតែម្ដង។នាងថាទោះជាបាត់មុខពីឆាកតន្រ្ដីជាច្រើនខែក្ដី ប៉ុន្ដែជំនឿរចិត្តរបស់នាងនៅតែមាន ព្រោះអាជីពចម្រៀងជាផ្នែកមួយដែលខ្លួនស្រលាញ់បំផុត បើទោះជាការចាប់ផ្ដើមលេងសិល្បៈដំបូងរូបនាងសម្រុកតែលើផ្នែកសម្ដែងនិងធ្វើជាពិធីការិនីជាច្រើនឆ្នាំក្ដី។ស្រីស្រស់រចនាពេជ្រ ក៍បានបញ្ជាក់ថាការត្រឡប់មកវិញលើកនេះនាងចាប់តែអាជីពចម្រៀងមួយមុខប៉ុណ្ណោះ មិនធ្វើជាពិធីការិនីដូចមុនទៀតឡើយ ដែលការតាំងចិត្តបែបនេះដោយសារតែនាងចង់ឲ្យទីផ្សារចម្រៀងរបស់នាងរលូនល្អទៅមុខ។
ទាក់ទងការមិនបន្ដកុងត្រាថ្មីនៅថោន វិញបេប៊ី ថានោះជាការសម្រេចចិត្តរបស់នាងតែទំនាក់ទំនងរវាងនាងនិងថៅកែរួមទាំងតារានៅថោន គឺនៅតែល្អដដែលពោលគឺអាចធ្វើការងារជាមួយគ្នាបានគ្រប់ពេល។ប៉ុន្ដែការឈានទៅចូលផលិតកម្មថ្មីនៅពេលណានោះនាងថាអត់ទាន់ហ៊ាននិយាយព្រោះធ្វើអ្វីទៅតាមជាក់ស្ដែង ខណៈដែលចាប់ពីពេលនេះតទៅរូបនាងជាតារាចម្រៀងឯករាជ្យម្នាក់ដែលចំណាយថវិការធ្វើបទចម្រៀងដោយខ្លួនឯង តែនេះមិនមែនជាលើកទី១នោះទេ ព្រោះមុនចូលថោន នាងក៍ធ្លាប់ឆ្លងកាត់ចាយលុយធ្វើបទដោយខ្លួនឯងហើយដែរ។
កញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី បានបោះបង់អាជីពជាពិធីការិនីនៅCTN ដែលនាងបានតស៊ូរហូតដល់ជាង១០ឆ្នាំ ដើម្បីមកធ្វើជាតារាចម្រៀងថោន តែដោយសារកាលពីឆ្នាំមុននេះផ្ទុះកូវីដទើបធ្វើឲ្យនាងផ្អាកឡើងឆាកនិងលែងចេញបទចម្រៀងអស់ជាច្រើនខែហើយងាកទៅបើកហាងកាហ្វេពង្រីកសាខាជាបន្ដបន្ទាប់រហូតដល់បច្ចុប្បន្ននាងមានហាងដល់ទៅ៥ សាខាផ្សេងគ្នា។បេប៊ី ថានៅពេលដែលរូបនាងវិលមកប្រឡូកចម្រៀងពេញទំហ៊ឹងវិញនេះហាងកាហ្វេទាំងនោះមានបងប្រុសរបស់នាងជាអ្នកមើលខុសត្រូវជំនួសរូបនាង។នាងថាច្បាស់ណាស់ដោយសារតែបាត់មុខយូបន្ដិចហេតុនេះបើចេញមកវិញគ្មានបទផ្ទុះទេ គឺមិនអាចនឹងធ្វើឲ្យFan របស់នាងចាប់អារម្មណ៍ឡើយ បើទោះជាឈ្មោះនាងត្រូវបានគេចងចាំសឹងគ្រប់គ្នាទៅហើយក្ដី។
ទាក់ទងរឿងរូបសម្រស់វិញស្រីស្រស់ជុំ រចនាពេជ្រ ថានាងសម្រកបានដល់ទៅ៨ គីឡូ ពោលគឺកាលពីខែ៥ នាងឡើងគីឡូដល់ទៅ៥៦ គ.ក្រ តែរំលងបានជិត៤ខែពេលនេះសល់ត្រឹម៤៨ គ.ក្រ ដែលការស្រកនេះដោយសារតែនាងតមអាហារ,ផ្អាកញាំគ្រឿងស្រវឹង និងព្យាយាមហាត់ប្រាណនារយៈពេល៤ខែចុងក្រោយនេះ។
គូរបញ្ជាក់ថាការបាត់មុខជិត៣ឆ្នាំរបស់នាងបេប៊ី នេះធ្វើឲ្យគេសង្ស័យថានាងត្រូវគូស្នេហ៍ហួងហែងលែងឲ្យរាំច្រៀងលើឆាកតន្រ្ដីទៀតហើយ តែដំណឹងទាំងនោះត្រូវបានរូបនាងនិងលោកស្រីប៊ុន ណារី ជាម្ដាយបានបដិសេធ ហើយអ្នកដែលមិនជឿរថានាងអាចវិលវិញ ព្រោះគូស្នេហ៍បិទផ្លូវនោះពេលនេះអ្វីៗបានបញ្ជាក់ច្បាស់លាស់ថានាងរចនាពេជ្រ ពិតជាមិនបោះបង់អាជីពចម្រៀងមែន ហើយនៅថ្ងៃបុណ្យអុំទូកទី26-27-28 ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះនាងនឹងឡើងលើឆាកតន្រ្ដីទាំងឡាយយ៉ាងសកម្មដូចពេលមុនវិញហើយ។ទស្សនិកជនរងចាំមើលថាបេប៊ី ដែលចេញមកធ្វើបទចម្រៀងដោយខ្លួនឯង អាចលេចធ្លោជាងអំឡុងនាងច្រៀងនៅថោន ឬយ៉ាងណា ?ចំណែកFan មិនចង់ឃើញស្រីស្អាតរូបនេះបាត់ខ្លួនជាលើកទី២ ហើយល្បីគូស្នេហ៍តាមរំខានម្ដងទៀតឡើយ ខណៈដែលម្ដាយបេប៊ី ធ្លាប់និយាយថាកូនស្រីពិតជាមានបុរសទាំងក្នុងនិងក្រៅស្រុកតាមស្រលាញ់មែន ប៉ុន្ដែអ្នកស្រីបារម្ភថាខ្លាចតែរចនាពេជ្រ ជួបរឿង”អ្នកក្រមិនហ៊ាន អ្នកមានមិនចូល” ពេលនោះកូនស្រីនឹងអត់ប្ដី ៕