ភ្នំពេញ៖តារាចម្រៀងស៊ិចស៊ីរបស់ហង្សមាសសេន យូរី បានធ្វើការរំលឹកនិងដាក់តឿនខ្លួនដដែលៗថាត្រូវផ្ដល់ក្ដីសុខឲ្យខ្លួនឯង ធ្វើឲ្យខ្លួនឲ្យស្អាត ឲ្យពូកែ និងមានតម្លៃ មានការងារ មានលុយ ដោយមិនចាំបាច់ពឹងពាក់អ្នកណាឡើយ ទោះជាបានជួបមនុស្សដែលអាចពឹងពាក់បានក្ដី ព្រោះនាងថាគ្រប់យ៉ាងមិនថិតថេរឡើយ គឺអ្វីៗអាចប្រែប្រួលបានគ្រប់ពេលវេលាទាំងអស់ ដែលយើងមិនអាចដឹងមុន។តាមរយៈការរៀបគោលការណ៍បែបនេះច្បាស់ណាស់ថាសារនោះយូរី ចង់ឲ្យខ្លួននាងរឹងមាំ តែក៍បង្កប់ទៅដោយការខកចិត្ត ឬនាងធ្លាប់ជួបរឿងខ្លះដែលមិនសមប្រកបនិងមិនបានដឹងជាមុនថាមានរឿងបែបនោះឡើយទើបត្រូវតែកែប្រជាថ្មីបែបនេះ ព្រោះមានតែខ្លួនឯងទេដែលអាចជួយខ្លួនឯងបាន។ ឆន្ទៈរបស់យូរី បែបនេះគឺជាសារដ៍ល្អមួយដាស់តឿនឲ្យគ្រប់គ្នាកុំរំពឹងលើអ្នកណាខ្ពស់ពេក ដោយសារតែគ្មានអ្នកណាដឹងថាអនាគតនឹងមានរឿងអ្វីកើតឡើងនោះឡើយ។ប៉ុន្ដែគេកត់សម្គាល់ថាយូរី ហាក់បាក់ទឹកចិត្តក្រោយពីរឿងស្នេហានាងជាមួយលោកថៅកែជា នី ជួបរឿងមិនសមបំណងធ្វើឲ្យអ្នកទាំងពីរចែកផ្លូវគ្នា២ឆ្នាំទៅហើយ និងមិនអាចរាប់អានគ្នាបានទៀតផងពោលគឺព្យាយាមដើរគេចមុខគ្នារៀងៗខ្លួន។មិនត្រឹមតែប៉ុណ្ណោះយូរី ត្រូវបានថៅកែផាត់ចេញពីការជ្រើសរើសឲ្យច្រៀងសម្ដែងប្រចាំហាងរបស់លោកពេលមានព្រឹត្តិការណ៍ធំៗហើយលោកបែជាជ្រើសតារាផ្សេងទៅវិញ។
យូរី ត្រូវបានគេចាត់ទុកថានាងមានស្នេហាមិនសូវសមប្រកបនោះទេ ព្រោះបានប្រេះឆាស្នេហ៍មិនក្រោម៣លើកឡើយក្នុងនោះដូចជាចែកផ្លូវពីអតីតគូស្នេហ៍លោករ៉េត កាលពីឆ្នាំ២០១៨ និងផ្ដាច់ភាពស្អិតល្មូតជាមួយបុរសរូបសង្ហារលោកប៊ីម៉ូ និងចុងក្រោយមើលមុខគ្នាលែងចំជាមួយលោកថៅកែពោះម៉ាយជា នី ។ប៉ុន្ដែស្រីស្អាតដូចយូរី ច្បាស់ណាស់ថាបុរសមិនតិចនាក់ទេ ដែលចង់ធ្វើជាម្ចាស់ចិត្តនាងពោលគឺឲ្យតែនាងបើកបេះដូងច្បាស់ជានឹងរកបានសង្សារថ្មីភ្លែតតែម្ដង។តែយូរី អាចនឹងមិនឲ្យភ្លាត់ស្នៀតឬធ្វើឲ្យបេះដូងគ្រាំគ្រាម្ដងទៀតទេ ព្រោះសាររបស់នាងខាងលើនេះបញ្ជាក់ថានាងមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីឈឲ្យបានដោយខ្លួនឯង មិនរំពឹងលើអ្នកណាលើសពីខ្លួនឯងឡើយ។
