Friday, October 18, 2024
Homeតារាខ្មែរអែន ឌី ឱបស្រីក្មេង ត្រៀមហោះទៅអាមេរិក

អែន ឌី ឱបស្រីក្មេង ត្រៀមហោះទៅអាមេរិក

តារាចម្រៀងសាច់សខ្ចី លោកអែនឌី នឹងហោះទៅអាមេរិក ជាលើកទី២ នៅដើមខែកុម្ភៈ ឆ្នាំ២០១៧នេះហើយប ន្ទាប់ពីឆ្នាំមុន បាននាំកញ្ញាសូ ដានីតា ទៅច្រៀងសម្ដែងនៅទីនោះ ដោយទទួលបានការគាំទ្រជាច្រើនពីបងប្អូនខ្មែរ នៅអាមេរិក ផងដែរ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោកអែនឌី និយាយដោយសប្បាយរីករាយថា លោកនឹងទៅចូលឆ្នាំខ្មែរ នៅអាមេរិក ហើយឆ្នាំនេះ ព្រោះតាមគម្រោង ត្រូវសម្ដែងលើទឹកដីអាមេរិក ដល់ទៅ៣ខែឯណោះ។ លោកអែនឌី ថ្លែងថា ”ខ្ញុំបានវីសាពីទូតអាមេរិក ហើយដែលខ្ញុំនឹងចេញដំណើរនៅអំឡុងដើមខែកុម្ភៈ ឆ្នាំ២០១៧នេះ ខ្ញុំទៅតែម្នាក់ឯង តែខាងSponsor គាត់បានប្រាប់ខ្ញុំថា គាត់នឹងហៅតារាស្រីម្នាក់ទៀត ទៅនៅពេលបន្ទាប់។ កាលពីឆ្នាំ២០១៣-២០១៤ ខ្ញុំបានទៅអាមេរិកជាមួយសូ ដានីតា ៤ខែដែរ ហើយកាលនោះមានបងប្អូនគាំទ្រច្រើនដែរ។ ដោយឡែក ឆ្នាំនេះ ខ្ញុំក៏បានត្រៀមបទចម្រៀងពីដើមៗច្រើនសម្រាប់ច្រៀងបំពេអារម្មណ៏បងប្អូននៅអាមេរិក ឲ្យពួកគាត់សប្បាយរីករាយទាំងអស់គ្នា”។

តាមរយៈការចាប់អាជីពចម្រៀង១៧ឆ្នាំនេះ លោកអែនឌី បានចេញទៅសម្ដែងនៅក្រៅប្រទេសជាច្រើនមកហើយ ដូចជា ប្រទេសកាណាដា អូស្រ្ដាលី បារាំង ជប៉ុន ជាដើម តែតារាចម្រៀងដែលចូលចិត្តថតរូបសិចស៊ីជាមួយស្រីស្អាតៗរូបនេះ បែរជាអះអាងថា លោកមិនចង់រស់នៅប្រទេសគេ ដូចរៀមច្បងមួយចំនួនឡើយ។

លោកអែនឌី ថ្លែងថា ”ខ្ញុំទៅស្រុកគេបានតែច្រៀងសម្ដែងទេ បើថាឲ្យទៅរស់នៅជាអចិន្ត្រៃយ៏នោះ កន្លងមក ខ្ញុំអត់ធ្លាប់គិតសោះ ព្រោះអីចិត្តនៅតែស្រលាញ់ស្រុកកំណើតយើងជាង។ តែខ្ញុំមានមិត្តភក្ដិច្រើនដែរ គេទៅនៅបរទេស ហើយពេលខ្លះ យើងទៅសម្ដែងអីចឹង គាត់ក៏មកលេងយើងអីចឹងទៅ”។

អែនឌី ជាអតីតតារាចម្រៀង K.H និងផលិតកម្មរស្មីហង្សមាស ហើយពេលនេះឆ្លៀតពេលទំនេរតារារូបនេះ ក៏ច្រៀងប្រចាំនៅហាង Jet Plus Coffee ផងដែរ ដោយច្រៀងពេញ១សប្ដាហ៏តែម្ដងចាប់ពីម៉ោង៧ដល់១០យប់។ តាមព័ត៌មានថា លោកអែនឌី នឹងត្រៀមផលិតបទល្បីៗរបស់លោកចាស់ៗឡើងវិញ ពេលដែលលោកត្រឡប់មកពីអាមេរិក នៅចុងខែមេសា នោះ ក្នុងនោះមានដូចជាបទ ”នឹកបង៥០%” ជាដើម ដើម្បីរំលឹកអនុស្សារីយ៏ចាស់ និងចង់ឲ្យយុវ័យស្គាល់បទទាំងនោះសាជាថ្មីឡើងវិញ។

អែនឌី បន្ដថា ”ជាការពិត ខ្ញុំស្រលាញ់បទចម្រៀងខ្ញុំពីមុន ហើយចង់ធ្វើបទទាំងនោះថ្មីឡើងវិញ គឺរក្សាប៉ារ៉ូលនៅដដែល តែកែបទភ្លេងថ្មី ដើម្បីឲ្យមានការចាប់អារម្មណ៏ពីបងប្អូនអ្នកគាំទ្រររបស់ខ្ញុំ។ និយាយទៅ បទទាំងនោះខ្ញុំធ្វើឡើងវិញបណ្ដើរៗ គឺក្រោយពេលខ្ញុំត្រឡប់មកពីអាមេរិកវិញនេះ”។

គេកត់សម្គាល់ថា មុនហោះទៅអាមេរិក នេះ លោកអែនឌី បាននាំស្រីស្អាតសាច់សខ្ចី នាងលីឡា ទៅថតរូបឱបថើបគ្នា កៀកកើយ បញ្ចេញគល់ភ្លៅ យ៉ាងព្រឺព្រួច នាំឲ្យប្រុសៗមិនតិចទេជ្រួលជ្រើមច្រណែនលោកអែនឌី។ ប៉ុន្តែរនេះមិនមែនជាលើកទី១ឡើយ សម្រាប់លោកអែនឌី ពោលគឺឲ្យតែតារាស្រីស្អាតល្បីៗ កម្រនឹងគេចផុតពីកណ្ដាប់ដៃបុរសសាច់សខ្ចីនេះណាស់ ហើយគេឃើញកន្លងមក មានតារាសម្ដែងមិនតិចរូបទេ ដែលឡើងកូដ ព្រោះតែលោកអែនឌី ផងដែរ។

អែនឌី បន្ថែមថា ”ខ្ញុំទើបបានថតលើកទី១ ជាមួយលីឡា ក្រោយពួកយើងបានថតបទ ”លក់ប៉ុន្មានទៅចរិតព្រានហ្នឹង?” ដែលជាបទរបស់តារាចម្រៀងសួន លីនដា នៅសាន់ដេ ហើយនឹងចេញឆាប់ៗនេះ។ ខ្ញុំមិនមានបំណងកេញចំណេញអីលើលីឡា ទេ គឺគ្រាន់តែថតរូបជាលក្ខណៈសិល្បៈប៉ុណ្ណោះ ហើយថ្វីត្បិតតែរូបភាពនោះមើលទៅដូចជាសិចស៊ីបន្តិចមែន តែពួកយើងគឺជាអ្នកសិល្បៈដូចគ្នា មិនមានអារម្មណ៏អីផ្ដេសផ្ដាសទេ”៕

RELATED ARTICLES