យូរី មិនសូវលេចធ្លោខ្លាំងទេនៅហង្សមាសដែលប្រជុំទៅដោយតារាខ្លាំងៗជាច្រើនដួងនោះ តែទីផ្សារតារាចម្រៀងយុវវ័យនាងនៅតែត្រូវប៉ាន់តាមរយៈការពូកែលេងក្បាច់រាំគូរឲ្យក្នាក់ក្នាញ់ចេះតែងខ្លួននិងលេងម៉ូដសក់ផ្លាស់ប្ដូរសឹងគ្រប់ពេល។អតីតតារាសាន់ដេរូបនេះបានចូលទៅជំនួសនាងទេព បូព្រឹក្ស ហើយបទដែលគេស្គាល់នាងច្បាស់នៅហង្សមាសគឺ”រាំតោង” ដែលបច្ចុប្បន្នតម្លៃខ្លួននាងច្រៀងConcerts ធំក៍មិនចាញ់នាងរ៉េត ស៊ូហ្សាណា ឡើយ ពោលគឺ១កម្មវិធីស៊ីថ្លៃក្បែ២ពាន់ដុល្លារ។យូរី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់ថតសម្ដែងភាពយន្ដដូតារាផ្សេងៗទៀតរបស់ហង្សមាសដែរ ដើម្បីពង្រីកទីផ្សារសិល្បៈឲ្យកាន់តែទូលាយ តែរហូតមកដល់ពេលនេះគេនៅមិនទាន់ឃើញនាងបានភ្លក្សរសជាតិធ្វើតួឯករឿងណាឡើយ ខណៈដែលគម្រោងសម្ពោធសាលាកែសម្ផស្សនិងហាងសាឡន ក្បែផ្សារស្ទឹងមានជ័យថ្មីក៍ត្រូវស្ងាត់ទៅវិញ ក្រោយនាងនិងថៅកែមិនអាចបន្ដស្នេហាបានតទៅទៀត ដែលធ្វើឲ្យពេលនេះតារាហង្សមាសរូបនេះប្រៀបបានបាត់ដៃម្ខាងព្រោះលែងមានទីប្រឹក្សាពិសេសដែលធ្លាប់ផ្ដល់យោបល់ឲ្យនាងទាក់ទងរឿងធ្វើជំនួញនោះគឺលោកថៅកែនី។
ក្រៅពីយូរី តារាដែលប៉ៈរឿងស្នេហាមិនសូវសមប្រកបមានដូចជានាងកែវ និសា ,សុខ សោម៉ាវត្តី និងហ៊ិន ច័ន្ទនីរ័ត្ន ជាដើម តែយូរី មិនដែលសម្រក់ទឹកនេត្រាឲ្យគេឃើញជាសាធារណៈដោយសារតែរឿងស្នេហានោះទេ។ប្រភពខ្លះថាយូរី មិនមែននៅបេះដូងទំនេរឡើយ ក្រោយខកស្នេហ៍ព្រោះថៅកែនេះ តែការសាងស្នេហ៍ថ្មីជាចំហដូចមុនយូរី អាចនឹងលែងហ៊ានដោយសារតែខ្លាចជួបរឿងមិនដូចបំណងម្ដងទៀតនោះច្បាស់ជាពិបាកស្ដារទាំងមុខមាត់ផង និងបេះដូងមានដំបៅកាន់តែឈឺជាមិនខាន។ប៉ុន្ដែបើពន្យាពេលបង្ហាញមុខគូស្នេហ៍តទៅទៀតបែបនេះយូរី ពិបាកនឹងរកតៃកុងឡានថ្មីបើកជូននាងទៅច្រៀងតាមបណ្ដារាឆាកតន្រ្ដីទាំងឡាយ ដែលកិច្ចការងារនេះពីមុនលោកថៅកែ ជាអ្នករ៉ាប់រងទាំងអស់ ៕